នាឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនៃជំនួប ឯកឧត្តមនាយករដ្ឋមន្រ្តី លី ឈាង (Li Qiang) បានសម្ដែងនូវការកោតសរសើរចំពោះការដឹកនាំរបស់សម្ដេចបវរធិបតី ដែលរក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ និងធានាបាននូវកំណើនសេដ្ឋកិច្ចរឹងមាំ។
លើសពីនេះទៀត ភាគីចិនក៏បានផ្ដល់ជំនួយឥតសំណងបន្ថែម ៣០០ លានយ័ន ដើម្បីឱ្យកម្ពុជាអាចសម្រេចបានតាមផែនការរបស់ខ្លួន។
ឯកឧត្តមនាយករដ្ឋមន្រ្តី លី ឈាង (Li Qiang) សង្កត់ធ្ងន់ថា៖” ភាគីចិននឹងធ្វើការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយកម្ពុជា ដើម្បីកសាងផែនការមេសម្រាប់ច្រករបៀងមច្ឆា និងអង្ករ, ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ជាមួយនឹងការប្តេជ្ញាចិត្តជំរុញការនាំចូលផលិតផលកសិកម្មកម្ពុជាបន្ថែមទៀត មកកាន់ទីផ្សារចិន”៕