រដ្ឋាភិបាល បានសម្រេចដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនសិស្សានុសិស្សក្នុងគ្រួសារមានប័ណ្ណសមធម៌ ដើម្បីសម្រួលដល់ក្រុមគ្រួសារក្រីក្រអាចមានលទ្ធភាពបញ្ជូនកូនមកសិក្សា។
កម្មវិធីឧបត្ថម្ភនេះ អាចនឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៤នេះ ឬក៏អាចដល់ដើមឆ្នាំ២០២៥ ដោយក្នុងនោះសម្រាប់ថ្នាក់បឋមសិក្សាពីថ្នាក់ទី១ដល់ទី៦ និងមធ្យមសិក្សាបឋមភូមិពីថ្នាក់ទី ៧ដល់ទី៩ ទទួលបាន២មុឺនរៀលក្នុងមួយខែ ខណៈថ្នាក់មធ្យមសិក្សាទុតិយភូមិពីថ្នាក់ទី ១០ដល់ទី១២ ទទួលបាន៣មុឺនរៀល ក្នុងមួយខែ។
ដើម្បីទទួលបានការឧបត្ថម្ភនេះ សិស្សានុសិស្សមកពីគ្រួសារមានប័ណ្ណសមធម៌(ប័ណ្ណក្រីក្រ) ត្រូវទៅចុះឈ្មោះជាមួយភ្នាក់ងារមូលនិធិជាតិជំនួយសង្គម (មជជ) របស់ក្រសួងសង្គមកិច្ច នៅតាមសាលាដែលខ្លួនកំពុងរៀន។
គោលដៅដែលរាជរដ្ឋាភិបាល ដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនសិស្សានុសិស្សក្នុងគ្រួសារក្រីក្រ គឺចង់ឱ្យសិស្សានុសិស្សមកពីគ្រួសារក្រីក្រមានលទ្ធភាពបន្តការសិក្សារហូតចប់មធ្យមសិក្សាចំណេះដឹងទូទៅ និងក៏ដើម្បីជួយសម្រួលបន្ទុកថ្លៃចំណាយដល់អណាព្យាបាលបានមួយកម្រិតផងដែរ៕










