ប្រទេសចិន ៖ រដ្ឋាភិបាលចិនប្រកាសថា នឹងចែកប្រាក់ឱ្យពលរដ្ឋក្រីក្រ ចាប់ពីចុងខែកញ្ញា រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ។ ការប្រកាសចែកប្រាក់ដោយផ្ទាល់ដើម្បីឱ្យពលរដ្ឋដោះស្រាយជីវភាពនេះ គឺក្រោយពីរដ្ឋាភិបាលចិនទើបតែប្រកាសអនុវត្តវិធានការផ្សេងៗដើម្បីជំរុញសេដ្ឋកិច្ចជាតិបានរយៈពេល១ថ្ងៃ ។
សារព័ត៌មាន CCTV របស់ចិនរាយការណ៍ថា ក្រសួងហិរញ្ញវត្ថុ និងក្រសួងកិច្ចការស៊ីវិលនឹងចែកប្រាក់ទៅពលរដ្ឋក្រីក្រមានជីវភាពខ្វះខាត ព្រមទាំងក្មេងកំព្រាផងដែរ ឱ្យបានមុនថ្ងៃបុណ្យជាតិ ។ ប៉ុន្តែក្រសួងពុំបានបញ្ជាក់ព័ត៌មានលម្អិតអំពីការចែកប្រាក់ទេ ។ 
អាជ្ញាធរមូលដ្ឋានត្រូវតែធានាថា នឹងចែកប្រាក់ដល់ដៃពលរដ្ឋក្រីក្រពិតប្រាកដ ឱ្យបានមុនថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ដែលជាថ្ងៃបុណ្យជាតិរបស់ចិន ។ ការចែកប្រាក់នេះដោយសារចង់ឱ្យពលរដ្ឋមើលឃើញថា គណបក្សកុម្មុយនិស្ស និងរដ្ឋាភិបាលចិនស្រឡាញ់ និងបារម្ភពីសុខទុក្ខពលរដ្ឋក្រីក្រជានិច្ច ។ ម្យ៉ាងទៀត ការប្រកាសចែកប្រាក់ គឺក្រោយពីមន្ត្រីជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុកាត់បន្ថយអត្រាការប្រាក់ និងវិធានការហិរញ្ញវត្ថុផ្សេងៗដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ ។
ចំណែកសារព័ត៌មាន Xinhua News Agency បានរាយការណ៍ដោយយោងតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាលថា ក្រៅពីចែកប្រាក់ឱ្យពលរដ្ឋក្រីក្រ រដ្ឋាភិបាលនឹងចែកប្រាក់ឱ្យនិស្សិតទើបបញ្ចប់ការសិក្សារយៈពេល២ឆ្នាំផងដែរ ករណីនិស្សិតពុំទាន់រកការងារធ្វើបានដើម្បីជំរុញវិស័យការងារ ។
នីអូ វាំង មន្ត្រីស្ថាប័ន Evercore ISI បាននិយាយមកកាន់សារព័ត៌មាន Bloomberg ថា ការចែកប្រាក់ឱ្យពលរដ្ឋបង្ហាញថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានផ្តល់ភាពសំខាន់លើក្រុមពលរដ្ឋគ្មានឱកាស មុនខួបលើកទី៧៥ឆ្នាំ នៃពិធីបុណ្យជាតិ ។ ក្រៅពីនេះ រដ្ឋាភិបាលចង់រក្សាស្ថិរភាពសង្គមមុនពេលឈប់សម្រាកយូរថ្ងៃ ។
តាមទិន្នន័យរដ្ឋាភិបាលកាលពីខែមេសា ឆ្នាំ២០២៤ បញ្ជាក់ថា នៅឆ្នាំ២០២៤ រដ្ឋាភិបាលចិនបានត្រៀមប្រាក់ចំនួន១៥៤.៧០០លានយាន់ សម្រាប់ចែកឱ្យពលរដ្ឋក្រីក្រ, ក្មេងកំព្រា និងអ្នកគ្មានផ្ទះសម្បែង ។ រីឯទិន្នន័យក្រសួងកិច្ចការស៊ីវិលឱ្យដឹងថា នៅខែមិថុនា ឆ្នាំ២០២៤ ពលរដ្ឋចិនក្រីក្របានកើនឡើងដល់៤លាន៧សែន៤ម៉ឺននាក់ ។.png)
គួរបញ្ជាក់ថា ពិធីបុណ្យជាតិ គឺជាថ្ងៃឈប់សម្រាកដ៏សំខាន់នៅចិន ហើយពលរដ្ឋចិនតែងតែធ្វើដំណើរកម្សាន្ត និងចាយវាយប្រាក់ច្រើន ប៉ុន្តែដោយសារវិស័យអចលនទ្រព្យ និងទីផ្សារការងារធ្លាក់ចុះបានប៉ះពាល់ដល់ការចំណាយរបស់ពលរដ្ឋ ទើបសេដ្ឋវិទូមួយចំនួនអំពាវនាវឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ និងផ្តល់ទំនុកចិត្តដល់ពលរដ្ឋ ។
ហួង អ៊ីផិង មន្ត្រីគណៈកម្មាធិការគោលនយោបាយហិរញ្ញវត្ថុរបស់ធនាគារប្រជាជនចិន បានអំពាវនាវឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាការចំណាយធ្លាក់ចុះរបស់ពលរដ្ឋ ហើយមន្ត្រីរូបនេះបញ្ជាក់ថា ការចែកប្រាក់ឱ្យពលរដ្ឋនឹងជួយជំរុញការចំណាយ ៕










