ប្រិយមិត្តទស្សនិកជនមួយចំនួនជ្រាបមកហើយថាជុំវិញភាពចម្រូងចម្រាសវិស័យកុនខ្មែរមានភាពរង្គោះរង្គើយ៉ាងខ្លាំងនៅលើបណ្តាញសង្គមបន្ទាប់ពីអ្នកបង្កើតមាតិកា Allan ចេញមកបង្ហោះសំណេរពីភាពខ្វះខាតរបស់សាច់រឿងប្រវត្តិស្នេហ៍នាងនាថវគ្គពីរ។ ហើយរឿងកាន់តែជ្រៅទៅៗបន្ទាប់ពីមានការឆ្លើយឆ្លងគ្នាពីទុនចំនួន៨ម៉ឺនដុល្លាររវាង Allan និងលោក អឿន សុខន ខណៈលោក លៀក លីដា ចាងហ្វាងផលិតកម្មLD បានចេញវីដេអូ៣០នាទីទៅកាន់ Allan ។ ភាពចម្រូងចម្រាសវិស័យកុនខ្មែរនេះបានជំរុញចិត្តលោក John Sey អ្នក Review ខាងផ្នែកបច្ចេកវិទ្យាដ៏ល្បីម្នាក់ប្រចាំប្រទេសកម្ពុជាចេញមកនិយាយថា៖
«អ្វីដែលខ្ញុំដឹងច្បាស់បំផុតក្នុងការផលិតវីដេអូជាង ១០ ឆ្នាំមកដល់ពេលនេះ គឺទាំង Review / Commercial និង Film ការគិតមិនស្រួលដូចការធ្វើនោះទេ បើជា Director ទៀតកាន់តែដេកអត់លក់! លុយត្រៀម ៨ អាចឡើងដល់ ១៥ ថ្ងៃគិតទុកថា ១ខែ អាចឡើង ២ ខែ ហើយគុណភាព VFX រំពឹងទុកថា high ខ្ពស់អាចចេញមកដូចដំឡូង (បើរើសអ្នកធ្វើខុស យើងស្ទើរចំណេះដឹងពីផ្នែកនេះ ឬអស់លុយមុនថតចប់) ។ បើប៉ះតួលក់ទៀតដឹងតែដេកស្អាតម៉ង និយាយរួមអ្នកណាក៏ចង់ផលិតរឿងឱ្យល្អ ហើយអ្នកមើលក៏ចង់មើលរឿងល្អដែរ»។
John Sey បន្តទៀតថា «យើងខ្មែរដូចគ្នាទទួលយកមតិរិះគន់ពីអ្នកមើលខ្លះ យើងអ្នកមើលយល់ពីផលលំបាករបស់ផលិតករឱ្យបានច្រើន រួចព្យាយាមនិយាយផ្តល់យោបល់លើកស្ទួយវិស័យភាពយន្តយើងបន្ថែម ទើបយើងទាំងអស់គ្នាទទួលបាន Film កាន់តែមានគុណភាពខ្ពស់បន្ត ត្រូវចាំថាការស្អប់មិនដែលមានប្រវត្តិល្អសម្រាប់ជាតិយើងឡើយ កុំភ្លេចថាអ្នកជិតខាងយើងកំពុងមើល»។
ការលើកឡើងរបស់ John Sey បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គមជាមួយនឹងការបញ្ចេញមតិថា ការលើកឡើងបស់ John Sey គឺមិនលម្អៀង ខ្លីខ្លឹម សមនឹងកេរ្តិ៍ឈ្មោះដែលសាងភាពល្បីល្បាញដោយសមត្ថភាពដោយខ្លួនឯងតាំងពី Review ផលិតផលរហូតមានសមត្ថភាពបើកហាងដោយខ្លួនឯងបាន៕