តារាសម្តែង ព្រះកាយច័ន្ទ បានលើកឡើងពីមតិយោបល់របស់ខ្លួនចំពោះមហោស្រពសិល្ប:បុរាណខ្មែររឿង«ព្រះបាទជ័យវរ្ម័នទី៧»ដែលរៀបនឹងសម្តែងឆាប់ៗនេះដូចជាមិនមានបុគ្គលល្បីៗជួយផ្សព្វផ្សាយមិនដឹងថាគាត់មិនបានដឹងឬគាត់មិនចង់អើពើនោះទេ។ 
នៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ព្រះកាយច័ន្ទ បានលើកឡើងនៅលើបណ្តាញសង្គមថា «សូមទោសដែលខ្ញុំបញ្ចេញមតិយោបល់ទៅប៉ះពាល់ដល់បងៗរូបណាមួយ តែនេះជាការពិត មហោស្រពសិល្ប:បុរាណខ្មែររឿង«ព្រះបាទជ័យវរ្ម័នទី៧»ដែលរៀបនឹងសម្តែងនៅថ្ងៃខាងមុខនេះ ដូចជាមិនមានបុគ្គលល្បីៗលើបណ្ដាញសង្គមណាជួយផ្សព្វផ្សាយសោះ មកពីកាផ្សព្វផ្សាយមិនបានដឹងដល់ពួកគាត់ ឬក៏គាត់មិនចង់អើពើ។ នេះជាកាសម្តែងល្ខោនរបាំព្រះរាជទ្រព្យដែលទាំងអស់គ្នាតែងតែនិយាយថាស្រលាញ់និងចង់ការពារឥឡូវនេះដល់ពេលវេលាហើយ តែមិនសូវឃើញមានអ្នកជួយផ្សព្វផ្សាយបន្តទាល់តែសោះ ឬក៏ស្រលាញ់ត្រឹមតែបបូរមាត់ទេ»។ 
របាំល្ខោនក្បាច់បុរាណខ្មែររឿង «ព្រះបាទជ័យវរ្ម័នទី៧» ជាផ្ទាំងទស្សនីយភាពឆ្លុះបញ្ចាំងនាសម័យអង្គរដ៏រុងរឿងរបស់យើងនាសតវត្សរ៍ទី១២ ១៣ ដូចបានជួបមនុស្សសម័យអង្គរមានអារម្មណ៍ថាពួកយើងធ្លាប់នៅជាមួយគ្នារួមសាងប្រទេសជាមួយព្រះបាទជ័យវរ្ម័នទី៧ និងទាញចិត្តបេះដូងឱ្យឃើញច្បាស់នូវយុគ្គសម័យមាសដ៏អស្ចារ្យពិតៗដកស្រង់ត្រង់ឈុត ស្នាព្រះហស្ថ និងសមិទ្ធផលនៃមហាវីរក្សត្រទាំង៣អង្គ។ 
ការសម្តែងឈុតមួយនៃប្រវត្តិសាស្រ្តដ៏អស្ចារ្យក្នុងល្ខោនបុរាណនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលមហោស្រពកោះពេជ្រ។ ប្រភេទសំបុត្រក្នុងការទស្សនានេះគឺមានតម្លៃចាប់ពី១ម៉ឺនរៀលដល់១០ម៉ឺនរៀលនិងមានការសម្តែងពីរពេល នៅវេលាម៉ោង ១៥:០០រសៀល និងវេលាម៉ោង ១៨:០០ល្ងាច។
គួរឱ្យដឹងថា ព្រះកាយច័ន្ទ ក៏នឹងមានវត្តមានក្នុងការសម្តែងល្ខោនក្បាច់របាំបុរាណខ្មែរខាងលើនេះផងដែរជាតួអង្គ «ព្រះនាងជ័យរាជទេវី» ជាពិសេសលោកជំទាវ ហ៊ឹម ស៊ីវន និងលោក យ៉ាន់ បូរិន្ទ ក៏នឹងមានវត្តមានចូលរួមច្រៀងកំដរនៅក្នុងរបាំល្ខោនក្បាច់បុរាណខ្មែរនេះផងដែរ៕










