នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ តុលាការកំពូល បានចេញសេចក្តីសម្រេចចំពោះទំនាស់ដីធ្លីរវាងចៅអធិការវត្តចង្ក្រានតាព្រហ្ម ឬវត្តស្ទឹងមានជ័យ និងបុគ្គលឈ្មោះអៀង សៀ។
នៅក្នុងសេចក្តីថ្លែងការណ៍ តុលាការបានសម្តែងការសោកស្តាយដែលពុំអាចដោះស្រាយបានតាមការទាមទាររបស់ព្រះចៅអធិការវត្ត ដោយសារតែភស្តុតាង អង្គហេតុ និងអង្គច្បាប់បានកំណត់ច្បាស់លាស់រួចទៅហើយ។
តាមតុលាការកំពូល ឈ្មោះ ហុក អៀងដែលជាឪពុកឈ្មោះ អៀង សៀបានចូលទៅរស់នៅលើដីទំនាស់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន តាមការប្រគល់ឱ្យរបស់អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ។
ដីទំនាស់នេះ មានទំហំ២៨ម៉ែត្រ គុណនឹង៤៥ម៉ែត្រ ត្រូវបានត្រូវបានព្រចៅអធិការវត្ត អះអាងថាជាដីរបស់វត្តតាំងពីសម័យលន់ណុល។
បើតាមសេចក្តីថ្លែងការណ៍របស់តុលាការកំពូល វត្តនេះទើបតែធ្វើការជួសជុល និងធ្វើរបងនៅឆ្នាំ១៩៩០ មានន័យថា ក្រោយការចូលរស់នៅរបស់ឈ្មោះ ហុក អៀង។
ដោយឡែក ចៅអធិការវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ក៏ពុំមានភស្តុតាងណាបញ្ជាក់ថា ដីដែលឈ្មោះ ហុក អៀង រស់នៅជាដីរបស់វត្តទេ ទោះមុន ឬក្រោយឆ្នាំ១៩៧៩ ក៏ពុំមានភស្តុតាងដែរ។.png)
ពាក់ព័ន្ធនឹងចំណុចវិវាទនៃរឿងក្តីនេះ តុលាការកំពូលសម្រេចបញ្ចប់តាំងពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២មកម្ល៉េះ ក៏ប៉ុន្តែទើបតែត្រូវភាគីដើមចោទចៅអធិការវត្ត លើកយករឿងនេះមកផ្សព្វផ្សាយតាមបណ្តាញសង្គមនាពេលថ្មីៗនេះនេះ៕










