អ្នកដំណើរតាមយន្តហោះទាំងអស់ចាំបាច់ត្រូវប្រើប្រាស់វ៉ាលិសធ្វើដំណើរសម្រាប់ដាក់អីវ៉ាន់ មិនថាការហោះហើរក្នុងប្រទេស ឬក្រៅប្រទេស ហើយពួកគេពុំបានចាប់អារម្មណ៍លើពណ៌វ៉ាលិសទេ ។ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ Ryanair បានណែនាំឱ្យអ្នកដំណើរចៀសវាងប្រើប្រាស់វ៉ាលិសមានពណ៌ទាំងនេះ ដើម្បីកុំឱ្យមានការយល់ច្រឡំ ឬបាត់បង់ ។
ក្រុមហ៊ុនអាកាសចរណ៍ Ryanair របស់ប្រទេសអៀរឡង់ បញ្ជាក់ថា អ្នកដំណើររហូតដល់ជាង៩៩.៩% បានជ្រើសរើសវ៉ាលិសធ្វើដំណើរ ចំនួន៣ពណ៌ រួមមាន ៖ ពណ៌ខ្មៅ, ពណ៌ប្រផេះ និងពណ៌ទឹកសមុទ្រ ។ ពណ៌វ៉ាលិសទាំង៣នេះ ពេញនិយមបំផុតនៅលើពិភពលោក ទើបអ្នកដំណើរត្រូវចំណាយពេលយូរក្នុងការស្វែងរកវ៉ាលិសរបស់ខ្លួន ហើយពេលខ្លះ ក៏មានករណីច្រឡំវ៉ាលិសទៀតផង ។

ហេតុនេះ អ្នកដំណើរគួរតែចៀសវាងប្រើប្រាស់វ៉ាលិសពណ៌ខ្មៅ, ពណ៌ប្រផេះ និងពណ៌ទឹកសមុទ្រ ប៉ុន្តែបើចាំបាច់ត្រូវប្រើប្រាស់វ៉ាលិសមានពណ៌ទាំង៣ នេះ គួរតែធ្វើសញ្ញាចំណាំអ្វីមួយ ដើម្បីងាយស្រួលស្វែងរក និងគ្មានការយល់ច្រឡំយកខុសវ៉ាលិសពេលយន្តហោះចុះចត ។
ក្រុមហ៊ុនអាកាសចរណ៍ Ryanair ក៏បានណែនាំឱ្យអ្នកដំណើរថតចម្លងឯកសារផ្សេងៗដាក់ជាប់ខ្លួនផងដែរ ដូចជា ៖ លិខិតឆ្លងដែន, ប័ណ្ណបើកបរ និងអត្តសញ្ញាណប័ណ្ណ ។ ក្រៅពីនេះ អ្នកដំណើរគួរតែថតរូបរបស់ខ្លួនរក្សាទុកក្នុងទូរស័ព្ទដៃសម្រាប់មានហេតុការណ៍គ្រោះថ្នាក់កើតឡើង ។
ចំណែកលោក Stefan Schulte នាយកគ្រប់គ្រងអាកាសយានដ្ឋាន Frankfurt នៅប្រទេសអាល្លឺម៉ង់ ក៏បានដាស់តឿនអ្នកដំណើរឱ្យចៀសវាងប្រើប្រាស់វ៉ាលិសពណ៌ខ្មៅដូចគ្នាដែរ ដោយសារអាកាសយានដ្ឋានមានបញ្ហាបញ្ជូនវ៉ាលិសយឺតយ៉ាវ ។ 
លោក Stefan បញ្ជាក់ថា ៖ «អ្នកដំណើរភាគច្រើននិយមប្រើប្រាស់វ៉ាលិសពណ៌ខ្មៅមានកង់អូស ទើបធ្វើឱ្យភ្នាក់ងារអាកាសយានដ្ឋានចំណាយពេលយូរក្នុងការបែងចែកប្រភេទវ៉ាលិស» ៕










