ប្រទេសឥណ្ឌា ៖ បើនិយាយពីអាហារឥណ្ឌាដែលភ្ញៀវទេសចរបរទេសចាប់អារម្មណ៍ និងចង់ធ្វើដំណើរទៅបរិភោគនៅឥណ្ឌានោះ គឺ «Pani Puri» គឺជាអាហារសម្បូរលក់នៅតាមផ្លូវ ។ អាហារនេះល្បីល្បាញក្នុងបណ្តាញសង្គមយ៉ាងខ្លាំង រហូតដល់ជនបរទេសចង់ដឹងថា តើវាជាអ្វី បរិភោគរបៀបណា និងបរិភោគជាមួយអ្វី ទើបឆ្ងាញ់?
សារព័ត៌មាន KBN នឹងបង្ហាញលោកអ្នកឱ្យស្គាល់ពីអាហារ Pani Puri ដ៏ពេញនិយមមួយនេះ ពីព្រោះមិនត្រឹមតែជនជាតិឥណ្ឌាប៉ុណ្ណោះទេដែលចូលចិត្ត ជនបរទេសក៏ចូលចិត្តដែរ ។ ពលរដ្ឋឥណ្ឌារស់នៅភាគខាងត្បូងហៅថា «Pani Puri» រីឯអ្នកនៅភាគខាងជើងហៅថា «Golgappe» ។
អត្ថន័យរបស់ឈ្មោះអាហារនេះបែងចែកជា២ប្រភេទ គឺ ៖
១-Pani ៖ សំដៅលើទឹកជ្រលក់សម្រាប់ដាក់ក្នុង Puri ដែលមានរាងមូលផលិតពីម្សៅសាឡី ។ ទឹកជ្រលក់នេះមានរសជាតិជូរ ហឹរតិចៗ ប្រៃ និងខ្លាញ់ ។
២-Puri ៖ មានរាងមូលដូចនំគ្រក់ ប៉ុន្តែប្រហោងក្នុង ដែលផលិតពីម្សៅស្រូវសាលីស្រួយជាវត្ថុធាតុផ្សំសំខាន់ ។ ឥណ្ឌានិយមបរិភោគវាជាមួយដំបូងបារាំងស្ងោរ, ខ្ទឹមបារាំង និងសណ្តែកសៀង ។
ហេតុអ្វី Pani Puri ក្លាយជាអាហារពេញនិយមបំផុតនៅប្រទេសឥណ្ឌា?
អ្វីដែលធ្វើឱ្យអាហារនេះពេញនិយមបំផុត និងល្បីល្បាញរហូតដល់ក្រៅប្រទេស ដោយសារក្នុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ឥណ្ឌាបានបិទប្រទេស ហើយភោជនីយដ្ឋានធំៗបិទទ្វារអស់ ទើបពលរដ្ឋឥណ្ឌាពិបាករកទិញអាហារផ្សេងៗ ។ ប៉ុន្តែពួកគេងាយស្រួលរកទិញ Pani Puri មកបរិភោគ ដោយសារសម្បូរលក់នៅតាមផ្លូវ ។
ចំណុចពិសេសរបស់អាហារនេះ គឺពេលមានអ្នកទិញ ទើបអ្នកលក់យក Puri មានរាងមូលប្រហោងក្នុង ទៅជ្រលក់ក្នុងទឹកជ្រលក់ហុចឱ្យអ្នកទិញ ហើយពេលអ្នកទិញបរិភោគអស់ ទើបអ្នកលក់យក Puri មួយទៀតជ្រលក់ក្នុងទឹកជ្រលក់ ។ ហេតុនេះ អ្នកលក់ពុំអាចយក Puri ទាំងអស់មកជ្រលក់ក្នុងទឹកជ្រលក់តែម្តងទេ ដោយសារវាបាត់ស្រួយ និងលែងឆ្ងាញ់ ។
បច្ចុប្បន្ន Pani Puri កាន់តែពេញនិយមខ្លាំងឡើង ទើបធ្វើឱ្យភោជនីយដ្ឋានឥណ្ឌាក្នុងស្រុក និងក្រៅស្រុក បានផ្លាស់ប្តូរវិធីបរិភោគអាហារនេះឱ្យស្រួលជាងមុន ។ ពួកគេនឹងដាក់ស្លាបព្រាបទុកឱ្យអតិថិជនដួសទឹកជ្រលក់ដាក់ក្នុងនំដោយខ្លួនឯងយកមកបរិភោគម្តងមួយៗ ។
នេះជាវិធីបរិភោគ Pani Puri តាមជនជាតិឥណ្ឌា ៖
១-យក Puri ដែលមានរាងមូលមកចោះប្រហោងតូចល្មមនៅចំណុចកណ្តាល សម្រាប់ដាក់ទឹកជ្រលក់ និងគ្រឿងផ្សំ
២-យកគ្រឿងផ្សំផ្សេងៗ ព្រមទាំងដំឡូងបារាំងស្ងោរ, ខ្ទឹមបារាំង និងសណ្តែកសៀងដាក់ក្នុងប្រហោង Puri ។ រីឯការដាក់គ្រឿងតិច ឬច្រើន គឺអាស្រ័យលើចំណង់ចំណូលចិត្តរៀងៗខ្លួន
៣-បន្ទាប់ពីដាក់គ្រឿងផ្សំទាំងអស់ក្នុងប្រហោង Puri រួចហើយ ត្រូវយកវាជ្រលក់ក្នុងទឹកជ្រលក់ ឬអាចយកស្លាបព្រាដួសទឹកជ្រលក់ដាក់ចូល Puri ក៏បាន ប៉ុន្តែត្រូវដួសដាក់ឱ្យពេញប្រហោងខាងក្នុង ទើបបរិភោគឆ្ងាញ់
៤-ពេលដាក់ទឹកជ្រលក់រួចហើយ យើងអាចដាក់ចូលមាត់បាន ប៉ុន្តែពុំចាំបាច់កាច់ Puri ជា២ផ្នែកទេ គឺដាក់វាទាំងមូលចូលមាត់ ។.png)
ហេតុនេះ លោកអ្នកគួរតែសាកល្បងបរិភោគ Pani Puri ពេលបានទៅប្រទេសឥណ្ឌា បើទោះជាគិតថា អាហារឥណ្ឌាមានក្លិនគ្រឿងខ្លាំងក្តី ។ ប៉ុន្តែពេលបានបរិភោគអាហារនេះហើយ លោកអ្នកនឹងទទួលបាននូវរសជាតិថ្មីៗ ប្លែក ហើយធានាថា លោកអ្នកនឹងចូលចិត្តអាហារនេះមិនខាន ៕










