ពិភពលោកកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈទន្លេអាម៉ាហ្សូនដែលធ្លាប់តែជាកន្លែងសម្បូរទៅដោយទឹកធម្មជាតិ ព្រៃឈើយ៉ាងក្រាស់ ឥឡូវនេះស្រាប់តែជួបប្រទះនឹងគ្រោះរាំងស្ងួតខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារកម្រិតទឹកបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាននៅទូទាំងតំបន់ក្នុងប្រទេសប្រេស៊ីល។
យោងតាមសារព័ត៌មានបរទេស BBC បានឱ្យដឹងថា កម្រិតទឹកនៅក្នុងទន្លេជាច្រើនរបស់ Amazon បានឈានដល់កម្រិតទាបបំផុតក្នុងកំណត់ត្រា ចំពេលមានគ្រោះរាំងស្ងួតជាបន្តបន្ទាប់។ ទិន្នន័យផ្លូវការបានបង្ហាញថា ទឹកទន្លេ Madeira ដែលជាដៃទន្លេដ៏សំខាន់របស់ Amazon បានធ្លាក់ចុះ ៤៨ សង់ទីម៉ែត្រនៅក្នុងទីក្រុង Porto Velho កាលពីសប្តាហ៍មុន ហើយបន្តធ្លាក់ចុះរហូតដល់ ៣.៣២ ម៉ែត្រសម្រាប់ថ្ងៃនេះ។ 
រីឯទឹកទន្លេ Solimões ក៏បានធ្លាក់ដល់កម្រិតទាបបំផុតក្នុងកំណត់ត្រាផងដែរនៅ Tabatinga ជាប់ព្រំដែនប្រេស៊ីលជាមួយប្រទេសកូឡុំប៊ី។ ទីភ្នាក់ងារឃ្លាំមើលគ្រោះមហន្តរាយធម្មជាតិរបស់ប្រេស៊ីល Cemaden បានពណ៌នាអំពីគ្រោះរាំងស្ងួតបច្ចុប្បន្នថា “ធ្ងន់ធ្ងរបំផុត និងរីករាលដាលខ្លាំងបំផុត” ដែលបញ្ហានេះបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវជាច្រើនបាននិយាយថា “វាជិតដល់ថ្ងៃអវសានរបស់ពិភពលោកហើយ”។

ខណៈបច្ចុប្បន្ននេះតំបន់ជាច្រើនជិតទន្លេអាម៉ាហ្សូនក៏ទទួលបានទឹកភ្លៀងតិចជាងមុនផងដែរ ចាប់តាំងពីខែមិថុនាមក ដោយសារការប្រែប្រួលអាកាសធាតុ។ លើសពីនេះសីតុណ្ហភាពកាន់តែក្តៅឡើងៗទោះបីស្ថិតក្នុងរដូវធ្លាក់ខ្យល់ក៏ដោយ ក៏តំបន់ជាច្រើននៅតែប្រឈមនឹងអាកាសធាតុក្តៅខ្លាំង ជាហេតុធ្វើឱ្យតំបន់ទាំងនោះបាត់បង់ទឹកកាន់តែច្រើន។ នៅឆ្នាំ ២០២៣ អាងអាម៉ាហ្សូនបានទទួលរងគ្រោះរាំងស្ងួតធ្ងន់ធ្ងរបំផុតក្នុងរយៈពេលយ៉ាងតិច ៤៥ ឆ្នាំ ដែលវិបត្តិបរិស្ថាននេះឆ្ពោះទៅបង្កផលប៉ះពាល់ភ្លាមៗ និងកាន់តែខ្លាំងពីការប្រែប្រួលអាកាសធាតុ។
ស្របពេលដែលអាងទន្លេអាម៉ាហ្សូនជួបប្រទះនឹងគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរបែបនេះក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នាមក ការព្រួយបារម្ភក៏កំពុងកើនឡើងអំពីផលប៉ះពាល់រយៈពេលវែងសម្រាប់ប្រព័ន្ធអេកូឡូស៊ី ជីវចម្រុះក្នុងតំបន់ និងសហគមន៍ដែលពឹងផ្អែកលើផ្លូវទឹកសំខាន់ៗទាំងនេះផងដែរ។ ទន្លេអាម៉ាហ្សូនគឺជាទន្លេដែលមានលំហូរ និងតំបន់បង្ហូរទឹកធំជាងគេបំផុតនៅលើពិភពលោក ដែលចិញ្ចឹមជីវិតមនុស្សសត្វរុក្ខជាតិរាប់រយប្រភេទ ប្រសិនបើទន្លេជួបប្រទះនឹងគ្រោះរាំងស្ងួតជាបន្តបន្ទាប់រយៈពេលយូរ វាបញ្ជាក់ថា ពិភពលោកនឹងជិតដល់ថ្ងៃអវសានហើយ៕










