នៅអាស៊ីគឺសម្បូរទៅដោយរមណីយដ្ឋានទេសចរល្បីៗជាច្រើន ក៏ដូចជាកន្លែងដែលមានទេសភាពស្រស់ស្អាត ធម្មជាតិស្រស់បំព្រង ប្លែក និងអស្ចារ្យក្នុងការរុករក មិនចាញ់ទ្វីបអឺរ៉ុបនោះទេ។ នេះបើយោងតាម Agoda.com ដែលជាភ្នាក់ងារទេសចរណ៍អនឡាញដ៏ធំមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានណែនាំគោលដៅធម្មជាតិកំពូលទាំង ៩ ដែលពេញនិយមបំផុតនៅអាស៊ី សម្រាប់អ្នកដំណើរក្នុងការភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិ តាមរយៈព្រៃឈើបុរាណ ជ្រលងជ្រៅ និងបឹងដ៏ស្ងប់ស្ងាត់។ ដូច្នេះក្នុងរដូវភ្ជុំបិណ្ឌដែលជារដូវឈប់សម្រាកបានច្រើនថ្ងៃ បងប្អូនដែលមានបំណងដើរលេងក្រៅប្រទេស កុំរំលងកន្លែងទេសចរណ៍ធម្មជាតិទាំងនេះឱ្យសោះ។
១.ឧទ្យានជាតិ Khao Yai ប្រទេសថៃ៖ Khao Yai គឺជាកន្លែងសម្រាកលំហែធម្មជាតិដ៏ស្ងប់ស្ងាត់មួយនៅជិតទីក្រុងបាងកក និងជាឧទ្យានជាតិដំបូងគេរបស់ប្រទេសថៃដែលត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ។ កន្លែងនេះលេចធ្លោដោយសារព្រៃឈើត្រូពិចដ៏ធំ និងទឹកធ្លាក់ល្បីៗដូចជា Haew Narok និង Haew Suwat។ លើសពីនេះឧទ្យានជាតិក៏ជាជម្រកនៃចំនួនសត្វព្រៃដ៏សម្បូរបែប រួមទាំងដំរីព្រៃ និងខ្លាឃ្មុំអាស៊ីផងដែរ។
២.ទីក្រុង Ooty ប្រទេសឥណ្ឌា៖ Ooty គឺជាគោលដៅដែលគេស្គាល់ថាជា “Queen of the Hills” គឺជាជម្រើសសម្រាប់អ្នកស្រលាញ់ធម្មជាតិនៅពេលមកប្រទេសឥណ្ឌា។ ទីក្រុងនេះស្ថិតនៅក្នុងចំណោមភ្នំខៀវស្រងាត់នៃជួរ Nilgiris ដែលនៅទីនេះភ្ញៀវទេសចរអាចចូលរួមជាមួយធម្មជាតិ តាមរយៈបទពិសោធន៍ជាច្រើន ដូចជាការអង្គុយលើទូកមើលបឹង Ooty ទស្សនាសួនរុក្ខសាស្ត្រ ឬទៅ “Dolphin Nose” ដើម្បីមើលទេសភាពទីក្រុងពីខាងលើ។
៣. កោះ Lombok ប្រទេសឥណ្ឌូនេស៊ី៖ Lombok គឺជាកោះមួយនៅភាគខាងលិច Nusa Tenggara ក្នុងប្រទេសឥណ្ឌូនេស៊ី។ កោះនេះមានភាពល្បីល្បាញសម្រាប់ការដើរកម្សាន្តបែបផ្សងព្រេងទៅកាន់កំពូលភ្នំភ្លើង និងវាលស្រែពណ៌បៃតងរាប់មិនអស់។ ជាងនេះទៅទៀត ភ្ញៀវទេសចរដែលមកលេងកោះនេះក៏អាចរីករាយនឹងសម្រស់ឆ្នេរខ្សាច់សក្បោះផងដែរ។
៤.ទីក្រុង Hakone ប្រទេសជប៉ុន៖ Hakone ដែលជាទីក្រុងរមណីយដ្ឋានដ៏ល្បីល្បាញក្នុងប្រទេសជប៉ុន ក៏ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ដ៏ល្អបំផុតសម្រាប់អ្នកស្រឡាញ់ធម្មជាតិផងដែរ។ កន្លែងនេះមានរមណីយដ្ឋានទឹកក្ដៅចំនួនប្រាំពីរ សណ្ឋាគារ Fujiya និងទីតាំងដ៏ងាយស្រួលរបស់វាក្នុងការឡើងទៅដល់ភ្នំ Fuji រួមទាំងម្ហូបចម្រុះជាច្រើនប្រភេទទៀត។
៥.ទីក្រុង Miri ប្រទេសម៉ាឡេស៊ី៖ ទីក្រុង Miri គឺជាច្រកចូលទៅកាន់ឧទ្យានជាតិ Gunung Mulu ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលមានព្រៃឈើត្រូពិច សត្វព្រៃដ៏សម្បូរបែប និងល្អាងដ៏អស្ចារ្យជាច្រើន។ នៅទីនេះ ភ្ញៀវទេសចរអាចរុករកភ្នំថ្មកំបោរ និងយកឈ្នះលើភ្នំ Api ដើម្បីគយគន់ទេសភាពដ៏អស្ចារ្យពីខាងលើ។ លើសពីនេះ ល្អាង Deer Cave ក៏ជាទិសដៅដ៏គួរឱ្យចាប់អារម្មណ៍មួយដែលអ្នកទស្សនាអាចសង្កេតមើលការធ្វើចំណាកស្រុករបស់សត្វប្រចៀវ។
៦.កោះ Siquijor ប្រទេសហ្វីលីពីន៖ កោះ Siquijor ត្រូវបានគេស្គាល់ថាជា “កោះអាថ៌កំបាំងនៃ Central Visayas” ដែលទាក់ទាញអ្នកទេសចរជាមួយនឹងទេសភាពភ្នំដ៏អស្ចារ្យ និងទឹកជ្រោះដ៏ស្រស់ស្អាត។ មកទីនេះ ភ្ញៀវទេសចរអាចចំណាយពេលរុករក “ដំបូលកោះ” នៃភ្នំ Bandilaan ដែលមានរុក្ខជាតិដើមចម្រុះ និងមេអំបៅជាង ១០០ ប្រភេទ។
៧.តំបន់ Jeongseon ប្រទេសកូរ៉េខាងត្បូង៖ តំបន់ដ៏ល្បីល្បាញសម្រាប់ទេសភាពភ្នំដ៏ស្ងប់ស្ងាត់ Jeongseon ក្នុងខេត្ត Gangwon ប្រទេសកូរ៉េខាងត្បូង គឺជាគោលដៅដ៏ល្អមួយក្នុងការរួមផ្សំជាមួយធម្មជាតិ។ អ្នកទស្សនាអាចជួបប្រទះនូវសកម្មភាពក្រៅតាមរដូវជាច្រើន ដូចជាការឡើងភ្នំ Hambaeksan ក្នុងរដូវរងារ ឬរុករកទេសភាពដ៏អស្ចារ្យនៃភ្នំ Gariwangsan ក្នុងរដូវស្លឹកឈើជ្រុះ។ កន្លែងនេះក៏មានសកម្មភាពជាច្រើនសម្រាប់ភ្ញៀវដែលចូលចិត្តភាពរំភើបដូចជា ziplining, ជួបប្រទះស្ពានកញ្ចក់ដើម្បីមើលទន្លេ Donggang និងភ្នំរមៀល។.png)
៨.តំបន់ Hualien ប្រទេសតៃវ៉ាន់៖ Hualien គឺមានភាពល្បីល្បាញដោយសារកំពូលភ្នំដ៏ខ្ពស់ មេឃពណ៌ខៀវស្រឡះ សមុទ្រដ៏ធំ និងជ្រលងភ្នំដ៏រ៉ូមែនទិក។ នេះជាកន្លែងទេសចរណ៍កំពូលមួយសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិក្នុងប្រទេសតៃវ៉ាន់។ តាមរយៈការថែរក្សាយ៉ាងពេញលេញនូវភាពស្រស់ស្អាតធម្មជាតិរបស់វា Hualien មានទេសភាពជាច្រើនសម្រាប់ភ្ញៀវទេសចរក្នុងការរុករក។
៩.ទីក្រុង Da Lat ប្រទេសវៀតណាម៖ ដាឡាត គឺជាគោលដៅធម្មជាតិកំពូលដែលមានអាកាសធាតុត្រជាក់ពេញមួយឆ្នាំ ព្រៃស្រល់ពណ៌បៃតង និងទឹកជ្រោះដ៏អស្ចារ្យជាច្រើន។ កន្លែងនេះក៏ជាគោលដៅដ៏ល្អសម្រាប់សកម្មភាពឡើងភ្នំបែបផ្សងព្រេង ជិះក្បូនទឹកស ដើម្បីរីករាយនឹងសម្រស់នៃសួនផ្កាដ៏ត្រចះត្រចង់។ លើសពីនេះ ទីក្រុង Da Lat ក៏បានក្លាយជាកន្លែងវិស្សមកាលដែលមិនអាចបំភ្លេចបានសម្រាប់អ្នកស្រលាញ់ធម្មជាតិជុំវិញពិភពលោកផងដែរ៕










