អាល្លឺម៉ង់៖ ប្រទេសអាល្លឺម៉ង់បានរៀបចំពិធីបុណ្យស្រាបៀរដ៏ធំបំផុតរបស់ខ្លួន រយៈពេល ១៦ ថ្ងៃចាប់ពីថ្ងៃទី២១ ខែកញ្ញារហូតដល់ថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Munich ដោយប្រើប្រាស់ស្រាបៀរចំនួន ៧ លានលីត្រ និងរំពឹងថាទាក់ទាញភ្ញៀវទេសចរចំនួន ៦ លាននាក់ជុំវិញពិភពលោក។
នេះជាលើកទី ១៨៩ ហើយដែលមហោស្រពស្រាបៀរដ៏ធំមួយនេះបានបើកដំណើរការ ត្រូវបានគេចាត់ទុកថា ជាពិធីបុណ្យប្រជាប្រិយដ៏ធំបំផុតក្នុងពិភពលោក។ អភិបាលក្រុង Bavarian លោក Dieter Reiter បាននិយាយថា ពិធីនេះនឹងមានតង់ធំៗចំនួន ១៧ ក៏ដូចជាតង់តូចៗចំនួន ២១ ក្នុងទីលាន Theresienwiese។
Dieter Reiter បានបន្តទៀតថា ក្រៅពីស្រាបៀរកម្មពិធីក៏មានតូបលក់អាហារចម្រុះជាច្រើន ក៏ដូចជាអាហារប្រពៃណីជាតិ ដែលមានរសជាតិឆ្ងាញ់ ដើម្បីបម្រើជាមួយស្រាបៀរដូចជាសាច់ក្រក សាច់មាន់ដុត និងជាពិសេស brezel ដែលមិនអាចខ្វះបាន។
Brezel គឺជានំប៉័ងរាងជារង្វង់ដែលពេញនិយមជាពិសេសនៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់ អូទ្រីស និងអាលសាស ដែលមានរសជាតិប្រៃ។ គេរំពឹងថាពិធីបុណ្យស្រាបៀរប្រចាំឆ្នាំ ២០២៤ នឹងមានមនុស្សប្រហែល ៦ លាននាក់ រួមទាំងជនជាតិអាល្លឺម៉ង់ និងភ្ញៀវទេសចរបរទេសចូលរួមពិធីបុណ្យដ៏សប្បាយរីករាយនេះរយៈពេល ១៦ ថ្ងៃ។
វាត្រូវបានគេប៉ាន់ស្មានថាមនុស្សម្នាក់ៗនឹងចំណាយពី ១៣.៦ ទៅ ១៥.៣ អឺរ៉ូសម្រាប់ស្រាបៀរមួយលីត្រ ដែលជាពែងប្រពៃណីនៃពិធីបុណ្យ។ ខណៈតម្លៃស្រាបៀរនៅឆ្នាំនេះគឺខ្ពស់ជាងឆ្នាំមុន ៤% ហើយការប្រើប្រាស់ស្រាបៀរត្រូវបានគេរំពឹងថានឹងឈានដល់ ៧ លានលីត្រ ច្រើនជាង ៦.៥ លាននៅឆ្នាំ ២០២៣។
គួរបញ្ជាក់ដែរថា Oktoberfest ឬពិធីបុណ្យស្រាបៀរត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅថ្ងៃទី ១៧ ខែតុលាឆ្នាំ ១៨១០ ដើម្បីរំលឹកដល់ការរៀបអភិសេករបស់ព្រះអង្គម្ចាស់ Ludwig នៃ Bavaria ជាមួយ Theresa of Saxony ក្នុងកន្លែងវាលស្មៅមួយនៅជាយក្រុង Munich៕










