ការបញ្ចេញមតិរបស់អ្នកបង្កើតមាតិកាមួយរូបគឺ Allan ចំពោះវិស័យកុនខ្មែរទៅលើរឿងរបស់ផលិតកម្ម LD បានផ្ទុះនូវការវែកញែកយ៉ាងខ្លាំងពេញបណ្តាញសង្គម។ ក្នុងនោះ Peypey Dy ក៏បានលូកមាត់ដកស្រង់នូវការលើកឡើងរបស់អ្នកផ្សេងយកមកបង្ហោះបន្តលើបណ្តាញសង្គមផ្ទាល់ខ្លួន។
នៅល្ងាចថ្ងៃទី២២ ខែកញ្ញា Allan បានបង្ហោះរូបពីរសន្លឹកអមដោយខ្លឹមសារថា «ខ្ញុំទើបតែមើលរឿងនាងនាថវគ្គ 2 រួច។ បើនិយាយពីសាច់រឿងលើកនេះគឺចាញ់រឿងវគ្គមួយទៅទៀត ។ អ្វីៗដែលតួអង្គទាំងអស់បានធ្វើគឺគ្មានប៉ះពាល់អីដល់សាច់រឿងទាំងមូលទេ…។ ហើយខ្ញុំនឹងបកស្រាយពីមូលហេតុ, ហេតុអ្វីក៏ខ្ញុំនិយាយបែបនេះនៅក្នុងវីដេអូខាងមុខ។ ខ្ញុំមិនទាន់ចេញវីដេអូឥឡូវនេះទេ, ពីព្រោះខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាទៅមើលរឿងនេះសិន។ ដើម្បីពេលមើលវីដេអូខ្ញុំទៅ, នឹងយល់ថាខ្ញុំចង់និយាយពីអ្វី។ វីដេអូខ្ញុំនឹងចេញនៅក្នុងសប្តាហ៍ក្រោយ»។ អ្នកបង្កើតមាតិការូបនេះនេះក៏បានបញ្ជាក់ចំនួន៤ចំណុចនឹងបង្ហាញនៅក្នុងវីដេអូខាងមុខ។
ការលើកឡើងរបស់ Allan ចំពោះវិស័យកុនខ្មែរជាលើកទី២នេះត្រូវរងនូវមតិចម្រូងចម្រាសយ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គមខុសប្លែកពីការលើកឡើងរបស់លោកក្នុងវគ្គទី១។ មិនត្រឹមតែ អ្នកលេងបណ្តាញសង្គមប៉ុណ្ណោះទេ ប៉ុន្តែគេក៏បានឃើញ Peypey Dy ដែលជាម្ចាស់ផលិតកម្មមួយរូបត្រៀមបញ្ចេញស្នាដៃកុនរបស់ខ្លួនក៏បានស្រង់សម្តីអ្នកដទៃយកមកចែករំលែកបន្តផងដែរ។
Peypey Dy បានចែករំលែកការបង្ហោះរបស់ Allan ដោយបានដាក់ខ្លឹមសារថា «Copy
សុំនិយាយការពិតមួយចុះ ពេល Bro ស៊ីឈ្នួល Promote ផលិតផលឱ្យគេ Bro ខំលើកមកអស់ហើយពីអីដែលរបស់នោះមានតែអត់មាននិយាយពីចំណុចខ្វះខាតឬអីដែលមិនល្អទេ គឺកប់ចោលអត់ស្រណោះ។ តែមើលកុនប្រូខំណាស់យកចំណុចខ្វះខាតឬស្ទើរមកវែកញែក តែភាពលេចធ្លោដែលគេធ្វើបានអត់និយាយ»។
ខ្លឹមសារដែរឆ្លុះបញ្ចាំងទៀតថា «ខ្ញុំមិនមែនអ្នកជំនាញខាងកុនទេ តែតាមធ្លាប់មើលបានខ្លះកន្លង រឿងរបស់ LD ចាត់ទុកថាអាចទួលយកបានហើយ ទាំងខ្មោច ទាំងកំប្លែង… អាចថាបើប្រៀបធៀបផលិតកម្មផ្សេងគឺប្រសើរនិងល្អជាងច្រើន។ តែយ៉ាងណាចំណុចខ្វះខាតឬស្ទើរនៅតែមានខ្ញុំមិនថាអត់ទេ តែក៏គ្រាន់ជាជាងលើកតែជ្រុងម្ខាងមកនិយាយដែរ ធ្វើបែបហ្នឹងមិនខុសអីពីការវាយប្រហារគេទេ.. »។
គួរបញ្ជាក់ថា ប្រវត្តិស្នេហ៍នាងនាថ មានចំនួន៣វគ្គដែលផលិតកម្ម LD ហ៊ានចាយលុយខ្ទង់លានដុល្លារមកផលិតដែលប្រមូលផ្តុំទៅដោយតារាសម្តែងល្បីៗទាំងក្នុងស្រុកនិងក្រៅស្រុក ខណៈមានតួឯកស្រី មាលា ជាកូនខ្មែរកាត់បារាំង និងមានតួឯកប្រុសតារាសម្តែងមីយ៉ាន់ម៉ា បៃ តាកន។ ក្នុងវគ្គទី១ ម្ចាស់ផលិតកម្ម LD បានបង្ហើបថា ខាតទុនបន្តិចបន្តួចដោយសង្ឃឹមថា វគ្គទី២ នេះទស្សនិកជនគាំទ្រឱ្យបានច្រើន៕