អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 ដែលកំពុងតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិលើទឹកដីវៀតណាមបានធ្វើឱ្យមហាជនសរសើរថានាងធ្វើបានយ៉ាងល្អក្នុងវគ្គប្រកួតឈុតតំណាងជាតិ។ លើសពីនេះក៏មានការប៉ាន់ស្មានថាឈុតតំណាងជាតិកម្ពុជាអាចនឹងឈ្នះ best national costume ។
បន្ទាប់ពីមានសកម្មភាពនានានៅក្នុងការប្រកួត Miss Cosmo នៅរាត្រីថ្ងៃទី១៩ កញ្ញា កម្មវិធីប្រកួតសម្រស់មួយនេះបានឈានចូលដល់វគ្គប្រកួតឈុតតំណាងជាតិហើយ។ មិនត្រឹមតែមានការបង្ហាញឈុតតំណាងជាតិរបស់ប្រទេសនីមួយៗដែលចូលរួមប្រកួតប៉ុណ្ណោះទេ ប៉ុន្តែការរៀបចំនៅប្រទេសវៀតណាមនេះក៏បានបង្ហាញពីការបង្ហាញសមត្ថភាពដើរម៉ូតរបស់ក្មេងៗផងដែរ។
អ៊ិន លក្ខិណា ដែលតំណាងឱ្យកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិនេះក៏បានធ្វើឱ្យទស្សនិកជនជាអ្នកគាំទ្រវិស័យបវរកញ្ញាមានការលើកសរសើរថានាងធ្វើបានយ៉ាងល្អ បណ្តាផេកបរទេសក៏ពេញចិត្តការបង្ហាញឈុតតំណាងជាតិនេះដូចគ្នា។ Miss Cosmo Cambodia 2024 បានបង្ហាញឈុតតំណាងជាតិ ( ដែនដីនៃមន្តអាគម) ប្រកបដោយទឹកមុខអង់អាច។ តាមការពិពណ៌នាបានឱ្យដឹងថា «ឈុតត្រូវបានរើសម្ចាស់ ស័ក្តិសមបំផុតសឹងមិនគួរឱ្យជឿ ចង់និយាយថា សាមញ្ញបំផុត តែមាន power ខ្លាំង ! ធានាថាឈុតនេះនឹងសន្ដំអារម្មណ៍ឱ្យគ្រប់គ្នាអោយចាប់អារម្មណ៍ ទោះវាសាមញ្ញក៏ដោយ។ ថាមពលនៃផ្លូវងងឹត , អាថ៌កំបាំង , មន្តសន្តំនៃកែវភ្នែក , ការជឿជាក់ ភាពជាម្ចាស់ ឥទ្ធិពលដែលស្ត្រីមាន បង្ហាញទាំងអស់នៅក្នុងឈុតតែមួយ ទៅសន្តំចិត្តឱ្យមនុស្សគ្រប់គ្នាងាកមកចាប់អារម្មណ៍មើលត្បូងនិល ដែលកែច្នៃរួចហើយ»។ គួរឱ្យដឹងថា ឈុតតំណាងជាតិ ដែនដីនៃមន្តអាគម ច្នៃឡើងដោយស្ករគ្រាប់។
បន្ទាប់ពី អ៊ិន លក្ខិណា បង្ហាញពីឈុតតំណាងជាតិនេះមានទាំងផ្សែងធូបមកជាមួយផងធ្វើឱ្យអន្តរជាតិមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ងាកមកទំព័រផេកក្នុងស្រុកវិញក៏បានបង្ហាញជំនឿថាឈុតតំណាងជាតិនេះអាចជា best national costume។
ផេក បុរាណាចារ្យ បានលើកឡើងថា «ឡើងព្រឺសម្បុរខ្ញាក best of the best Miss Cosmo កុំតែបានផ្សែងធូបម៉ាក់លក្ខិណាទេ កុំអីមេឃអត់រាំងភ្លៀងទេ។ performance 10/10 ត្រៀម best national costume»។ ក្នុងការប្រកួតកម្មវិធីនេះ អ៊ិន លក្ខិណា គឺជាបវរកញ្ញាកម្ពុជាដំបូងគេដែលបោះជំហានមកប្រកួតខណៈនាងមានការតាំងចិត្តខ្ពស់ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ហើយសំលៀកបំពាក់នាងត្រៀមដល់ទៅ១០០ឈុតឯណោះ។
គួរឱ្យដឹងថា បន្ទាប់ពីបង្ហាញឈុតតំណាងជាតិរួចការប្រកួតបឋម Miss Cosmo នឹងប្រពឹត្តទៅនៅថ្ងៃទី២ តុលា និងថ្ងៃផ្តាច់ព័្រត្រនៅថ្ងៃទី៥ តុលា ខាងមុខនេះ៕










