ប្រទេសជប៉ុន ៖ កាលពីឆ្នាំ២០១១ មានគ្រោះធម្មជាតិរញ្ជួយដីយ៉ាងខ្លាំង ព្រមទាំងរលកយក្សស៊ូណាមិនៅភាគឦសានប្រទេសជប៉ុន ហើយហេតុការណ៍នេះបានបំផ្លា.ញ ទ្រព្យសម្បត្តិយ៉ាងច្រើនមហាសាល និងបាត់បង់ជីវិតមនុស្សរហូតដល់ជាង១ម៉ឺន៥ពាន់នាក់ ។ រីឯអ្នកនៅរស់រានមានជីវិតមានភាពសោកសៅ ដោយសារការបាត់បង់សមាជិកគ្រួសារ ឬមនុស្សជាទីស្រឡាញ់ ។
ក្នុងទីក្រុងអូឈូឈិ មានទូរសម្រាប់ហៅទូរស័ព្ទចេញមួយកន្លែងនៅលើភ្នំ ដែលនៅទីនេះអាចមើលឃើញមហាសមុទ្រប៉ាស៊ីហ្វិក ហើយគេដាក់ឈ្មោះវាថា «ទូរសម្រាប់ហៅទូរស័ព្ទតាមខ្យល់» ។ នៅទីនេះ អនុញ្ញាតឱ្យមនុស្សគ្រប់គ្នាដែលនៅរស់រានមានជីវិតពីគ្រោះធម្មជាតិអាចទូរស័ព្ទទៅរកសាច់ញាតិ ឬមនុស្សជាទីស្រឡាញ់ដែលស្លាប់ទៅហើយ ។.png)
ពួកគេអាចនិយាយពីអារម្មណ៍នឹករលឹកសាច់ញាតិតាមទូរស័ព្ទ ប៉ុន្តែការពិត ទូរស័ព្ទមួយនេះគ្មានការតភ្ជាប់ជាមួយបណ្តាញទូរស័ព្ទណាទេ ។ ទូរសម្រាប់ហៅទូរស័ព្ទចេញនេះបានបង្កើតឡើងដោយលោក អ៊ីតារុ សាសាគិ ដែលលោកបានបាត់បង់បងប្អូនជីដូនមួយ កាលពីឆ្នាំ២០១០ ឬរយៈពេល១ឆ្នាំមុនរលកយក្សស៊ូណាមិបំផ្លាញទីក្រុងតូចនេះ ។
ពីដំបូង មានតែលោក សាសាគិ ម្នាក់ប៉ុណ្ណោះដែលប្រើប្រាស់ទូរស័ព្ទនៅលើភ្នំ ។ លោកព្យាយាមទំនាក់ទំនងទៅរកបងប្អូនជីដូនមួយ បើទោះលោកដឹងច្បាស់ថា ការនឹករលឹករបស់លោកពុំអាចរៀបរាប់ប្រាប់អ្នកណាម្នាក់តាមទូរស័ព្ទបានទេ ប៉ុន្តែលោកជឿថា ខ្យល់នឹងបញ្ជូនការនឹករលឹកនេះទៅដល់សាច់ញាតិ ។
បន្ទាប់ពីមានគ្រោះធម្មជាតិរញ្ជួយដីយ៉ាងខ្លាំង ព្រមទាំងរលកយក្សស៊ូណាមិនៅភាគឦសានប្រទេសជប៉ុននៅឆ្នាំ២០១១ និងសម្លាប់មនុស្សនៅទីក្រុងអូឈូឈិ ជាង៨០០នាក់ ទូរសម្រាប់ហៅទូរស័ព្ទចេញនេះ ក៏ក្លាយជាកន្លែងពេញនិយមសម្រាប់មនុស្សក្នុងទីក្រុង និងអ្នកដំណើរពីចម្ងាយ ។ រយៈពេល៦ឆ្នាំក្រោយកើតហេតុការណ៍ស៊ូណាមិ មានមនុស្សជាង១ម៉ឺននាក់ បានធ្វើដំណើរមកទីនេះ ។
មនុស្សជាច្រើនបាននិយាយពីអារម្មណ៍សោកស្តាយសាច់ញាតិរបស់ខ្លួនតាមទូរស័ព្ទ ខណៈអ្នកខ្លះចង់បានការឆ្លើយតប ឬសម្រេចក្តីប្រាថ្នា ។ អ្នកខ្លះទៀតនិយាយប្រាប់សាច់ញាតិដែលស្លាប់ថា ខ្លួនសុខសប្បាយធម្មតា ពុំចាំបាច់បារម្ភទេ ។
ស្ត្រីម្នាក់រស់នៅទីក្រុងអូឈូឈិ ដែលបានទូរស័ព្ទទៅរកកូនប្រុសរបស់ខ្លួនដែលស្លាប់ទៅ ប្រាប់ថា ៖ «ខ្ញុំពុំបានឮសំឡេងកូនប្រុសនិយាយទេ ហើយខ្ញុំនិយាយតែម្នាក់ឯង ។ ខ្ញុំជឿថា កូនប្រុសបានឮសំឡេងខ្ញុំ វាធ្វើឱ្យខ្ញុំអាចមានជីវិតរស់នៅបន្តទៀត» ។.png)
ក្រៅពីពលរដ្ឋនៅទីក្រុងអូឈូឈិ ស្លាប់អស់ជាង៨០០នាក់ នៅមានពលរដ្ឋជាង៤០០នាក់ទៀតបាត់ខ្លួនរហូតមកដល់បច្ចុប្បន្ន ដោយសារគ្រោះធម្មជាតិនៅជប៉ុន ។ ពលរដ្ឋជប៉ុនជឿថា សមាជិកគ្រួសារដែលបាត់ខ្លួននោះកំពុងស្នាក់នៅកន្លែងណាមួយ ទើបពួកគេធ្វើដំណើរមកនិយាយទូរស័ព្ទនៅលើភ្នំម្តងហើយម្តងទៀត ។
វាជារឿងចម្លែក ប៉ុន្តែបើតាមលទ្ធផលការស្រាវជ្រាវបង្ហាញថា វិធីសមស្របដើម្បីដោះស្រាយបញ្ហាសោកសៅផ្លូវចិត្ត ពុំមែនជាការព្យាយាមបំភ្លេចក្តីទុក្ខឱ្យបានឆាប់រហ័សទេ គឺវាជាការទទួលស្គាល់អារម្មណ៍ខ្លួនឯង ។
អ្នកដែលបាត់បង់មនុស្សជាទីស្រឡាញ់ ពួកគេគ្រាន់តែចង់ជជែកជាមួយអ្នកស្លាប់ម្តងទៀត ហើយទោះបីទូរស័ព្ទនេះពុំអាចទាក់ទងបានក្តី ប៉ុន្តែវាបានជួយព្យាបាលផ្លូវចិត្តមនុស្សសោកសៅបាន ។ លោក សាសាគិ ធ្លាប់និយាយថា ទោះបីវាលំបាកខ្លាំងប៉ុនណាក្តី ប៉ុន្តែក្តីសង្ឃឹមអាចធ្វើឱ្យយើងមានជីវិតរស់នៅបន្តទៀត ៕










