ប្រទេសឡាវ ៖ ឡាវ គឺជាប្រទេសទេសចរណ៍មួយស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានអ្វីៗជាច្រើនទាក់ទាញភ្ញៀវទេសចរ ។ រីឯភ្ញៀវទេសចរគួរតែឈ្វេងយល់, គោរពច្បាប់ និងទំនៀមទម្លាប់ប្រពៃណីរបស់ឡាវផងដែរពេលមកកម្សាន្តនៅទីនេះ ទើបដំណើរកម្សាន្តប្រកបដោយភាពរីករាយ ។
បច្ចុប្បន្ន ភ្ញៀវទេសចរបរទេសយ៉ាងច្រើននិយមមកកម្សាន្តនៅឡាវ ដោយសារប្រទេសនេះមានវប្បធម៌ ប្រពៃណី និងតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតជាច្រើនកន្លែង ។ ប៉ុន្តែមុនពេលទៅកម្សាន្តនៅឡាវ តើភ្ញៀវទេសចរគួរតែឈ្វេងយល់ពីចំណុចសំខាន់ៗអ្វីខ្លះ?
១-ប្រុងប្រយ័ត្នលិខិតឆ្លងដែន ៖ គួរតែទុកដាក់លិខិតឆ្លងដែនឱ្យបានល្អ ហើយមិនត្រូវទុកវាជាមួយលុយកាក់ និងទ្រព្យសម្បត្តិមានតម្លៃផ្សេងៗឡើយ ។ លិខិតឆ្លងដែនត្រូវតែយកជាប់ខ្លួនជានិច្ច ព្រមទាំងថតកូពីចម្លងលិខិតឆ្លងដែនទុកយ៉ាងហោចណាស់១ច្បាប់ ដើម្បីធ្វើភស្តុតាងពេលបាត់បង់ ។
២-ស្នាក់នៅក្នុងសណ្ឋាគារប៉ុណ្ណោះ ៖ បើមកប្រទេសឡាវក្នុងឋានៈជាភ្ញៀវទេសចរ យើងគួរតែស្នាក់នៅក្នុងសណ្ឋាគារប៉ុណ្ណោះ ។ បើមានជនជាតិឡាវស្គាល់គ្នាបបួលទៅស្នាក់នៅផ្ទះរបស់គេ យើងពុំគួរទៅទេ ពីព្រោះវាខុសច្បាប់ប្រទេសឡាវ ។
ប៉ុន្តែបើចង់ទៅស្នាក់នៅផ្ទះមិត្តភក្តិជនជាតិឡាវ គឺត្រូវសុំការអនុញ្ញាតឱ្យសមត្ថកិច្ចឡាវជាមុនសិន ។ ជាទូទៅ សមត្ថកិច្ចឡាវនឹងចេញលិខិតអនុញ្ញាតស្នាក់នៅដល់ជនបរទេសណាដែលចូលមកប្រទេសឡាវដើម្បីធ្វើការជាផ្លូវការប៉ុណ្ណោះ ។
៣-ការចតរថយន្តនៅទីសាធារណៈ ៖ ការចតរថយន្តនៅទីសាធារណៈ ឬតំបន់ទេសចរណ៍នានានៅឡាវ នឹងយើងនឹងចំណាយថ្លៃចតរថយន្តជានិច្ច ដោយនឹងមានអាជ្ញាធរឡាវមើលការខុសត្រូវយានជំនិះភ្ញៀវ ។ វាជាការការពារសុវត្ថិភាពយានជំនិះរបស់ភ្ញៀវទេសចរកុំឱ្យមានការបាត់បង់ ។
៤-ការទស្សនាកន្លែងស័ក្តិសិទ្ធិ ៖ ប្រទេសឡាវមានតំបន់ទេសចរណ៍ និងកន្លែងស័ក្តិសិទ្ធិជាច្រើន ហើយការទៅទស្សនានៅតំបន់ទាំងនេះត្រូវរង់ចាំការអនុញ្ញាតពីអាជ្ញាធរជាមុនសិន ទើបអាចចូលទៅបាន ។
៥-ការថតរូបមនុស្សម្នា ៖ មុនពេលថតរូបអ្នកណាម្នាក់ គួរតែសុំអនុញ្ញាតជាមុនសិន ទើបអាចថតរូបបាន ពីព្រោះពេលខ្លះ ជនជាតិឡាវពុំពេញចិត្តនឹងការថតរូបរបស់ភ្ញៀវទេសចរទេ ។.png)
៦-ការតុបតែងខ្លួន ៖ គួរតុបតែងខ្លួន ឬស្លៀកពាក់ឱ្យបានសមរម្យជានិច្ចពេលចូលទៅកន្លែងសំខាន់ៗ ដូចជា ៖ វត្តអារ៉ាម ឬកន្លែងស័ក្តិសិទ្ធិ ដោយសារឡាវជាប្រទេសគោរពព្រះពុទ្ធសាសនា ហើយពលរដ្ឋឡាវប្រកាន់យកការស្លៀកពាក់សុភាពរាបសារ ៕










