ប្រទេសថៃ ៖ ក្រសួងធនធានទឹក និងឧតុនិយមថៃបានចេញសេចក្តីប្រកាសថា ខ្យល់ព្យុះថ្មីមួយទៀតឈ្មោះ «Depression» នឹងបោកបក់មកលើភាគកណ្តាលប្រទេសវៀតណាម បន្ទាប់មក វានឹងសំដៅមកប្រទេសថៃ ។ ហេតុនេះ សូមពលរដ្ឋថៃត្រៀមខ្លួនឱ្យបានល្អ ដោយសារខ្យល់ព្យុះថ្មីនឹងធ្វើឱ្យថៃមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ។
កាលពីថ្ងៃទី១៧ ខែកញ្ញា គេហទំព័ររបស់នាយកដ្ឋានឧតុនិយមថៃបានប្រកាសថា ប្រទេសថៃនឹងរងឥទ្ធិពលដោយសារខ្យល់ព្យុះថ្មីឈ្មោះ Depression ដែលបក់មកពីសមុទ្រចិនខាងត្បូង ហើយខ្យល់ព្យុះនេះនឹងធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់ជាច្រើនរបស់ថៃ ។

ខ្យល់ព្យុះនេះកំពុងបក់ទៅទិសខាងលិចក្នុងល្បឿន៤០គីឡូម៉ែត្រក្នុង១ម៉ោង ហើយវានឹងមានកម្លាំងខ្លាំងក្លាយជាព្យុះត្រូពិក ហើយថៃសន្និដ្ឋានថា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកញ្ញា វានឹងបក់មកកាន់តំបន់ឆ្នេរសមុទ្រភាគកណ្តាលប្រទេសវៀតណាម បន្ទាប់មក កម្លាំងខ្យល់ព្យុះនឹងថមថយបន្តិច ។ វានឹងធ្វើឱ្យប្រទេសថៃមានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើង, ភាគឦសាន, ទីក្រុងបាងកក និងបរិវេណជុំវិញ, ភាគខាងកើត និងភាគខាងត្បូង ហើយថៃនឹងមានខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកញ្ញា ។.png)
ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ខ្យល់មូសុងមានកម្លាំងខ្លាំងបានបក់មកភាគខាងជើង, ភាគកណ្តាល និងភាគឦសាន ខណៈខ្យល់មូសុងនិរតីបក់ខ្លាំងនៅសមុទ្រអាន់ដាម៉ាន់ភាគខាងត្បូង និងឈូងសមុទ្រថៃ ។ ហេតុនេះ វាធ្វើឱ្យភាគខាងជើង, ភាគឦសាន, ភាគកណ្តាល ព្រមទាំងទីក្រុងបាងកក និងតំបន់ជុំវិញមានភ្លៀងធ្លាក់ខ្លាំង ក៏ដូចជាមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ខ្លះរបស់ភាគខាងកើត និងខាងត្បូង ។
ចំណែកទឹករលកនៅសមុទ្រអាន់ដាម៉ាន់ និងឈូងសមុទ្រថៃនឹងមានកម្លាំងកាន់តែខ្លាំង គឺទឹករលកមានកម្ពស់ចាប់ពី២ម៉ែត្រ ទៅ៤ម៉ែត្រ ខណៈបរិវេណដែលមានផ្គររន្ទះ ទឹករលកនឹងមានកម្ពស់ជាង៤ម៉ែត្រ ។ រីឯនៅឈូងសមុទ្រថៃផ្នែកខាងក្រោម ទឹករលកនឹងមានកម្ពស់២ម៉ែត្រ ខណៈបរិវេណមានផ្គររន្ទះ ទឹករលកនឹងមានកម្ពស់ជាង៣ម៉ែត្រ ។
ភ្នាក់ងារឧតុនិយមថៃបានសំណូមពរឱ្យអ្នកនេសាទនៅតំបន់ប្រឈមត្រូវនេសាទដោយការប្រុងប្រយ័ត្ន និងចៀសវាងចេញនេសាទនៅតំបន់មានផ្គររន្ទះ ។ រីឯបរិវេណសមុទ្រអាន់ដាម៉ាន់ និងឈូងសមុទ្រថៃ គួរផ្អាកការនេសាទនៅថ្ងៃដែលខាងឧតុនិយមប្រកាស ហើយពលរដ្ឋត្រូវតាមដានស្ថានការណ៍អាកាសធាតុតាមការប្រកាសរបស់ឧតុនិយម ឬតាមដានក្នុងគេហទំព័រ ៕










