សហរដ្ឋអាមេរិក ៖ លោក Elon Musk ជាម្ចាស់បណ្តាញសង្គម X, SpaceX និងក្រុមហ៊ុន Tesla បានលុបសាររបស់ខ្លួនចេញពីបណ្តាញសង្គម X ក្រោយពីលោកសួរថា ហេតុអ្វីគ្មានការប៉ុនប៉ងធ្វើឃា.ត ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ។ លោក Elon Musk ថែមទាំងដាក់រូប Emoji មានមុខឆ្ងល់ក្នុងសាររបស់ខ្លួនទៀតផង ។
មូលហេតុដែលលោក Elon Musk សម្រេចចិត្តលុបសារចេញពីបណ្តាញសង្គមនេះ ដោយសារមហាជនពុំពេញចិត្តនឹងសាររបស់លោក ដែលសរសេរពាក់ព័ន្ធដល់ការប្រមាថអាយុជីវិតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ខណៈនាពេលថ្មីៗនេះ មានការប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើកទី២ ។
ក្រោយពីបានលុបសារនេះចេញ លោក Elon Musk ក៏សរសេរសារមួយទៀតថា ៖ «ខ្ញុំដឹងថា អ្វីដែលខ្ញុំនិយាយក្នុងបណ្តាញសង្គមធ្វើឱ្យគេរិះគន់នោះ គឺមិនមែនមានន័យថា វានឹងកើតឡើងពិតប្រាកដទេ ។ រីឯរូប Emoji ដែលខ្ញុំដាក់នោះ ពុំមែនជាការកំប្លែងទេ បើអ្នកពុំបានអានការសរសេររបស់ខ្ញុំ» ។.png)
នាយកដ្ឋានសារព័ត៌មានប្រចាំសេតវិមានបានថ្កោលទោសការបង្ហោះសាររបស់លោក Elon Musk ថា គ្មានការទទួលខុសត្រូវយ៉ាងខ្លាំង ។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានថ្លែងកាលពីថ្ងៃទី១៦ ខែកញ្ញា ថា វាជាដំណឹងអាក្រក់ និងអំពើហិង្សាផ្នែកនយោបាយនៅអាមេរិក ។ យើងនឹងប្រឹងប្រែងទប់ស្កាត់ដើម្បីឱ្យប្រាកដចិត្តថា នឹងគ្មានអំពើហិង្សា ឬការលួចធ្វើឃាតកើតឡើងទៀតទេ ។
រីឯមន្ត្រីនាំពាក្យសេតវិមានអាមេរិកនិយាយថា ៖ «អំពើហិង្សា ឬការធ្វើឃាតនៅអាមេរិក មិនត្រឹមតែត្រូវបានថ្កោលទោសប៉ុណ្ណោះទេ ប៉ុន្តែពុំគួរអ្នកណាម្នាក់យកពាក្យនេះមកនិយាយលេងសើចឡើយ» ។.png)
លោក Elon Musk បានសរសេរសារក្នុងបណ្តាញសង្គម និងធ្វើឱ្យមហាជនរិះគន់ ក្រោយកើតហេតុការណ៍ប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើកទី២ កាលពីថ្ងៃទី១៥ ខែកញ្ញា កន្លងមក ។ លោក Elon Musk ទើបតែប្រកាសពីគោលជំហរច្បាស់លាស់របស់លោកកាលពីខែសីហាថា លោកគាំទ្រ លោក ដូណាល់ ត្រាំ មកពីគណបក្ស Republican ដើម្បីប្រកួតប្រជែងយកតំណែងប្រធានាធិបតីអាមេរិក ។
កាលពីដើមខែកញ្ញា ឆ្នាំ២០២៤ លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងតែងតាំងលោក Elon Musk ជានាយកគ្រប់គ្រងគណៈកម្មការប្រសិទ្ធភាពរបស់រដ្ឋាភិបាល បើលោក ដូណាល់ ត្រាំ ត្រូវបានជ្រើសរើសជាប្រធានាធិបតីអាមេរិកម្តងទៀត ។

បច្ចុប្បន្ន លោក Elon Musk ក៏បានប្រឈមជាមួយការប្រឆាំងក្នុងសង្គមផងដែរពីក្រុមមនុស្សមានមតិផ្ទុយគ្នាផ្នែកនយោបាយ ។ គេឃើញមានការបង្ហោះសារខ្លីៗមួយចំនួនប្រឆាំងជាមួយលោកក្នុងបណ្តាញសង្គម X កាលពីថ្ងៃទី១៦ ខែកញ្ញា កន្លងមក ៕










