ថ្មីៗនេះ អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានទទួលជួបពិភាក្សាការងារ ជាមួយតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងក្រុមហ៊ុនជប៉ុន ដែលអញ្ជើញមកធ្វើបទបង្ហាញពីម៉ាស៊ីនកម្ទេចសំរាមដ៏ទំនើប។
នៅក្នុងជំនួបនេះ ភាគីជប៉ុន ក្រុមហ៊ុន ស៊ូហ្គូ តាតេម៉ូណូ ស័រវីស អ៊ុីង (Sougo Tatemono Service Inc.) បានបង្ហាញពីចំណាប់អារម្មណ៍លើការវិនិយោគកែច្នៃ និងបំប្លែងសំរាមសំណល់ប្លាស្ទិកទៅជាប្រេង ដោយប្រើម៉ាស៊ីនដ៏ទំនើប ដែលមានសមត្ថភាពបំប្លែងសំរាមប្លាស្ទិកសុទ្ធក្នុង១តោន ទៅជាប្រេងបានពី៦០០លីត្រ ទៅ៧០០លីត្រ។.png)
ដោយឡែក សម្រាប់សំរាមចម្រុះវិញក្នុង១តោន អាចបំប្លែងចេញជាប្រេងបាន២០០លីត្រ ទៅ៣០០លីត្រ ខណៈម៉ាស៊ីនបំប្លែងសំរាមនេះ អាចដុតសំរាមបាន៣០តោនក្នុង១ថ្ងៃ ហើយម៉ាស៊ីននេះអាចប្រើប្រាស់បានក្នុងរយៈពេលពី២០ទៅ៣០ឆ្នាំ។.png)
ភាគីជប៉ុនបានបញ្ជាក់ថា ប្រេងដែលបានបំប្លែងពីសំណល់ប្លាស្ទិក អាចយកទៅប្រើក្នុងម៉ាស៊ីនកម្ទេចសំរាមនោះវិញ ហើយអាចបំប្លែងទៅជាប្រេងម៉ាស៊ូត ប្រេងសាំង ឬក៏ប្រេងផ្សេងបន្ថែមទៀត។
គួរបញ្ជាក់ថា ខេត្តបាត់ដំបង មានទីលានទុកដាក់សំរាមខ្នាតធំកម្រិតស្ដង់ដារមួយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ លាតសន្ធឹងលើផ្ទៃដីជាង២០ហិកតា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ កាលពីអំឡុងខែមីនា ឆ្នាំ២០២៣ ដែលមានសមត្ថភាពអាចផ្ទុកសំរាមបានជាង៣០ម៉ឺនម៉ែត្រគូប សម្រាប់រយៈពេល១០ឆ្នាំ។










