នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាន នារសៀលថ្ងៃទី ១៧ខែ កញ្ញា ឆ្នាំ ២០២៤ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា គ្រោងនឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់តាមរយៈ QR Code ថ្មីនេះ ដែលអនុវត្តនាពេលឆាប់ៗខាងមុខនេះ។

បើតាមប្រសាសន៍របស់ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា៖”បច្ចុប្បន្នធនាគារជាតិនៃកម្ពុជា កំពុងទុកពេលឱ្យបណ្តាគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងស្រុកទាំងអស់ បើកគណនីប្រាក់រៀលជូនអតិថិជនរបស់ខ្លួន ឱ្យបានគ្រប់គ្នា ដោយការបង្កើតគណនីជាប្រាក់រៀលខ្មែរ ជូនដល់អតិថិជនរបស់ខ្លួន គឺឥតគិតកម្រៃសេវាឡើយ។

លោកស្រីបណ្ឌិត ទេសាភិបាល បានពន្យល់ថា៖”ការដាក់ឱ្យដំណើរការប្រព័ន្ធ QR Code រួមបញ្ចូលគ្នាតែមួយរវាងប្រាក់រៀល និងប្រាក់ដុល្លារនេះ ក្នុងគោលបំណងជំរុញការប្រើប្រាស់រៀលខ្មែរឱ្យកាន់តែទូលំទូលាយ, សម្រួលដល់ប្រតិបត្តិការទូទាត់របស់អ្នកប្រើប្រាស់កាន់តែងាយស្រួលជាងមុន, ផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេស និងអ្នកធុរកិច្ចមកពីបណ្តាប្រទេស ដែលមានកិច្ចសហការទូទាត់ឆ្លងដែនតាម QR Code ដោយប្រើរូបិយវត្ថុជាតិទៅវិញទៅមកជាមួយកម្ពុជា និងរួមទាំងឆ្លុះបញ្ចាំពីភាពជឿនលឿនផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់កម្ពុជាផងដែរ”។

គួរបញ្ជាក់ផងដែរថា នៅពេលប្រព័ន្ធ QR Code ថ្មីនេះ ដំណើរការជាផ្លូវការ នោះប្រព័ន្ធ QR Code ដែលសាធារណជន កំពុងប្រើប្រាស់សព្វថ្ងៃនេះ នឹងមិនអាចប្រើប្រាស់បានទៀតនោះទេ៕