តើលោកអ្នកជ្រាបទេថា ក្រៅពីសាប៊ូលាងចាន យើងក៏អាចប្រើប្រាស់អំបិលលាងចានផងដែរ ដោយសារអំបិលអាចលាងជម្រះជាតិខ្លាញ់ ឬភាពកខ្វក់នៅជាប់ចានបានយ៉ាងល្អ ។ វាធ្វើឱ្យយើងអាចសន្សំសំចៃប្រាក់ទិញសាប៊ូលាងចានញឹកញាប់ ក៏ដូចជាសន្សំសំចៃពេលវេលាផងដែរ ។ តើយើងនឹងយកអំបិលមកលាងចានតែម្តងដោយពុំប្រើប្រាស់សាប៊ូលាងចាន ឬយ៉ាងណា?
ការលាងចាន ឬប្រអប់ផ្លាស្ទិកដាក់អាហារម្តងៗធ្វើឱ្យមនុស្សគ្រប់គ្នានឿយហត់យ៉ាងខ្លាំង ដោយសារតែភាពកខ្វក់ និងជាតិខ្លាញ់ច្រើនជាប់នៅលើនោះ ។ ស្ត្រីមេផ្ទះភាគច្រើននិយាយថា ពេលពួកគេប្រើប្រាស់ប្រអប់ជ័រដាក់អាហារបរិភោគញឹកញាប់ គឺពួកគេហត់នឿយខ្លាំងនឹងការលាងសម្អាតប្រអប់ផ្លាស្ទិកទាំងនេះ គឺហត់ខ្លាំងជាងការធ្វើម្ហូបអាហារទៅទៀត ។ ជាពិសេស នៅតាមជ្រុងរបស់ប្រអប់ផ្លាស្ទិកពិបាកលាងសម្អាតជាងគេ ហើយចំណាយពេលវេលាយូរទៀតផង ។
សារព័ត៌មាន KBN នឹងបង្ហាញលោកអ្នកអំពីរបៀបលាងចានងាយៗ និងចំណេញពេលវេលា គឺការប្រើប្រាស់អំបិលដែលមានក្នុងផ្ទះបាយរបស់យើង ។ ការប្រើប្រាស់អំបិលផ្សំជាមួយសាប៊ូលាងចាន គឺអាចលាងជម្រះជាតិខ្លាញ់លើចាន ឬប្រអប់ផ្លាស្ទិកបានយ៉ាងឆាប់រហ័ស និងសន្សំសំចៃពេលវេលាបានច្រើន បើប្រៀបធៀបជាមួយការប្រើប្រាស់សាប៊ូលាងចានតែមួយមុខ ពីព្រោះយើងត្រូវលាងជាច្រើនលើកច្រើនសារ ទើបអស់ជាតិខ្លាញ់ ។
ចំណែកវិធីប្រើប្រាស់វិញ គឺត្រូវយកអំបិលប្រមាណពី១ ទៅ២ស្លាបព្រាបាយ មកផ្សំជាមួយសាប៊ូលាងចានបន្តិច និងដាក់ទឹកធម្មតាចូល ។ បន្ទាប់មក យើងត្រូវបិទគំរបវា និងយកអេប៉ុងលាងចានមកជ្រលក់ក្នុងទឹកនេះស្រាលៗដើម្បីលាងសម្អាតចានឆ្នាំង ។ រីឯលទ្ធផលឃើញថា ជាតិខ្លាញ់នៅលើចានបាត់ទាំងអស់ ថែមទាំងបាត់ក្លិនអាហារជាប់ចានផងដែរ ។
យើងអាចប្រើប្រាស់អំបិលក្នុងផ្ទះបាយរបស់យើងបានគ្រប់ប្រភេទ ពុំចាំបាច់ជ្រើសរើសប្រភេទអំបិលទេ ។ ហេតុនេះ លោកអ្នកគួរតែសាកល្បងអនុវត្តតាមវិធីខាងលើនេះ ពីព្រោះអំបិលជាគ្រឿងផ្សំក្នុងផ្ទះបាយដែលងាយស្រួលរក ៕