ប្រទេសឥណ្ឌា ៖ វាជាចម្ងល់មួយដែលមនុស្សភាគច្រើនចង់ដឹងយូរមកហើយថា ហេតុអ្វីជនជាតិឥណ្ឌាសន្ទនាគ្នាបណ្តើរ គ្រវីក្បាលបណ្តើរ? ជាទូទៅ រាល់ការសន្ទនាជាមួយជនជាតិឥណ្ឌា មិនថាមនុស្សចាស់ និងកុមារទេ គឺសុទ្ធតែគ្រវីក្បាលទាំងអស់ ។ ហេតុនេះ ជនបរទេសសួរថា តើការគ្រវីក្បាលបែបនេះមានន័យថា ជនជាតិឥណ្ឌាបដិសេធជាមួយដៃគូសន្ទនាគ្រប់ពេលវេលា មែនទេ?
ការគ្រវី ឬរង្គឺក្បាលចុះឡើងរបស់ជនជាតិឥណ្ឌា គឺវាជាភាសាកាយ (ឬ Body Language) នៅប្រទេសឥណ្ឌា ខណៈជាតិសាសន៍ខ្លះ ក៏មានភាសាកាយដូចគ្នាដែរ ។ ពលរដ្ឋលើពិភពលោក តែងតែយល់ថា «ការងក់ក្បាល» មានន័យថា «យល់ព្រម» រីឯ «ការគ្រវីក្បាល» មានន័យថា «បដិសេធ» ។ ប៉ុន្តែការគ្រវីក្បាលរបស់ជនជាតិឥណ្ឌាបានធ្វើឱ្យជនបរទេសមានចម្ងល់យ៉ាងខ្លាំង និងពុំយល់ពីភាសាកាយទាំងនេះ ។ នេះជាការលើកឡើងរបស់ជនបរទេស ដែលបានធ្វើដំណើរទៅលេងប្រទេសឥណ្ឌា ។

ជនបរទេសរូបនេះបញ្ជាក់ថា បើសង្កេតមើលឱ្យបានច្បាស់ ការគ្រវី ឬរង្គឺក្បាលរបស់ជនជាតិឥណ្ឌា គឺមានលក្ខណៈខុសប្លែកពីជាតិសាសន៍ដទៃទៀត ។ នៅពេលសន្ទនាជាមួយអ្នកណាម្នាក់ ពួកគេរង្គើក្បាលតែប៉ុណ្ណោះ រីឯដងខ្លួន និងស្មា ពុំរង្គឺទេ ។ ការរង្គឺក្បាលនេះ ពុំមែនជាការបដិសេធដូចមនុស្សលើពិភពលោកប្រើប្រាស់នោះទេ ប៉ុន្តែវាមានអត្ថន័យជាច្រើន ។
ការគ្រវី ឬរង្គឺក្បាលភាគច្រើនរបស់ជនជាតិឥណ្ឌា មានន័យថា គឺជាការយល់ព្រម, ការបញ្ជាក់ និងការអរគុណដៃគូសន្ទនា ។ ជាមួយគ្នានេះ ការគ្រវីក្បាលរបស់ជនជាតិឥណ្ឌា ក៏ជាការបដិសេធផងដែរ ពីព្រោះបើពួកគេនិយាយបដិសេធទៅកាន់អ្នកណាម្នាក់ត្រង់ៗនោះ គឺមើលទៅ ពុំសូវសុភាពរាបសារ ។ ដូច្នេះ ការគ្រវី ឬរង្គឺក្បាល គឺជាផ្នែកមួយរបស់ការសន្ទនាទាំងអស់ ទើបជនបរទេសតែងតែឃើញឥណ្ឌាគ្រវីក្បាលជាញឹកញាប់ មិនថានៅក្នុងខ្សែភាពយន្ត ឬជីវិតពិត ។

ហេតុនេះ នៅពេលសន្ទនាជាមួយជនជាតិឥណ្ឌា យើងត្រូវតែសង្កេតទឹកមុខរបស់ពួកគេផង និងមើលការគ្រវីក្បាលផង ទើបយើងអាចយល់ពីជនជាតិឥណ្ឌាកាន់តែច្រើន ។ ប្រទេសឥណ្ឌាមានលក្ខណៈខុសប្លែកច្រើនពីជាតិសាសន៍ដទៃ តាំងពីការរស់នៅ, ការស្លៀកពាក់, ការបរិភោគអាហារ និងការគោរពសាសនា ជាដើម ៕










