គេស្គាល់ថា Baobab គឺជាដើមឈើមានទំហំធំបំផុតនៅលើពិភពលោក ដោយវាមានអង្កត់ផ្ចិតរហូតដល់៩ម៉ែត្រ ។ រីឯដើមមានអាយុកាលចំណាស់បំផុត គឺមានប្រវែងព័ទ្ធជុំវិញដើមរហូតដល់៥៤ម៉ែត្រ ។ វាមិនត្រឹមតែជាដើមឈើមានទំហំធំខ្លាំងខុសប្លែកពីដើមឈើផ្សេងទេ ប៉ុន្តែវាផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ទ្វីបអាហ្វ្រិក ។
យោងតាមឯកសារបញ្ជាក់ថា ដើម Baobab មានចំនួន៩ប្រភេទ ក្នុងនោះ៦ប្រភេទដុះនៅម៉ាដាហ្គាស្ការ (Madagascar ជាប្រទេសនៅអាហ្វ្រិកខាងកើត), ២ប្រភេទដុះនៅទ្វីបអាហ្វ្រិក និង១ប្រភេទទៀតដុះនៅប្រទេសអូស្ត្រាលី ។ ដើម Baobab អាចស្រូប និងរក្សាទុកទឹកបានយ៉ាងច្រើន គឺជាមធ្យម វាអាចរក្សាទុកទឹករហូតដល់៤.៥០០លីត្រ ។ ហេតុនេះ ហ្វូងដំរីចូលចិត្តដើមឈើនេះណាស់ ហើយពួកវាតែងតែមកស៊ីសំបកដើមឈើនៅរដូវប្រាំង ។

Baobab ជាប្រភេទដើមឈើមានអាយុវែងបំផុតលើពិភពលោក ពុំគួរឱ្យជឿ ហើយដើមមួយចំនួនមានអាយុរហូតដល់ ៣.០០០ឆ្នាំឯណោះ ។ ម្យ៉ាងទៀត ដោយសារដើមរបស់វាលូតលាស់តិចតួច ទើបអ្នកស្រាវជ្រាវចាំបាច់ត្រូវកំណត់អាយុពិតប្រាកដរបស់វាតាមរយៈកាបូនវិទ្យុសកម្ម ។
វាជាដើមឈើមានសភាពទន់រលោង និងមានសរសៃប្រើប្រាស់សម្រាប់ធ្វើក្រណាត់ និងខ្សែពួរ ប៉ុន្តែវាមិនស័ក្តិសមសម្រាប់ការធ្វើឈើបែបបុរាណទេ ដូចជា ៖ គ្រឿងសង្ហារិម ។ លើសពីនេះ វាមានតួនាទីសំខាន់ផ្តល់អាហារដល់មនុស្សក្នុងតំបន់ ដោយស្លឹកវាមានរសជាតិស្រដៀងនឹងស្លឹកផ្ទី, ផ្លែមានវីតាមីន C ច្រើនជាងក្រូច រហូតដល់៦ដង ហើយគ្រាប់វាអាចយកទៅកែច្នៃធ្វើប្រេងឥន្ធនៈបាន ។.png)
ដើមឈើនេះនឹងចំណាយពេលដុះលូតលាស់ក្នុងព្រៃ ចាប់ពី១៥ឆ្នាំ ទៅ២០ឆ្នាំ ទើបវាចេញផ្លែលើកដំបូង ។ រីឯសត្រូវរបស់វាវិញ គឺពពួកផ្សិតខ្មៅ ដែលអាចបំផ្លាញសាច់ឈើយ៉ាងឆាប់រហ័ស ។ បើទោះជាស្នូលវាត្រូវបានបំផ្លាញក្តី ប៉ុន្តែដើម Baobab នៅតែអាចរស់បានយូរបន្តទៀត ។
ដើម Baobab ត្រូវបានគេប្រើប្រាស់ធ្វើជាកន្លែងដាក់ស្បៀងអាហារ, ទឹក និងទីជម្រក ។ បច្ចុប្បន្ន ដើម Baobab ១ដើម ត្រូវគេយកធ្វើជាទីជម្រក, ធ្វើបន្ទប់រង់ចាំនៅស្ថានីយរថយន្តក្រុងក្នុងប្រទេសហ្ស៊ីមបាវ៉េ ខណៈអាហ្វ្រិកកណ្តាលបានយកដើមនេះធ្វើជាបារទៀតផង ៕










