សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា តាំងពីចុងឆ្នាំ១៨០០ រហូតមកដល់បច្ចុប្បន្ន អាមេរិកបានប្រឈមនឹងបញ្ហាជនភៀសខ្លួនខុ.សច្បាប់មករស់នៅច្រើនបំផុត ។ ជនភៀសខ្លួនទាំងនេះបានផ្តល់កំណើតទារកច្រើនជាងពលរដ្ឋអាមេរិក ហើយភាគច្រើនជាយុវជនរៀនសូត្របានតិចតួច និងចង់មកធ្វើការនៅអាមេរិក ។
ការិយាល័យថវិការដ្ឋសភាអាមេរិកឱ្យដឹងថា ជនភៀសខ្លួនជាង៦លាន៥សែននាក់ បានចូលមករស់នៅទឹកដីអាមេរិកដោយខុសច្បាប់ ។ លោក ស្ទីវ ម៉ូស័រ នាយកវិទ្យាស្ថានស្រាវជ្រាវប្រជាជននិយាយថា ៖ «កាលពីឆ្នាំ២០២៣ មានទារកកើតនៅអាមេរិកតិចជាង៣លាន៦សែននាក់ ប៉ុន្តែអាមេរិកសម្បូរទៅដោយជនភៀសខ្លួនខុសច្បាប់» ។.png)
លោក ស្ទីវ ម៉ូស័រ បន្តថា ១០% ក្នុងចំណោមទារកទាំងនេះ គឺជាកូនរបស់ជនភៀសខ្លួនខុសច្បាប់ ហើយលោកគិតថា ចំនួនពលរដ្ឋអាមេរិកធ្លាក់ចុះនឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចអាមេរិក ក៏ដូចជាការបែកបាក់ក្នុងសង្គម ។ ជនភៀសខ្លួនខុសច្បាប់អាចជួយដល់អត្រាកំណើតធ្លាក់ចុះនៅអាមេរិកបាន ប៉ុន្តែបើពលរដ្ឋអាមេរិកមានទារកកើតថ្មីច្រើន គឺវាល្អជាងចំនួនជនភៀសខ្លួនកើនឡើង ។
យោងតាមទិន្នន័យស្រាវជ្រាវប្រជាជនបង្ហាញថា ជនភៀសខ្លួនភាគច្រើនជាយុវជនរៀនសូត្របានតិចតួច និងចង់មកធ្វើការរកប្រាក់នៅអាមេរិក ។ ជនភៀសខ្លួនទាំងនេះថែមទាំងបានប្រកួតប្រជែងជាមួយពលរដ្ឋអាមេរិកទៀតផង ហើយពួកគេតែងរកការងារមានចំណូលតិច ដូចជា ៖ កម្មករសំណង់, បុគ្គលិកសម្អាត និងចុងភៅធ្វើម្ហូប ។
ជនភៀសខ្លួនភាគច្រើនបានធ្វើដំណើរមកពីអាមេរិកឡាទីន ដូចជា ៖ វ៉េណេស៊ុយអេឡា, ម៉ិកស៊ិក និងហុងដូរ៉ាស់ ។ ក្រៅពីនេះ ជនភៀសខ្លួនផ្សេងទៀតមកពីប្រទេសចិន, រុស្ស៊ី, ឥណ្ឌា និងអាហ្វ្រិក ហើយពួកគេមានគោលដៅរស់នៅរដ្ឋមួយចំនួន ដូចជា ៖ រដ្ឋកាលីហ្វ័រញ៉ា, តិចសាស់, ញូវយ៉ក, ញូវជឺស៊ី និងផ្លរីដា ។
ការិយាល័យថវិការដ្ឋសភាអាមេរិកសន្និដ្ឋានថា ចំនួនជនភៀសខ្លួនកើនឡើងនឹងធ្វើឱ្យប្រាក់ចំណូលរបស់រដ្ឋាភិបាលអាមេរិកកើនឡើងជាង១លានលានដុល្លារអាមេរិកក្នុងរយៈពេល១០ឆ្នាំ ។ កំណើនជនភៀសខ្លួននេះនឹងជំរុញសកម្មភាពសេដ្ឋកិច្ចអាមេរិក ដោយសារជនភៀសខ្លួនត្រូវបង់ពន្ធឱ្យរដ្ឋាភិបាលអាមេរិក ៕










