ប្រទេសឡាវ ៖ នៅពេលភ្ញៀវទេសចរបរទេសទៅកម្សាន្តនៅប្រទេសឡាវ ពួកគេនឹងបានឃើញពលរដ្ឋឡាវបរិភោគអាហារជាច្រើនមុខជាមួយបាយដំណើប ។ តើដឹងទេថា ហេតុអ្វីពលរដ្ឋឡាវនិយមបរិភោគបាយដំណើបច្រើនបែបនេះ? ហើយក្រៅពីការបរិភោគ តើឡាវមានជំនឿអ្វីខ្លះពាក់ព័ន្ធនឹងអង្ករដំណើប?
ប្រទេសឡាវចាត់ទុកថា បាយដំណើប គឺជាអាហារតំណាងជាតិរបស់ខ្លួនរហូតមក ហើយឡាវបរិភោគបាយដំណើបតាំងពីសម័យបុរាណរហូតដល់បច្ចុប្បន្ន គឺដូចគ្នានឹងជនជាតិបារាំងចូលចិត្តបរិភោគនំប៉័ង ឬជប៉ុនបរិភោគ Sushi ដែរ ។ ហេតុនេះ ទម្លាប់បរិភោគបាយដំណើបរបស់ឡាវបានចាក់ឫសយ៉ាងជ្រៅក្នុងគំនិតពលរដ្ឋឡាវ និងពុំអាចហាមឃាត់ពួកគេបានទេ ។
បើតាមឯកសារបញ្ជាក់ថា នៅតំបន់អាស៊ីអាគ្នេយ៍បានដាំស្រូវដំណើបអស់រយៈពេលយ៉ាងហោចណាស់ ៤.០០០ឆ្នាំហើយ ហើយប្រវតិ្តវិទូជជែកគ្នាថា តើកសិករបុរាណដាំស្រូវដំណើបដោយសារអាកាសធាតុក្នុងតំបន់អំណោយផល ឬមកពីរសជាតិ និងលក្ខណៈរបស់ស្រូវដំណើរ? នៅសតវត្សទី១៨ ប្រវត្តិវិទូក៏បានទទួលចម្លើយច្បាស់លាស់អំពីការដាំស្រូវដំណើបនៅតំបន់អាស៊ីអាគ្នេយ៍ ហើយស្រូវដំណើបត្រូវបានគេដាំដុះជំនួសស្រូវខ្សាយស្ទើរគ្រប់តំបន់ ។
បាយដំណើបបានក្លាយជាអាហារដ៏សំខាន់នៅប្រទេសឡាវ បន្ទាប់មក គឺប្រទេសចិន, មីយ៉ាន់ម៉ា, ថៃ, កម្ពុជា និងវៀតណាម ។ ប៉ុន្តែពលរដ្ឋឡាវបានបរិភោគបាយដំណើបច្រើនជាងគេ បើប្រៀបធៀបនឹងប្រទេសជិតខាង ។.png)
បច្ចុប្បន្ន បើទោះមានការអភិវឌ្ឍទីក្រុង និងកត្តាផ្សេងៗបានផ្លាស់ប្តូរទម្លាប់ការបរិភោគបាយដំណើបរបស់ឡាវក្តី ប៉ុន្តែបាយដំណើបនៅតែជាអត្តសញ្ញាណរបស់ពលរដ្ឋឡាវជានិច្ច ។ ជាក់ស្តែង កាលពីឆ្នាំ១៩៩០ ក្រុមតន្ត្រីឡាវទទួលបានប្រជាប្រិយភាពនៅអាមេរិក ហើយក្រុមតន្ត្រីនេះបានដាក់ឈ្មោះថា «ក្រុមតន្ត្រីបាយដំណើប» ។
ការពេញនិយមបរិភោគបាយដំណើបនៅប្រទេសឡាវ គឺដោយសារបាយដំណើបផ្តល់នូវគុណសម្បត្តិអាហារូបត្ថម្ភខ្ពស់ ហើយវាចំណាយពេលរំលាយយូរជាងបាយខ្សាយ ។ ហេតុនេះ ការបរិភោគបាយដំណើប គឺជួយឱ្យឆ្អែតបានយូរ ទើបកសិករឡាវចូលចិត្តបរិភោគបាយដំណើប ដោយសារពួកគេធ្វើការយូរម៉ោង និងមានពេលឈប់សម្រាកតិច ។
រីឯការរាប់បាត្រព្រះសង្ឃ ក៏ពលរដ្ឋឡាវនិយមយកបាយដំណើបមករាប់បាត្រផងដែរ ពីព្រោះនឹងជួយឱ្យព្រះសង្ឃឆ្អែតបានយូរជាងឆាន់បាយខ្សាយ ។ ម្យ៉ាងទៀត ព្រះសង្ឃពុំឆាន់ចង្ហាន់ក្រោយពេលថ្ងៃត្រង់ទេ ។
ក្រៅពីនេះ របៀបរបបរស់នៅ, វប្បធម៌ និងជំនឿផ្សេងៗរបស់ពលរដ្ឋឡាវ គឺពាក់ព័ន្ធនឹងអង្ករដំណើបពុំអាចញែកចេញពីគ្នាឡើយ ។ ការរៀបចំពិធីសំខាន់ៗពាក់ព័ន្ធនឹងការដាំស្រូវ, ការសុំទឹកភ្លៀងតាមរដូវកាល និងការប្រមូលផលដំណាំ គឺឡាវពុំដែលចោលបាយដំណើបទេ ។ ឡាវក៏បានរៀបចំនំអន្សមក្នុងពិធីសំខាន់ៗផងដែរ ដែលធ្វើពីអង្ករដំណើប, ដូង, ចេក និងសណ្តែកបៃតង ។
ពលរដ្ឋឡាវនិយមធ្វើពិធីផ្សេងទៀត ដូចជា ៖ បាចអង្ករដំណើបឡើងទៅលើអាកាស ក្រោយពិធីសូត្រមន្តរួចរាល់ ។ លើសពីនេះ បើមានអ្នកណាម្នាក់ជិតស្លាប់ ចាស់ៗក្នុងភូមិនឹងយកអង្ករដំណើបមកមកត្រដុសលើខ្លួនប្រាណអ្នកនោះ បន្ទាប់មក ប្រមូលវាបោះចោលដើម្បីបណ្តេញខ្មោច ព្រាយបិសាច ៕










