បឹងកន្សែង ដែលជាបឹងធម្មជាតិមួយស្ថិតនៅចំកណ្តាលបេះដូងនៃខេត្តរតនគិរី និងជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏មានសក្តានុពលបំផុតមួយក្នុងខេត្តភាគឦសានមួយនេះ។ យ៉ាងណាមិញថ្មីៗនេះ សមិទ្ធិផលថ្មីបន្ថែមមួយទៀតក៏បានលេចចេញមកនៅមាត់បឹងកន្សែងនេះ ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ។
រូបសំណាក់គ្រួសារសត្វដំរី ដែលរួមមានដំរីចំនួន៣ ក្បាល គឺដំរីឈ្មោល១ ដំរីញី១ និងកូនដំរី១ បានដាក់បង្ហាញទៅកាន់សារធារណៈជនទូទៅនៅទីតាំងខាងត្បូងមាត់បឹងកន្សែង ដើម្បីជាការបន្ថែមនូវសោភ័ណ្ឌភាព និងជានិមិត្តរូបដ៏មានន័យ។

កាលពីថ្ងៃទី៩ ខែកញ្ញា បើយោងតាមការដាក់បង្ហោះរបស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានគូសបញ្ជាក់ថា«សមិទ្ធិផលថ្មីបន្ថែមទៀតនាមាត់បឹងកន្សែង ។ ការរៀបចំលើកដាក់គ្រួសារដំរីលើទីតាំងនៅវេលាម៉ោង ៩ ,៩ នាទី និង ៩ វិនាទី នាថ្ងៃទី៩ ខែ៩ ត្រូវនឹងថ្ងៃច័ន្ទ ៧កើត ។ អត្ថន័យគ្រួសារដំរី និងពេលវេលាដែលបានលើកដាក់នៅកន្លែងបញ្ជាក់អំពីៈ សុខដុមរម្យនីយ៌ ត្រជាក់ត្រជុំ ជួបជុំ សុខសាន្ត ថ្កុំថ្កើង រុងរឿង ដែលនឹងជូនពរដល់បងប្អូន ក្រុមគ្រួសារ សង្គមជាតិ ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនក្រោមម្លប់នៃសន្តិភាព!»។
គួរបញ្ជាក់ថា បឹងកន្សែង ដែលមានទីតាំងស្ថិតនៅក្នុងទឹកដីនៃភូមិអូរកន្សែង សង្កាត់បឹងកន្សែង មានចម្ងាយប្រមាណជាង ១គីឡូម៉ែត្រពីក្រុងបានលុង ខេត្តរតនគិរី ។ បឹងធម្មជាតិដ៏ស្រស់ត្រកាលមួយនេះត្រូវបានអ្នករស់នៅក្នុងខេត្តរតនគិរីភាគច្រើនប្រាប់ឱ្យដឹងថា ក្នុងសម័យអតីតកាល នៅតំបន់មាត់បឹងកន្សែង សំបូរទៅដោយរុក្ខជាតិជាច្រើនប្រភេទដុះមានផ្ការីកចោលក្លិនក្រអូបឈ្ងុយឈ្ងប់ ហើយនៅក្នុងផ្ទៃបឹងវិញមានផ្ទៃទឹកថ្លាឈ្វេងមានដុះប្រមូលផ្ដុំដោយសារាយ និងព្រលិតជាដើមមានផ្ការីករហង់។
យ៉ាងណាមិញ បច្ចុប្បន្ននេះ បឹងកន្សែងបានក្លាយជាកន្លែងដែលមានបរិស្ថានស្អាត សោភណ្ឌភាពល្អ និងជារមណីយដ្ឋានល្អឯកប្រកបដោយភាពទាក់ទាញ បន្ទាប់ពីឯកឧត្តមអភិបាលខេត្ត បានដាក់ចេញគម្រោងរៀបចំកែលម្អជុំវិញបរិវេណរមណីដ្ឋានបឹងដ៏ស្រស់ស្អាតនេះឡើងវិញដោយកែលម្អ ហេដ្ឋារចនាសម្ព័ន្ធជុំវិញបរិវេណមាត់បឹង រៀបចំសួនច្បារ និងបំពាក់ភ្លើងបំភ្លឺសាធារណៈ សាងសង់រូបសំណាក់គ្រួសារដំរី រូបសំណាកសត្វអកញីឈ្មោល១គូ ដែលជាសត្វបក្សី រំលេចក្នុងបទចម្រៀងអធិរាជាសម្លេងមាស (អកបឹងកន្សែង) ,ការរៀបចំដាក់ឧបករណ៍ហាត់ប្រាណ និងឧបករណ៍សម្រាប់ក្មេង ជិះលេងតាមមាត់បឹង ការសាងសង់បង្គន់អនាម័យសាធារណៈជាបន្តបន្ទាប់ជាដើមផងដែរ៕

រូបភាព៖ Chesda Snapher










