កាលពីយប់ម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់មនុស្ស២នាក់ នៅមុខផ្សារទំនើបឡាក់គី ស្ថិតនៅលើផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុគេឃើញក្មេងស្រីរងគ្រោះ២នាក់ ម្នាក់អាយុ១១ឆ្នាំ និងម្នាក់ទៀតអាយុ៩ឆ្នាំ ជិះម៉ូតូម៉ាក zoomer X ពាក់ផ្លាកលេខ ភ្នំពេញ 1FS- 7326 ជិះឌុបគ្នា តាមបណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅពីលិចទៅកើត ខណៈពេលជិះមកដល់ចំណុចកើតហេតុ មុខផ្សារទំនើបឡាក់គីផ្សារ ស្រាប់តែមានរថយន្តពណ៌សមួយគ្រឿងមិនចាំម៉ាក ធ្វើដំណើរក្នុងទិសដៅបញ្រ្ចាស់គ្នាក្នុងល្បឿនលឿន ជ្រុលចង្កូតបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹងប៉ើងជាច្រើនម៉ែត្របណ្តាលឲ្យក្មេងស្រីទាំង២នាក់ត្រូវជាបងប្អូនបង្កើតស្លាប់នៅកន្លែង ហើយរថយន្តបង្កបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុនេះ សមត្ថកិច្ចបានចុះធ្វើការវាស់វែង និងស្រាវជ្រាវស្វែងរកម្ចាស់រថយន្ត ដើម្បីចូលខ្លួនមកដោះស្រាយតែផ្លូវច្បាប់។
ចំពោះហេតុការណ៍នេះ មហាជនមួយចំនួនក៏បានទម្លាក់កំហុសទៅលើអាណាព្យាបាលដែលបណ្តាលឱ្យក្មេងមិនទាន់គ្រប់អាយុបើកបរ។
យោងតាមច្បាប់ក្នុងប្រទេសកម្ពុជាយើង បានចែងយ៉ាងច្បាស់ថា”អ្នកបើកបរត្រូវមានអាយុយ៉ាងតិច១៥ឆ្នាំ ឡើងទៅ ដោយមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណណាមួយទើបអាចមានសិទ្ធបើកបរនៅក្នុងប្រទេសកម្ពុជា”៕










