ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ នៅសល់តែរយៈពេលមួយខែទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី៨ ខែតុលា ខាងមុខនេះ។
ស្របពេលដែលពេលវេលាកាន់តែកៀក សិស្សានុសិស្សមួយចំនួនប្រហែលជាបាននឹងកំពុងនឹងត្រៀមខ្លួនរួចជាស្រេច ខណៈមួយចំនួនទៀត អាចនឹងមានភាពពិបាកចំពោះការត្រៀមខ្លួនក្នុងការឡើងសមរភូមិមួយនេះ។
ខាងក្រោមនេះគឺជាគន្លឹះ និងចំណុច ចាំបាច់ដែលបេក្ខជនគួរត្រៀមមុនការប្រឡងចូលមកដល់៖
ថែរក្សាសុខភាព ទាំងផ្លូវកាយនិងផ្លូវចិត្ត
ត្រូវទទួលទាននិងគេងឱ្យបានគ្រប់គ្រាន់ ហើយគិតអ្វីដែលវិជ្ជមានឱ្យបានច្រើន ក្នុងអំឡុងពេលនេះប្អូនៗទី១២ត្រូវតែសម្រាក ដោយមិនគួរដើរលេងកំសាន្តនៅកន្លែងណាឆ្ងាយៗ និងគ្មានសុវត្តិភាពនោះទេ ចៀសវាងមានគ្រោះថ្នាក់ដោយយថាហេតុណាមួយ ជាពិសេសត្រូវប្រុងប្រយត្ន័ទៅលើការធ្វើដំណើរផ្សេងៗ។
ពង្រឹងចំនុចខ្លាំង និងកែប្រែចំនុចខ្សោយទៅជាខ្លាំងវិញ
ត្រូវបែកចែកឱ្យដាច់ថាតើ យើងច្បាស់លើមុខវិជ្ជាមួយណា ហើយខ្សោយមួយណា (រូប គីមី គណិត ខ្មែរ ភូមិ ប្រវត្តិ…) រួចត្រូវពង្រឹកមុខវិជ្ជាណាដែលខ្លួនគិតថាមិនទាន់ល្អនៅឡើយសម្រាប់ខ្លួន។ យើងត្រូវអនុវត្តន៍លំហាត់ និងរំលឹកមេរៀន ធ្វើហើយធ្វើទៀត រហូតទាល់តែ យើងយល់ច្បាស់ពីបាតុភូត ឬប្រធាននៃវិញ្ញាសាទាំងនោះ។
យកវិញ្ញាសាចាស់ៗមកធ្វើឡើងវិញ
រាល់ការយកវិញ្ញាសាឆ្នាំចាស់ៗដែលចេញប្រឡងមកធ្វើ គឺយើងត្រូវកំណត់ម៉ោង អង្គុយ និងប្រើប្រាស់ក្រដាស រួមទាំងពេលវេលានៃការធ្វើវិញ្ញាសា យើងត្រូវជ្រើសយកឱ្យដូចទៅហ្នឹងការប្រឡងពិត ដើម្បីដឹងច្បាស់ថា យើងនៅមានចំនុចខ្វះខាតអ្វីខ្លះ? ចំនុចណាខ្លះដែលយើងធ្វើបានល្អហើយ ត្រូវរក្សាទម្រង់ដដែល? ធ្វើដូចនេះជាប្រចាំ ធ្វើឱ្យយើងមានអារម្មណ៍ស៊ាំជាមួយការប្រឡង ដូចច្នេះក៏ជាផ្នែកមួយបន្ធូរភាពតានតឹងពេលប្រឡងផ្លូវកាផងដែរ៕










