ប្រទេសឥណ្ឌា ៖ យើងធ្លាប់ឆ្ងល់ទេថា ហេតុអ្វីជនជាតិឥណ្ឌាចូលចិត្តការរាំរែកទាំងក្នុងភាពយន្ត និងជីវិតពិតគ្រប់ពេលវេលា? ភាពយន្តឥណ្ឌាស្ទើរទាំងអស់បានបង្ហាញនូវឈុតឆាតរាំជានិច្ច ហើយសូម្បីតែអ្នកពុំចូលចិត្តមើលភាពយន្តឥណ្ឌា ក៏បានចងចាំនូវទិដ្ឋភាពរាំរបស់ឥណ្ឌាដែរ ដូចជា ៖ ការរាំជាក្រុម ឬរាំជាហ្វូង រហូតដល់ការរាំរបស់តួឯកប្រុស-ស្រី២នាក់នៅតាមព្រៃភ្នំ ។.png)
ការពិត ជនជាតិឥណ្ឌាមិនបានរាំតែនៅក្នុងភាពយន្តប៉ុណ្ណោះទេ គឺពួកគេបានរាំក្នុងជីវិតពិតផងដែរ ពីព្រោះការរាំជាផ្នែកមួយក្នុងជីវិតពួកគេដែលពុំអាចខ្វះបាន ។ ដើមកំណើតនៃការរាំនេះ ត្រូវក្រឡេកទៅមើលប្រវត្តិសាស្ត្របុរាណរបស់ឥណ្ឌាដែលបញ្ជាក់ថា ជនជាតិឥណ្ឌាបានរាំអស់រយៈពេលជាង៣.០០០ឆ្នាំហើយ ។
យោងតាមគេហទំព័រ The Atlantic បញ្ជាក់ថា ការរាំ-ច្រៀង និងការលេងតន្ត្រីក្នុងវប្បធម៌ឥណ្ឌាសម័យបុរាណ គឺជាការទំនាក់ទំនងគ្នា, ការផ្ទេរចំណេះដឹង និងរាំក្នុងពិធីថ្វាយបង្គំព្រះ ។ វប្បធម៌ការរាំនេះបានបន្តរហូតមកដល់សម័យបច្ចុប្បន្ន ដែលជនជាតិឥណ្ឌានៅតែនិយមរាំ-ច្រៀងជានិច្ច ជាពិសេស ពេលពួកគេរៀបចំពិធីសាសនា ។
រីឯការរាំក្នុងភាពយន្តឥណ្ឌា មិនមែនជាការសប្បាយរីករាយតែម្យ៉ាងប៉ុណ្ណោះទេ ប៉ុន្តែវាជាការបញ្ជាក់ពីទំនាក់ទំនង និងបង្ហាញពីភាពច្នៃប្រឌិតផ្នែកសិល្បៈ ។ ក្រៅពីនេះ ជនជាតិឥណ្ឌាមានភាពខុសប្លែកពីជាតិសាសន៍ដទៃ ដូចជា ៖ ការគោរពសាសនា និងការតុបតែងខ្លួន ។.png)
ជាក់ស្តែង ៖ បទចម្រៀង១បទមានចំណងជើងថា «Naatu Naatu» ដែលជាបទចម្រៀងក្នុងភាពយន្តឥណ្ឌារឿង «RRR» បានទទួលពានរង្វាន់ «Golden Globe Awards» ពី Best Original Song កាលពីឆ្នាំ២០២៣ ហើយពាក្យថា «Naatu Naatu» មានន័យថា «ការរាំ» ។ បើបានមើលភាពយន្តនេះ យើងនឹងដឹងថា បទចម្រៀង «Naatu Naatu» បានបង្ហាញពីបុរសឥណ្ឌា២នាក់ បានរាំនៅចំពោះមុខនារីអឺរ៉ុប ដោយសារពួកគេពុំព្រមរាំតាមស្ទាយអឺរ៉ុប ។.png)
ជនជាតិឥណ្ឌាភាគច្រើនសុទ្ធតែចេះរាំ ដោយសារប្រទេសឥណ្ឌាមានថ្ងៃបុណ្យឈប់សម្រាកច្រើនបំផុតលើពិភពលោក គឺស្មើប្រមាណ២១ថ្ងៃ ។ ប៉ុន្តែបើរួមបញ្ចូលថ្ងៃឈប់ពិសេសក្នុងសាសនាទៀតនោះ នឹងធ្វើឱ្យឥណ្ឌាមានថ្ងៃឈប់សម្រាកច្រើនជាងប្រតិទិន ។ ហេតុនេះ ទើបឥណ្ឌានិយមរាំលេងក្នុងថ្ងៃឈប់សម្រាក ហើយចង្វាក់រាំរបស់ពួកគេស្មើជាង៣០ស្ទាយឯណោះ ហើយរដ្ឋនីមួយៗមានស្ទាយរាំខុសៗគ្នា ។

មូលហេតុធ្វើឱ្យឥណ្ឌាមានស្ទាយរាំច្រើនបែបនេះ ដោយសារកាលពីរាប់រយឆ្នាំមុន មានជនជាតិផ្សេងៗបានមករស់នៅឥណ្ឌា ។ ហេតុនេះ វាធ្វើឱ្យស្ទាយរាំលាយឡំគ្នាច្រើន ជាពិសេស វប្បធម៌លោកខាងលិច និងខាងកើតបានជះឥទ្ធិពលមកលើឥណ្ឌារហូតដល់បច្ចុប្បន្ន ។
សរុបមក ការរាំ គឺជាប្រពៃណីដ៏សំខាន់របស់សាសនា និងវប្បធម៌ឥណ្ឌា ហើយវាក៏ជាភាសាផ្លូវកាយដើម្បីបង្ហាញពីអារម្មណ៍ចេញក្រៅ ដោយពួកគេពុំចាំបាច់និយាយតាមមាត់ ។ ឥណ្ឌាមានជំនឿថា ទេវតាបានបង្កើតការរាំនេះមក ហើយក្បាច់រាំនីមួយៗត្រូវប្រើប្រាស់រាងកាយគ្រប់ផ្នែកទាំងអស់ឱ្យមានអត្ថន័យ ដូចជា ៖ ក្បាល និងកែវភ្នែក ៕










