ប្រទេសម៉ាឡេស៊ី ៖ ទុរេនជាផ្លែឈើដែលពលរដ្ឋចិនចូលចិត្តបរិភោគ ហើយដោយសារទុរេនមានតម្លៃថ្លៃ ទើបចិនទិញវាធ្វើជាអំណោយឱ្យគ្នាទៅវិញទៅមក ។ ប៉ុន្តែការដាំដុះទុរេននៅចិនពុំគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការពលរដ្ឋដ៏ច្រើនទេ ហើយចិនចាំបាច់ត្រូវទិញទុរេនពីក្រៅប្រទេស ដែលវាក្លាយជាឱកាសល្អសម្រាប់បណ្តាប្រទេសអាស៊ានមួយចំនួនប្រកួតប្រជែងគ្នានាំចេញទុរេនមានគុណភាពល្អទៅចិន ដូចជា ៖ វៀតណាម, ថៃ និងម៉ាឡេស៊ី ។
កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ការនាំចេញផ្លែទុរេនស្រស់របស់ប្រទេសម៉ាឡេស៊ីទៅចិនបានចាប់ផ្តើមហើយ ដោយម៉ាឡេស៊ីព្យាយាមកែលម្អទុរេនរបស់ខ្លួនឱ្យមានគុណភាពល្អ ដើម្បីបំពេញតម្រូវការអតិថិជនចិនដែលចូលចិត្តទិញទុរេនថៃ និងទុរេនវៀតណាម ។
លោក Datuk Arthur Joseph Kurup អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ីថ្លែងថា ម៉ាឡេស៊ីបានចាប់ផ្តើមនាំចេញទុរេនទៅក្រៅប្រទេស ចំនួន៤០តោន ហើយនឹងបែងចែកជា៣ដំណាក់កាល ។ នៅដំណាក់កាលដំបូង ម៉ាឡេស៊ីបាននាំចេញទុរេនចំនួន២០តោន ទៅអាកាសយានដ្ឋានអន្តរជាតិ Zhengzhou Xinzheng រួចរាល់ហើយ ។
ចំណែកលោក Lim Chin Khee ទីប្រឹក្សាវិទ្យាស្ថានបណ្តុះបណ្តាលកសិករដាំទុរេន Durian Academy និយាយថា ម៉ាឡេស៊ីបានឆ្លងកាត់ការធានាគុណភាពផ្លែឈើពីចិន ដើម្បីនាំចេញទុរេនស្រស់កាលពីខែមិថុនា ឆ្នាំ២០២៤ ហើយម៉ាឡេស៊ីនឹងផ្តោតលើគុណភាពផ្លែឈើច្រើនជាងបរិមាណ ។ ទុរេនម៉ាឡេស៊ីត្រូវបានចាត់ទុកថា គឺជាផលិតផលមានតម្លៃ ហើយការនាំចេញទុរេនលើកនេះមានបរិមាណតិចនៅឡើយ គឺយើងផ្តោតលើអតិថិជនដែលអាចទិញទុរេនមានតម្លៃខ្ពស់ ។
ផ្លែទុរេន ត្រូវបានគេចាត់ទុកថា គឺជាស្តេចផ្លែឈើ ដោយសារវាមានតម្លៃថ្លៃជាងផ្លែឈើនានា ហើយទុរេនជាផ្លែឈើដ៏ពិសេសរបស់ចិន ។ បច្ចុប្បន្ន ជនជាតិចិននិយមទិញទុរេនធ្វើជាអំណោយប្រគល់ឱ្យបងប្អូនសាច់ញាតិក្នុងថ្ងៃពិសេសៗ ព្រមទាំងធ្វើជាអំណោយក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ផងដែរ ។
ក្រៅពីទុរេនម៉ាឡេស៊ី ទុរេនឥណ្ឌូណេស៊ី ក៏ត្រូវអនុវត្តតាមលក្ខខណ្ឌកំណត់គុណភាពផ្លែឈើរបស់ចិនដូចគ្នាដែរ ។ ទុរេនទាំងអស់ដែលប្រទេសនានានាំចេញទៅចិន គឺត្រូវតែឆ្លងកាត់ការត្រួតពិនិត្យ, ការធានាគុណភាព ហើយពេលខ្លះ ចិនអាចប្រមូលទុរេនទាំងនេះស្តុកទុក បើចិនសង្ស័យថា វាលាយឡំសារធាតុមិនល្អ ។ ការអនុវត្តតាមចំណុចទាំងនេះដើម្បីឱ្យប្រាកដចិត្តថា ទុរេននឹងគ្មានសត្វល្អិត និងជំងឺផ្សេងៗ ។
គួរបញ្ជាក់ថា ចិនជាប្រទេសទិញទុរេនច្រើនបំផុតនៅលើពិភពលោក ហើយចិនបាននាំចូលទុរេនរហូតដល់១លាន៤សែនតោន កាលពីឆ្នាំ២០២៣ ក្នុងនោះទុរេន៦៨% ក្នុងចំណោមទុរេនទាំងអស់ គឺចិនទិញពីប្រទេសថៃ ៕










