ប្រទេសនូវែលសេឡង់ ៖ វិស័យទេសចរណ៍នូវែលសេឡង់បានបង្ហាញក្តីបារម្ភពីការបាត់បង់ចំនួនភ្ញៀវទេសចរបរទេស ក្រោយពីរដ្ឋាភិបាលតម្រូវឱ្យភ្ញៀវទេសចរបង់ប្រាក់ចូលប្រទេសកើនឡើង៣ដង ដោយគិតចាប់ពីថ្ងៃទី១ ខែតុលា តទៅ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ។
រដ្ឋាភិបាលនូវែលសេឡង់ប្រកាសថា ភ្ញៀវទេសចរបរទេសនឹងត្រូវបង់ប្រាក់ចូលប្រទេសនូវែលសេឡង់កើនឡើង៣ដង គឺភ្ញៀវទេសចរនឹងបង់ប្រាក់ចំនួន១០០ដុល្លារនូវែលសេឡង់ (ឬស្មើជាង៦៤ដុល្លារអាមេរិក) ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ តទៅ ខណៈកន្លងមក ពួកគេបង់ត្រឹមតែ៣៥ដុល្លារនូវែលសេឡង់ប៉ុណ្ណោះ ។
ការប្រមូលប្រាក់ចូលប្រទេសនូវែលសេឡង់ពីភ្ញៀវទេសចរដើម្បីធានាថា ភ្ញៀវទេសចរនឹងបានរួមចំណែកក្នុងសេវាកម្មសាធារណៈ និងទទួលបានបទពិសោធន៍ល្អៗពេលពួកគេមកជាន់ទឹកដីនូវែលសេឡង់ ។ រដ្ឋាភិបាលបញ្ជាក់ថា បើទោះជាការបង់ប្រាក់ចូលប្រទេសនូវែលសេឡង់កើនឡើងខ្ពស់ក្តី ប៉ុន្តែភ្ញៀវទេសចរនឹងមានទំនុកចិត្តថា នូវែលសេឡង់ជាគោលដៅទេសចរណ៍ដ៏ពេញនិយមលើពិភពលោក ។
វាធ្វើឱ្យមានមតិរិះគន់ពីសំណាក់វិស័យទេសចរណ៍របស់នូវែលសេឡង់ ពាក់ព័ន្ធនឹងការតម្រូវឱ្យភ្ញៀវទេសចរបរទេសបង់ប្រាក់ច្រើនចូលប្រទេស ។ សមាគមឧស្សាហកម្មទេសចរណ៍នូវែលសេឡង់ជឿថា ការប្រមូលប្រាក់ខ្ពស់នេះនឹងក្លាយជាឧបសគ្គសម្រាប់ភ្ញៀវទេសចរ ព្រមទាំងប៉ះពាល់ដល់វិស័យទេសចរណ៍ផងដែរ ខណៈវិស័យនេះបានផ្តល់ប្រាក់ចំណូលយ៉ាងច្រើនចូលប្រទេស ។ ម្យ៉ាងទៀត វិស័យទេសចរណ៍នូវែលសេឡង់ទើបតែងើបឡើងវិញ ក្រោយរងផលប៉ះពាល់ខ្លាំងពីការបិទព្រំដែនពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។
រីបេកកា អ៊ីនក្រេម គឺជានាយកសមាគមឧស្សាហកម្មទេសចរណ៍នូវែលសេឡង់និយាយថា ៖ «ការងើបឡើងវិញនៃវិស័យទេសចរណ៍របស់នូវែលសេឡង់ គឺយឺតជាងប្រទេសផ្សេងៗលើពិភពលោក ។ វិធានការប្រមូលប្រាក់ច្រើនពីភ្ញៀវទេសចរបរទេស វានឹងកាន់តែធ្វើឱ្យនូវែលសេឡង់បាត់បង់ការប្រកួតប្រជែងថែមទៀត» ។
ប្រទេសនូវែលសេឡង់បានចាប់ផ្តើមប្រមូលប្រាក់ចូលប្រទេសពីភ្ញៀវទេសចរបរទេស ចំនួន៣៥ដុល្លារនូវែលសេឡង់ តាំងពីខែកក្កដា ឆ្នាំ២០១៩ ។ ប៉ុន្តែប្រាក់ចំណូលបានពីការប្រមូលប្រាក់ពីភ្ញៀវទេសចរនេះពុំគ្រប់គ្រាន់សម្រាប់ការចាយវាយពាក់ព័ន្ធនឹងភ្ញៀវទេសចរទេ ខណៈនូវែលសេឡង់ត្រូវការពង្រីកហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស និងប្រឈមជាមួយផលប៉ះពាល់លើបរិស្ថានធម្មជាតិដោយសារភ្ញៀវទេសចរ ៕










