កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា សេដ្ឋកិច្ចចិនធ្លាក់ចុះបានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍នានាលើពិភពលោក កាត់បន្ថយការហោះហើរទៅចិន ខណៈរដ្ឋាភិបាលក្រុងប៉េកាំងបានស្វែងរកមធ្យោបាយស្តារទីផ្សារអាកាសចរណ៍អន្តរជាតិឱ្យល្អប្រសើរឡើងវិញ ។
នៅរដូវប្រាំងនេះ ការហោះហើរត្រង់រវាងប្រទេសចិន និងសហរដ្ឋអាមេរិកបានធ្លាក់ចុះប្រមាណ២០% បើធៀបនឹងឆ្នាំ២០១៩ ជាពេលមុនជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។
នាយកផ្នែកស្រាវជ្រាវទេសចរណ៍ចិននិយាយថា ក្រុមហ៊ុនអាកាសចរណ៍លោកខាងលិចបានកាត់បន្ថយការហោះហើរទៅចិនយ៉ាងច្រើន ។ ជាក់ស្តែង ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ក៏បានកាត់បន្ថយការហោះហើរទៅចិនដូចក្រុមហ៊ុនផ្សេងដែរ ដោយក្រុមហ៊ុននេះពន្យារពេលហោះហើរពីទីក្រុង Los Angeles រដ្ឋ California ទៅទីក្រុងសៀងហៃ ដោយសារមានតម្រូវការហោះហើរតិចតួច ។
ចាប់ពីខែតុលា ឆ្នាំ២០២៤ តទៅ ក្រុមហ៊ុនអាកាសចរណ៍ British Airways នឹងផ្អាកការហោះហើរពីទីក្រុងឡុងដ៍ ទៅទីក្រុងប៉េកាំង យ៉ាងហោចណាស់រយៈពេល១ឆ្នាំ ។ រីឯក្រុមហ៊ុនអាកាសចរណ៍ Virgin Atlantic នឹងហោះហើរចេញពីទីក្រុងសៀងហៃ ទៅទីក្រុងឡុងដ៍ នៅខែតុលា ឆ្នាំ២០២៤ ជាលើកចុងក្រោយ ហើយវាជាការបញ្ចប់ការហោះហើររបស់ក្រុមហ៊ុននេះអស់រយៈពេល២៥ឆ្នាំ ។
លោក អេវឺដ វ៉ាង អ្នកវិភាគហិរញ្ញវត្ថុរបស់តៃវ៉ាន់ជឿថា តម្រូវការផ្លាស់ប្តូរបានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍លោកខាងលិចកាត់បន្ថយ ឬលុបចោលការហោះហើរទៅចិន ។ លោកនិយាយថា ៖ «មិនត្រឹមតែការធ្វើដំណើរទៅចិនធ្លាក់ចុះយ៉ាងខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែចំនួនអ្នកដំណើរពីចិនទៅលោកខាងលិច ក៏ធ្លាក់ចុះខ្លាំងដែរ ។ វាអាចបណ្តាលមកពីការពិនិត្យទិដ្ឋាការកាន់តែតឹងរ៉ឹងសម្រាប់អ្នកដំណើរចិន និងការព្យាយាមរបស់ចិនដើម្បីការពារប្រាក់ហូរទៅក្រៅប្រទេស» ។
ចំណែកលោក ជេ វាំង សេដ្ឋវិទូនិយាយថា ៖ «ក្រុមហ៊ុនអាកាសចរណ៍លោកខាងលិចមានគុណភាពសេវាកម្ម និងបច្ចេកវិទ្យាទំនើបជាង ។ ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់ការហោះហើរអន្តរជាតិបានបង្ហាញពីសម្ព័ន្ធភាពការទូត និងនយោបាយ ប៉ុន្តែពេលក្រុមហ៊ុនអាកាសចរណ៍លោកខាងលិចលុបចោលការហោះហើរទៅចិន និងហោះរទៅប្រទេសផ្សេងបង្ហាញថា ចិន និងលោកខាងលិចកាន់តែដាច់ឆ្ងាយពីគ្នាទាំងលើឆាកពិភពលោក និងទំនាក់ទំនងការទូត» ។
លោកបន្តថា ក្នុងរយៈពេលខ្លី វាអាចជួយជំរុញដល់វិស័យអាកាសចរណ៍ចិនដោយការបែងចែកចំណែកទីផ្សារ ប៉ុន្តែក្នុងរយៈពេលវែង វានឹងប៉ះពាល់ដល់ការលូតលាស់សេដ្ឋកិច្ចចិន ព្រមទាំងប៉ះពាល់យុទ្ធសាស្ត្រនយោបាយ និងការទូត នាថ្ងៃអនាគត ។
យោងតាមទិន្នន័យបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍ចិនភាគច្រើនជាកម្មសិទ្ធិរបស់រដ្ឋាភិបាល និងទទួលការលើកទឹកចិត្តពីគណបក្សកុម្មុយនិស្ត ។ នៅឆមាសទី១ ឆ្នាំ២០២៤ ក្រុមហ៊ុនអាកាសចរណ៍ចំនួន៤ របស់ចិនបានខាតបង់ដើមទុនអស់យ៉ាងច្រើន ៕