ប្រទេសសិង្ហបុរី ៖ យើងធ្លាប់បានឮថា ការលាបថ្នាំពណ៌នៅលើជញ្ជាំងលំនៅឋាននឹងអាចជួយកាត់បន្ថយកំដៅបាន ប៉ុន្តែវានឹងល្អកម្រិតណា បើយើងអាចធ្វើឱ្យទីក្រុងទាំងមូលកាន់តែត្រជាក់ជាងមុន ដោយការលាបថ្នាំពណ៌នៅតាមតំបន់ផ្សេងៗក្នុងទីក្រុង ។
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Nanyang Technological ប្រទេសសិង្ហបុរី បានបង្កើតថ្នាំពណ៌ធ្វើឱ្យទីក្រុងកាន់តែត្រជាក់ និងអាចកាត់បន្ថយសីតុណ្ហភាព ចាប់ពី១អង្សារសេ ទៅ២អង្សារសេ ។
ការស្រាវជ្រាវនេះបានសាកល្បងយកថ្នាំពណ៌ប្រភេទថ្មីទៅលាបតាមតំបន់ផ្សេងៗក្នុងទីក្រុង ដូចជា ៖ លាបលើរបង, ដំបូលអគារ, តាមផ្លូវ និងផ្លូវសម្រាប់អ្នកថ្មើរជើង ។ ក្រុមអ្នកស្រាវជ្រាវបានប្រមូលទិន្នន័យអំពីបរិយាកាសប្រែប្រួល, សីតុណ្ហភាព, សំណើម និងកាំរស្មី UV អស់រយៈពេលជាង២ខែ ដោយធ្វើការប្រៀបធៀបតំបន់លាបថ្នាំពណ៌ប្រភេទថ្មី និងតំបន់ពុំបានលាបថ្នាំពណ៌ ។
តាមការសរុបលទ្ធផលសាកល្បងខាងលើបញ្ជាក់ថា តំបន់បានលាបថ្នាំពណ៌អាចបញ្ចេញកំដៅដែលកើតឡើងដោយសារការដ្ឋានសំណង់ បានល្អជាងតំបន់ពុំបានលាបថ្នាំពណ៌ រហូតដល់៣០% ឯណោះ ។ ក្រៅពីនេះ វាអាចកាត់បន្ថយសីតុណ្ហភាពចាប់ពី១អង្សារសេ ទៅ២អង្សារសេ ក្នុងពេលអាកាសធាតុក្តៅបំផុត ។
បើប្រៀបធៀបដំបូលអគារបានលាបថ្នាំពណ៌ប្រភេទថ្មីជាមួយដំបូលអគារធម្មតាឃើញថា ដំបូលបានលាបថ្នាំពណ៌អាចកាត់បន្ថយកំដៅរហូតដល់៤០% ក្នុងពេលអាកាសធាតុក្តៅបំផុត ។ ក្រុមអ្នកស្រាវជ្រាវបានដាក់បញ្ចូលសារធាតុគីមីក្នុងថ្នាំពណ៌ថ្មីដើម្បីជួយកាត់បន្ថយកំដៅថ្ងៃ ព្រមទាំងជួយឱ្យតំបន់នានាក្នុងទីក្រុងគួរឱ្យចង់រស់នៅ ។
វាជាការស្រាវជ្រាវលើកដំបូង និងបានសាកល្បងលាបថ្នាំពណ៌ក្នុងទីក្រុងបង្ហាញថា ការលាបថ្នាំពណ៌នៅផ្នែកខាងក្រៅអាចជួយកាត់បន្ថយសីតុណ្ហភាពរបស់អគារ និងតំបន់ផ្សេងៗក្នុងទីក្រុងដ៏ធំ ។ ការប្រើប្រាស់ថ្នាំពណ៌នេះជាវិធីងាយស្រួល ដែលអាចជួយឱ្យលំនៅឋាន និងអគារផ្សេងៗក្នុងទីក្រុងគួរឱ្យចង់រស់នៅជាងមុន ស្របពេលអាកាសធាតុលើពិភពលោក កាន់តែក្តៅខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ៕