ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៩៣,៦ លានដុល្លារ ដើម្បីកែលម្អ និងពង្រីកការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និង អនាម័យមូលដ្ឋាន (WASH) ដែលធន់នឹងអាកាសធាតុ និងប្រកបដោយបរិយាបន្ន នៅទីជនបទសម្រាប់ ៨៨.០០០ គ្រួសារ ក្នុងភូមិចំនួន ៤០០ នៃឃុំចំនួន ៥០ ក្នុងប្រាំបួនខេត្តនៃប្រទេសកម្ពុជា។
ការផ្តត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាន នៅតំបន់ជនបទនេះ នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់លទ្ធភាពទទួលបានជាសកលនូវការផ្គត់ផ្គង់ទឹកនិងសម្ភារៈអនាម័យ ដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាព នៅតំបន់ជនបទ និងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបាន គ្រឿងបរិក្ខាររក្សាអនាម័យ ដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាព រួមជាមួយតម្លៃសមរម្យសម្រាប់សេវាទាំងនោះ។
កម្មវិធីនេះរួមបញ្ចូលជំនួយឥតសំណងចំនួន ៣លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់វិបុលភាពនិង ភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (JFPR)។
គួរបញ្ជាក់ផងដែរថា កម្មវិធីកែលម្អ និងពង្រីកការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និង អនាម័យមូលដ្ឋាន នេះនឹងផ្តោតសំខាន់លើការជួយដល់ ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ស្ពឺ កំពត ក្រចេះ ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ និងស្ទឹងត្រែង៕