បើនិយាយពីមាសមនុស្សភាគច្រើនប្រាកដជានឹកឃើញដល់ប្រទេសចិន និងឥណ្ឌាមុនគេហើយ ទោះជាយ៉ាងណាមិនមែនប្រទេសទាំងពីរនេះទេ ដែលមានទុនបម្រុងមាសច្រើនជាងគេបំផុតនៅលើពិភពលោកនោះ។ មាស គឺជាទំនិញមួយប្រភេទដែលត្រូវបានគេជួញដូរជាសកល និងប្រើប្រាស់អស់រយៈពេលជាច្រើនពាន់ឆ្នាំមកហើយ បើទោះបីជាក្រដាសប្រាក់ហាក់មានភាពងាយស្រួលក្នុងការប្រើប្រាស់ជាងក៏ពិតមែន ប៉ុន្តែ “មាស” គឺនៅតែត្រូវបានចាត់ទុកថា ជារូបិយវត្ថុដ៏មានតម្លៃបំផុតលើវិស័យពាណិជ្ជកម្ម។ ដូច្នេះហើយ តើលោកអ្នកដឹងទេថា ប្រទេសណាមានទុនបម្រុងមាសច្រើនជាងគេបំផុតលើពិភពលោក?
សម្រាប់ចម្លើយនោះគឺប្រទេសសហរដ្ឋអាមេរិក យោងតាមទិន្នន័យពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងក្រុមប្រឹក្សាមាសពិភពលោក (WGC) នៅចុងឆ្នាំមុន សហរដ្ឋអាមេរិកគឺជាប្រទេសដែលមានទុនបម្រុងមាសច្រើនជាងគេបំផុតនៅលើពិភពលោកគឺ ៨,១៣៣ តោនដែលចំនួននេះត្រូវបានរក្សាទុកជាចម្បងនៅក្នុងឃ្លាំងមាស Fort Knox និងនៅធនាគារ Federal Reserve Bank of New York ។ ឃ្លាំងមាសរបស់ធនាគារនេះត្រូវបានគេនិយាយថា ជាកន្លែងដែលរក្សាទុកមាសច្រើនជាងគេបំផុតក្នុងពិភពលោក ជាមួយនឹងដុំមាសចំនួន ៧,០០០ តោន រួមទាំងមាសដែលដាក់ដោយប្រទេសជាច្រើន និងអង្គការអន្តរជាតិដូចជា មូលនិធិរូបិយវត្ថុជាតិ (IMF) ឬធនាគារពិភពលោក ខណៈឃ្លាំងមាស Fort Knox រក្សាទុកមានត្រឹមតែជាង ១០០០ តោនប៉ុណ្ណោះ។
កន្លែងរក្សាមាសទាំងពីរនេះគឺស្ថិតក្នុងបន្ទប់ក្រោមដីស្ថិតនៅជម្រៅជ្រៅបំផុត ហ៊ុព័ទ្ធដោយថ្មរឹង ហើយកងកម្លាំងសន្តិសុខដែលយាមបន្ទប់ក្រោមដីសុទ្ធតែជាអ្នកកាន់អាវុធ ហើយលើសពីនេះទៀតបន្ទប់ក្រោមដីក៏ត្រូវបានការពារដោយទ្វារដែកទម្ងន់ ៩០ តោនផងដែរ។ WGC កំណត់អត្តសញ្ញាណមាសជាធាតុផ្សំដ៏សំខាន់នៅក្នុងទុនបម្រុងរបស់ធនាគារកណ្តាលទូទាំងពិភពលោក ដោយសារសុវត្ថិភាព សាច់ប្រាក់ងាយស្រួល និងប្រាក់ចំណេញខ្ពស់។ ទីភ្នាក់ងារទាំងនេះក៏ជាក្រុមកាន់កាប់មាសដ៏ធំបំផុតរបស់ពិភពលោកដែលមានចំនួន ២០% នៃមាសដែលត្រូវបានជីកយកនៅទូទាំងពិភពលោករហូតមកដល់បច្ចុប្បន្នផងដែរ។ ទោះជាយ៉ាងណាក្រៅពីប្រទេសអាមេរិក អាល្លឺម៉ង់ក៏ជាប្រទេសដែលមានទុនបម្រុងមាសច្រើនជាងគេទីពីរក្នុងលោកផងដែរជាមួយនឹង ៣,៣៥២ តោន៕










