កោះបាលីគឺជាកោះមួយស្ថិតក្នុងប្រទេសឥណ្ឌូនេស៊ីដែលមានភាពល្បីល្បាញខ្លាំងនៅអាស៊ីអាគ្នេយ៍ដោយសារមានប្រាសាទបុរាណជាច្រើន ដែលប្រាសាទនីមួយៗសុទ្ធតែមានភាពស្រស់ស្អាតប្លែក និងបទពិសោធន៍គួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងក្រសែភ្នែកភ្ញៀវទេសចរអន្តរជាតិ។ កោះនេះក្រៅពីមានភាពល្បីល្បាញសម្រាប់ប្រាសាទពិសិដ្ឋរបស់ខ្លួនដែលមានរចនាបថពុទ្ធសាសនាហិណ្ឌូ ក៏មានកោះតូចៗមួយចំនួនទៀតនៅឆ្នេរសមុទ្រដ៏ស្រស់ស្អាត Nusa Penida, Nusa Lembongan និង Nusa Ceningan ទៀតផង។ ទោះជាយ៉ាងណាថ្ងៃនេះ Admin ចង់នាំប្រិយមិតុ្តមកស្គាល់ប្រាសាទល្បីៗចំនួន ៤ នៅកោះបាលី៖
១.ប្រាសាទ Tanah Lot៖ ប្រាសាទ Tanah Lot ស្ថិតនៅលើកោះថ្មមួយក្បែរឆ្នេរសមុទ្រប៉ាស៊ីហ្វិក នៅពេលជំនោរឡើងខ្ពស់ កន្លែងនេះនឹងនៅដាច់ឆ្ងាយពីកណ្តាលសមុទ្រ។ Tanah Lot គឺជាប្រាសាទហិណ្ឌូដ៏ល្បីល្បាញ ដែលប្រជាជនជឿថាកន្លែងនេះនៅតែត្រូវបានការពារដោយវិញ្ញាណពស់ ហើយពួកគេនាំគ្នាមកទីនេះដើម្បីបួងសួងនៅថ្ងៃបុណ្យធំៗជារៀងរាល់ឆ្នាំ។ ហើយប្រាសាទនេះក៏ជាកន្លែងដែលមនុស្សជាច្រើនមកទស្សនាកម្សាន្តជារៀងរាល់ថ្ងៃផងដែរ ព្រោះវាមានទីតាំងល្អសម្រាប់មើលថ្ងៃលិច។
២.ប្រាសាទ Pura Ulun៖ ប្រាសាទ Pura Ulun ត្រូវបានសាងសង់ក្នុងឆ្នាំ ១៦៣៣ គឺជាប្រាសាទឧទ្ទិសដល់ទេពធីតាទឹក Dewi Danu ។ ប្រាសាទ Pura Ulun មានទីតាំងនៅជាប់នឹងច្រាំងនៃបឹង Bratan ដែលជាបឹងធំទីពីរនៅកោះបាលីបង្កើតឡើងពីក្រហូងនៃភ្នំភ្លើងចាស់នៅកម្ពស់ ១,២០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ ភ្ញៀវទេសចរកត់សម្គាល់ឃើញថា ប្រាសាទនេះគឺមានភាពត្រជាក់ខ្លាំងណាស់ ព្រោះវាមានទីតាំងខ្ពស់ជាប់នឹងបឹង នៅពេលទឹកបឹងឡើងខ្ពស់ ប្រាសាទហាក់អណ្តែតលើទឹក។ ដូច្នេះកន្លែងនេះបានក្លាយជាកន្លែង check-in ដ៏ល្បីល្បាញមួយសម្រាប់អ្នកទេសចរទាំងអស់ត្រូវបានណែនាំឱ្យមកទីនេះពេលមកដល់កោះបាលី។
៣.ប្រាសាទ Tirta Empul៖ ប្រាសាទ Tirta Empul មានចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីកណ្តាលកោះបាលី ស្ថិតនៅត្រង់ជើងនៃវិមានប្រធានាធិបតី Tampaksiring ដែលជាវិមានដ៏សំខាន់មួយរបស់កោះបាលី។ វាត្រូវបានសាងសង់ក្នុងសតវត្សទី ១០ ជាប្រាសាទដែលមានលក្ខណៈពិសេសបំផុត ព្រោះវាត្រូវបានហ៊ុព័ទ្ធដោយទឹកហូរពីកំពូលភ្នំខ្ពស់ដែលមិនរីងស្ងួតពេញមួយឆ្នាំ។ ប្រជាជនក្នុងតំបន់តែងតែមកទីនេះដើម្បីចូលរួមក្នុងពិធីបុណ្យជ្រមុជទឹកដ៏បរិសុទ្ធ ដែលត្រូវបានគេស្គាល់ថា Melukat ។ ពួកគេបានលុបមុខនិងសម្អាតកាយជាមួយទឹកបរិសុទ្ធមួយក្នុងចំណោមប្រភពទឹកបរិសុទ្ធចំនួន ១២ ដើម្បីលាងជម្រះសំណាងអាក្រក់ និងសង្ឃឹមថានឹងបានជាសះស្បើយពីជំងឺដង្កាត់ផ្សេងៗ។
៤.ប្រាសាទ Pura Luhur Uluwatu៖ ប្រាសាទដ៏ល្បីល្បាញនេះគឺស្ថិតនៅភាគនិរតីនៃ Bukit ក្នុងកោះបាលី គឺជាប្រាសាទមួយក្នុងចំណោមប្រាសាទទាំងប្រាំមួយ ដែលគោរពបូជាដល់ព្រះ Acintya ដែលជាព្រះកំពូលនៃសាសនាហិណ្ឌូ។ ប្រាសាទ Pura Luhur Uluwatu មានទីតាំងនៅលើច្រាំងថ្មប្រហែល ៧០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ បរិវេណប្រាសាទមានទំហំធំទូលាយ ដែលអនុញ្ញាតឱ្យអ្នកគយគន់មហាសមុទ្រឥណ្ឌាដ៏ធំល្វឹងល្វើយ និងទឹកពណ៌បៃតងត្បូងមរកត។ កន្លែងនេះក៏ជួយឱ្យអ្នកទស្សនាទទួលបាននូវបទពិសោធន៍ទាំងធម្មជាតិ និងវប្បធម៌ ជាពិសេសគឺនៅពេលបានឃើញការសម្តែងរបាំគគីរ ដែលជារបាំប្រពៃណីគួរឱ្យចាប់អារម្មណ៍បំផុតនៅលើកោះបាលី៕










