បរទេស៖ ប្រទេសណាមីប៊ីដែលស្ថិតក្នុងទ្វីបអាហ្វ្រិកគ្រោងនឹងបាញ់សម្លាប់សត្វដំរីចំនួន ៨៣ ក្បាល និងសត្វព្រៃជាច្រើនទៀត ក្នុងគោលបំណងមួយនេះ។
កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន រុក្ខាប្រមាញ់ និងទេសចរណ៍របស់ប្រទេសណាមីប៊ីបានប្រកាសថា ខ្លួននឹងបរបាញ់សត្វព្រៃជាង ៧០០ ក្បាល ដែលក្នុងនោះរួមមាន៖ សេះបង្កង់ ក្តាន់ ដំរីទឹក ក្របី ខ្លា និងសត្វដំរីធម្មតា ដើម្បីធ្វើជាអាហារសម្រាប់ចែកចាយដល់ប្រជាជនក្រីក្រដែលកំពុងអត់ឃ្លាន នៅពេលដែលប្រទេសអាហ្វ្រិកភាគនិរតីមួយនេះបានទទួលរងនូវគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេល ១០០ ឆ្នាំ។
ជាមួយនឹងគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរបែបនេះ ជម្លោះមនុស្ស និងសត្វព្រៃត្រូវបានគេរំពឹងថានឹងកើនឡើង ប្រសិនបើអាជ្ញាធរមិនធ្វើអន្តរាគមន៍។ ហើយស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនរបស់ប្រទេសណាមីប៊ី ត្រូវបានគេរំពឹងថានឹងជួបប្រទះនូវកម្រិតអសន្តិសុខស្បៀងខ្ពស់នៅក្នុងប៉ុន្មានខែខាងមុខនេះ ដោយសារប្រទេសណាមីប៊ីបានអស់អាហារបម្រុង ៨៤% របស់ខ្លួនកាលពីខែមុន នេះបើយោងតាមអង្គការសហប្រជាជាតិ។ 
ដូច្នេះការសម្លាប់សត្វព្រៃធ្វើជាអាហារគឺជាដំណោះស្រាយដ៏ល្អបំផុត ក៏ដូចជាកាត់បន្ថយសម្ពាធលើប្រភពទឹកដែលមានស្រាប់នៅក្នុងតំបន់ដែលមានចំនួនសត្វព្រៃច្រើនលើសលប់ រួមទាំងកាត់បន្ថយហានិភ័យនៃជម្លោះរវាងសត្វព្រៃ និងមនុស្ស នៅពេលដែលសត្វស្វែងរកអាហារ និងទឹកក្នុងអំឡុងពេលគ្រោះរាំងស្ងួត។ បើយោងតាមរបាយការណ៍អ្នកប្រមាញ់អាជីពនឹងត្រូវបានអនុញ្ញាតឱ្យបាញ់សត្វដំរីចំនួន ៨៣ ក្បាល រួមជាមួយនឹងដំរីទឹក ៣០ ក្បាល, ក្របី ៦០ ក្បាល, ក្តាន់ ៥០ ក្បាល, ខ្លា ១០០ ក្បាល និងសត្វសេះបង្កង់ចំនួន ៣០០ ក្បាលនៅក្នុងឧទ្យាន និងតំបន់សហគមន៍។
គួរបញ្ជាក់ដែរថា ណាមីប៊ីបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នចាប់តាំងពីខែឧសភា ឆ្នាំ២០២៤ មកដោយសារគ្រោះរាំងស្ងួតធ្ងន់ធ្ងរ។ គេប៉ាន់ប្រមាណថាប្រហែលពាក់កណ្តាលនៃចំនួនប្រជាជនរបស់ប្រទេសដែលស្មើនឹង ១.៤ លាននាក់នឹងប្រឈមមុខនឹងអសន្តិសុខស្បៀងដោយសារតែដំណាំដែលរងផលប៉ះពាល់។ ក្រសួងបរិស្ថានបាននិយាយថា “សមយុទ្ធនេះគឺជាការចាំបាច់បំផុត និងស្របតាមអាណត្តិរដ្ឋធម្មនុញ្ញរបស់យើង ដែលធនធានធម្មជាតិរបស់យើងត្រូវបានប្រើប្រាស់សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋណាមីប៊ី”៕










