រូបិយប័ណ្ណ ឬនិយាយដោយសាមញ្ញថាលុយ ជាវត្ថុម្យ៉ាងដែលមនុស្សត្រូវការ ដើម្បីចាយវាយសម្រាប់ជីវភាពប្រចាំថ្ងៃ។ នៅលើពិភពលោក មិនថាកម្ពុជា ឬប្រទេសដទៃនោះទេ សុទ្ធតែមានសិទ្ធក្នុងការផលិតលុយបានដោយខ្លួនឯង។
ពាក់ព័ន្ធនឹងករណីនេះ ពលរដ្ឋមួយចំនួននឹងតែមានចម្ងល់ថា បើធនាគារជាតិកម្ពុជា អាចបោះពុម្ពលុយបានដោយខ្លួនឯង ហេតុអ្វីមិនផលិតឱ្យច្រើន ចែកពលរដ្ឋក្នុងប្រទេសរបស់ខ្លួនឱ្យក្លាយជាអ្នកមានគ្រប់គ្នាតែម្តងទៅ?
ការធ្វើបែបនេះ កម្ពុជាអាចធ្វើបាន ក៏ប៉ុន្តែការដែលបោះពុម្ពលុយច្រើនពេក នឹងបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចកើតឡើង ដែលធ្វើឱ្យទំនិញសព្វសារពើឡើងថ្លៃ សេវាកម្មនានាឡើងថ្លៃ និយាយរួមអ្វីៗសុទ្ធតែឡើងថ្លៃ ខណៈតម្លៃលុយធ្លាក់ចុះខ្លាំង ដែលភាសាបច្ចេកទេសហៅថាអតិផរណា។
ជាធម្មតា នាគារជាតិកម្ពុជា អាចបោះពុម្ពក្រដាសប្រាក់ថ្មី លុះត្រាតែការបោះពុម្ពនោះ គឺប្រើប្រាស់ដើម្បីជំនួសក្រដាសប្រាក់ចាស់ៗដែលត្រូវច្រៀកបំផ្លាញចោលនៅធនាគារជាតិ។
គួរបញ្ជាក់ផងដែរថា ក្រោយពីទទួលបានឯករាជ្យពីប្រទេសបារាំងនាឆ្នាំ ១៩៥៣ កម្ពុជាបានបង្កើតប្រាក់រៀលលើកដំបូងរបស់ខ្លួន តែមិនយូរប៉ុន្មានក៏បានបាត់បង់ទៅវិញនៅឆ្នាំ ១៩៧៥ដល់១៩៧៩ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មុននឹងដាក់ឱ្យចរាចរវិញនៅឆ្នាំ១៩៨០ មកទល់បច្ចុប្បន្ន៕
		
	









