អត្រាអត់ការងារធ្វើក្នុងចំណោមយុវជនចិនបានកើនឡើងដល់ ១៧.១ ភាគរយ កាលពីខែកក្កដា ដែលជាកម្រិតខ្ពស់បំផុតនៅឆ្នាំ២០២៤នេះ ខណៈចិន មហាអំណាចសេដ្ឋកិច្ចធំលំដាប់ទីពីររបស់ពិភពលោកកំពុងប្រឈmមុខនឹងមុខវិបត្តិសេដ្ឋកិច្ច ដោយសង្កត់ធ្ងន់ទៅលើវិស័យអចលនទ្រព្យ និងឧស្សាហកម្មធ្លាក់ចុះ។
កាលពីខែមិថុនា ឆ្នាំ២០២៣ អត្រាអ្នកអត់ការងារធ្វើរបស់យុវជនចិនបានកើនឡើងដល់ ២១.៣% ក្រោយមកទើបរាជរដ្ឋាភិបាលចិន បានព្យាយាមកែសម្រួលយុទ្ធសាស្រ្តផ្សេងៗ។ យ៉ាងណាមិញ បើប្រៀបធៀបជាមួយនឹងខែមិថុនានៃឆ្នាំ២០២៤ តួលេខអ្នកអត់ការងារធ្វើនៅត្រឹម ១៣.២%។ ប៉ុន្តែអត្រានេះ បែរជាកើនឡើងគួរឲ្យកត់សម្គាល់កាលពីខែកក្កដា រហូតដល់ ១៧.១%។ 
និស្សិតចិនជិត ១២ លាននាក់ បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យចិនក្នុងខែមិថុនាកន្លងទៅថ្មីៗនេះ បានប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងក្នុងទីផ្សារការងារ ដែលនេះហើយទំនងជាមូលហេតុនៃអត្រាអ្នកគ្មានការងារធ្វើកើនឡើងខ្ពស់បែបនេះ។ ជាការកត់សម្គាល់ យុវជនចិន ដែលមានអាយុចន្លោះពី ១៦ ទៅ ២៤ ឆ្នាំដែលរៀនចប់ពីសកលវិទ្យាល័យ គឺភាគច្រើនគ្មានការងារធ្វើ។
ទិន្នន័យថ្មីៗនេះក៏បង្ហាញពីការធ្លាក់ចុះនៃកំណើនផលិតកម្មឧស្សាហកម្មក្នុងប្រទេសចិន ដែលធ្លាក់ចុះប្រមាណ ៥.១% កាលពីខែកក្កដា។ ចំណែកឯវិស័យអចលនទ្រព្យនៅតែបន្តជួបការលំបាក ដោយទីក្រុងធំៗរាយការណ៍ពីការធ្លាក់ចុះតម្លៃអចលនទ្រព្យជាបន្តបន្ទាប់ ដែលឆ្លុះបញ្ចាំងពីតម្រូវការថមថយ។
យ៉ាងណាមិញ ចិនក៏ទទួលរងសម្ពាធពីអន្តរជាតិ ដែលរួមមានសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បាននឹងកំពុងដាក់ទណ្ឌកម្មពាណិជ្ជកម្មកាន់តែខ្លាំងឡើង ជាពិសេសគឺលើផលិតផលចិនតម្លៃថោកៗ និងការប្រកួតប្រជែងលើវិស័យផ្សេងៗ។ បន្ថែមពីនេះ ចិនក៏ជាប្រទេសមួយដែលជំពាក់បំណុលច្រើនជាងបំផុតនៅលើពិភពលោកផងដែរ៕










