ប្រទេសវៀតណាម ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក ឡេ មិនហួន ថ្លែងថា វៀតណាមគួរតែជំរុញទុរេនឱ្យក្លាយជាផ្លែឈើតំណាងជាតិ តាមរយៈការកំណត់ស្តង់ដារគុណភាព និងបង្កើតម៉ាកយីហោ ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសនាំចេញទុរេន ដូចជា ៖ ថៃ និងម៉ាឡេស៊ី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ។
រដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះបន្តថា ការជំរុញឱ្យទុរេនក្លាយជាផ្លែឈើ ឬផលិតផលតំណាងជាតិ ចាំបាច់ត្រូវតែពឹងផ្អែកលើគោលនយោបាយកសិកម្មដ៏ទូលំទូលាយ និងបណ្តុះបណ្តាលផ្តល់ចំណេះដឹងដល់កសិករ និងផ្នែកអាជីវកម្ម ។ នេះជាចំណុចសំខាន់ ដោយសារបច្ចុប្បន្ន វៀតណាមដើរតាមក្រោយប្រទេសថៃ និងម៉ាឡេស៊ី ក្នុងការនាំចេញផ្លែឈើទៅប្រទេសចិន ហើយការដាំដុះទុរេននៅវៀតណាមមានទ្រង់ទ្រាយតូច និងដាំដុះក្នុងតំបន់ឆ្ងាយៗពីគ្នា ។
ក្រៅពីនេះ ផលិតផលនីមួយៗត្រូវតែឆ្លងកាត់លក្ខណៈវិនិច្ឆ័យជាច្រើនដំណាក់កាល ដើម្បីឱ្យវាមានគុណសម្បត្តិក្លាយជាផលិតផលតំណាងជាតិ ដូចជា ៖ ទំហំ, សមត្ថភាពប្រកួតប្រជែងផ្នែកនាំចេញ, ការប្រើប្រាស់បច្ចេកវិទ្យា និងសក្តានុពលកាន់កាប់កម្មសិទ្ធិបញ្ញា ។
ក្រុមអ្នកជំនាញវៀតណាមរំពឹងថា នៅចុងឆ្នាំ២០២៤នេះ ការនាំចេញទុរេនរបស់វៀតណាមនឹងកើនឡើងរហូតដល់៣ពាន់៥រយលានដុល្លារអាមេរិក ដោយសារការពិចារណាពីលក្ខខណ្ឌអំណោយផល នាពេលបច្ចុប្បន្ន ។
គួរបញ្ជាក់ថា ប្រទេសវៀតណាមទទួលបានប្រាក់ចំណូលពីការនាំចេញទុរេន ស្មើប្រមាណ១ពាន់៧រយលានដុល្លារអាមេរិក គិតចាប់ពីខែមករា រហូតដល់ខែកក្កដា ឆ្នាំ២០២៤ ។ រីឯចិន គឺជាប្រទេសនាំចូលទុរេនវៀតណាមច្រើនបំផុត ។
ការនាំចេញទុរេនទៅចិន គឺវៀតណាមមានប្រៀបជាងប្រទេសផ្សេងៗ ដោយសារវៀតណាមលក់ទុរេនថោកជាងគេ រហូតដល់២០% និងនាំចេញទៅចិនឆាប់រហ័សទៀតផង ។ វាបានធ្វើឱ្យប្រទេសនានាភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះចិនទើបតែអនុញ្ញាតឱ្យវៀតណាមនាំចេញទុរេនទៅប្រទេសខ្លួនកាលពីឆ្នាំ២០២២ ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន ទុរេនវៀតណាមបានវ៉ាដាច់ទុរេនថៃក្នុងទីផ្សារចិន ។
មូលហេតុធ្វើឱ្យទុរេនវៀតណាមមានប្រៀបជាងគេ ដោយសារវៀតណាមមានព្រំដែនជាប់ចិន ទើបការចំណាយដើមទុនដឹកជញ្ជូនទុរេនអស់ថោកជាងប្រទេសផ្សេង ។ ហេតុនេះ វៀតណាមអាចលក់ទុរេនឱ្យចិនក្នុងតម្លៃថោកបាន ៕










