ប្រទេសឡាវ ៖ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា បញ្ហានានា និងស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះរបស់ប្រទេសឡាវបច្ចុប្បន្ន នៅពុំទាន់អាចងើបឡើងវិញដូចពេលមុនការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ទេ ។ ហេតុនេះ ធ្វើឱ្យសិស្ស-និស្សិតបោះបង់ការសិក្សា និងចំណាកស្រុកកាន់តែច្រើន ពីព្រោះមើលមិនឃើញអនាគតរបស់ខ្លួនទៅជាយ៉ាងណា ។
នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិបានចេញរបាយការណ៍មួយនិយាយពីសេដ្ឋកិច្ចឡាវ ប្រចាំខែកក្កដា ឆ្នាំ២០២៤ បញ្ជាក់ថា បច្ចុប្បន្ន វិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ឡាវពុំអាចងើបឡើងវិញទេ ដោយសាររចនាសម្ព័ន្ធសេដ្ឋកិច្ចផុយស្រួយ និងទំហំសេដ្ឋកិច្ចតូច ។ ក្រៅពីនេះ មានកត្តាជាច្រើនទៀតគួរឱ្យបារម្ភ ដូចជា ៖ ប្រាក់គីបធ្លាក់ថ្លៃ, អតិផរណាខ្ពស់ និងទំនិញឡើងថ្លៃ បានធ្វើឱ្យពលរដ្ឋឡាវប្រឈមនឹងបញ្ហាការចំណាយប្រាក់ខ្ពស់ក្នុងជីវភាពប្រចាំថ្ងៃ ។
ចំណែកតួលេខបំណុលសាធារណៈបានកើនឡើងរហូតដល់១០៨% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលស្មើទឹកប្រាក់ជាង១៣.៨០០លានដុល្លារអាមេរិក ដែលឡាវបានខ្ចីប្រាក់ពីក្រៅប្រទេស ។ វាដល់ពេលឡាវត្រូវសងបំណុលបរទេសទាំងប្រាក់ដើម និងការប្រាក់ ។
ក្រសួងហិរញ្ញវត្ថុឡាវបញ្ជាក់នាពេលថ្មីៗថា នៅឆ្នាំ២០២៤ រដ្ឋាភិបាលត្រូវការរូបិយប័ណ្ណបរទេសសម្រាប់ការគ្រប់គ្រងប្រទេស និងសងបំណុល យ៉ាងហោចណាស់ ស្មើនឹង១ម៉ឺនលានដុល្លារអាមេរិក ។ ប្រទេសឡាវនៅតែខ្វះខាតប្រាក់ ដោយសារធនាគារឡាវមានប្រាក់ត្រឹមតែ៣.០០០លានដុល្លារអាមេរិកប៉ុណ្ណោះ ។
រីឯទំនិញផ្សេងៗនៅឡាវ ចេះតែឡើងថ្លៃខ្ពស់កប់ពពក ដូចជា ៖ តម្លៃអង្ករ កើនឡើង១៨,៧%, ភេសជ្ជៈ កើនឡើង៣៧%, ស្រាបៀរ កើនឡើង៤២%, ថ្លៃទឹក-ភ្លើង និងហ្គាស កើនឡើង៣៤% ។ តម្លៃទំនិញនានានឹងកើនឡើងខ្ពស់ជាងនេះទៀត ដោយសាររដ្ឋាភិបាលគ្មានវិធានការបញ្ចុះតម្លៃទំនិញ ។
ដូចគ្នានេះ អតិផរណានៅឡាវ គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ បានកើនឡើង២៦,១% ដោយសារមូលហេតុចំនួន៣ ដូចជា ៖
១-ប្រាក់គីបធ្លាក់ថ្លៃ បើធៀបនឹងប្រាក់ដុល្លារអាមេរិក, ប្រាក់បាតថៃ និងប្រាក់យាន់ចិន
២-ការផលិតទំនិញក្នុងស្រុកមិនរឹងមាំ ហើយឡាវត្រូវពឹងផ្អែកលើការនាំចូលទំនិញពីបរទេសយ៉ាងខ្លាំង រួមមាន ៖ បន្លែ, ផ្លែឈើ, ម្ហូបអាហារ, ទំនិញប្រើប្រាស់ និងទំនិញឧស្សាហកម្ម
៣-រដ្ឋាភិបាលពុំអាចទប់ស្កាត់កុំឱ្យទំនិញផ្សេងៗឡើងថ្លៃ ។
លើសពីនេះ ឡាវខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំង ដោយសារយុវជនឡាវនាំគ្នាចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ស្របពេលរដ្ឋាភិបាលបានចុះ MOU ជាមួយប្រទេសថៃ និងកូរ៉េខាងត្បូង ដើម្បីបញ្ជូនពលកររបស់ខ្លួនទៅធ្វើការនៅប្រទេសទាំងនេះ ។
ពលករឡាវទៅធ្វើការនៅក្រៅប្រទេសភាគច្រើន គឺជាសិស្ស-និស្សិត ដែលពុំបានបន្តការសិក្សានៅសាកលវិទ្យាល័យ ដោយសារពួកគេមើលមិនឃើញអនាគត ក្រោយបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ។ យុវជនឡាវពុំអាចរកការងារល្អធ្វើក្នុងប្រទេសរបស់ខ្លួន ទើបធ្វើឱ្យអាជីវកម្មខ្នាតតូច និងមធ្យម (SMEs) នៅឡាវ ដូចជា ៖ សណ្ឋាគារ , ភោជនីយដ្ឋាន និងការងារសំណង់ ប្រឈមនឹងការខ្វះខាតកម្លាំងពលកម្មខ្លាំង បើទោះជាអាជីវកម្មទាំងនេះបានប្រកាសជ្រើសរើសបុគ្គលិកមកធ្វើការក្តី ប៉ុន្តែគ្មានអ្នកដាក់ពាក្យ ។
យុវជនឡាវដឹងយ៉ាងច្បាស់ថា ក្រុមហ៊ុនទាំងនេះផ្តល់ប្រាក់ខែឱ្យតិចតួច និងពុំគ្រប់គ្រាន់សម្រាប់ការចំណាយប្រចាំខែ ។ វាបានក្លាយជាបញ្ហាសំខាន់រវាងក្រុមហ៊ុន និងយុវជន ហើយរដ្ឋាភិបាលពុំបានជួយដោះស្រាយឱ្យពលរដ្ឋមានជីវភាពសមរម្យទេ ទើបមតិនានាសួរថា ហេតុអ្វីឡាវជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដល់ថ្នាក់នេះ?










