ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មាន AFP រាយការណ៍ថា សមត្ថកិច្ច និងអ្នកជិតខាងបានរកឃើញសាកស.ព ស្ត្រីម្នាក់ដែលត្រូវក្រពើត្របា.ក់ស៊ី រហូតដល់ស្លា.ប់ ក្រោយពីស្ត្រីរូបនេះបាត់ខ្លួនពេលកំពុងរាវខ្យងនៅកោះ Maluku ស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ី ។ ហេតុការណ៍នេះធ្វើឱ្យមនុស្សម្នាតក់ស្លុ.ត យ៉ាងខ្លាំង ពីព្រោះវាពុំមែនទើបតែកើតឡើងលើកដំបូងទេ ។
លោក រុសតុម អិលយ៉ាស ជាអ្នកជិតខាងរបស់ស្ត្រីរាងខ្យង រៀបរាប់ថា អ្នកស្រី ហាលិម៉ា រ៉ាហាក់បាវ អាយុ៥៤ឆ្នាំ បានបាត់ខ្លួនយូរជាងធម្មតា មិនឃើញត្រឡប់មកផ្ទះវិញ ទើបបងប្អូន និងមិត្តភក្តិជួយគ្នាតាមរកគ្រប់ទីកន្លែង ។ បន្ទាប់មក ពួកយើងបានឃើញស្បែកជើងផ្ទាត់ និងកំទេចកំទីរាងកាយមនុស្សនៅក្នុងទឹក ហើយក៏រាយការណ៍ប្រាប់សមត្ថកិច្ច ពីព្រោះយើងសន្និដ្ឋានថា អ្នកស្រី ហាលិម៉ា មុខជាត្រូវក្រពើស៊ីមិនខាន ។
លោក រុសតុម បន្តថា អ្នកជិតខាងបានជួយគ្នាវះពោះក្រពើ ដើម្បីយករាងកាយខ្លះទៀតរបស់អ្នកស្រី ហាលិម៉ា ចេញមកក្រៅ ។ ក្រពើនេះមានប្រវែងរហូតដល់៤ម៉ែត្រឯណោះ ប៉ុន្តែលោកពុំដឹងថា វាជាពូជអ្វីទេ ពីព្រោះមានក្រពើច្រើនពូជណាស់នៅឥណ្ឌូណេស៊ី ។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី គឺជាជម្រករបស់សត្វក្រពើជាច្រើនពូជផ្សេងៗគ្នា ហើយរយៈពេលថ្មីនេះ សារព័ត៌មានឥណ្ឌូណេស៊ីតែងតែចុះផ្សាយពីក្រពើធ្វើបាប ឬសម្លាប់មនុស្សជាញឹកញាប់ ។ ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កម្មករជីករ៉ែម្នាក់អាយុ៦៣ឆ្នាំ ត្រូវបានក្រពើខាំរហូតដល់ស្លាប់នៅក្បែរទន្លេមួយលើកោះបាំងកា ស្ថិតនៅប្រជុំកោះស៊ូម៉ាត្រា ។
ដូចគ្នានេះ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ យុវជនឥណ្ឌូណេស៊ីម្នាក់អាយុ១៥ឆ្នាំ ត្រូវបានក្រពើខាំនៅចំពោះមុខមិត្តភក្តិជាច្រើន ក្នុងអំឡុងពេលយុវជននេះកំពុងស្ទូចត្រីនៅមាត់បឹងតូឡូរី ក្នុងទីក្រុងឌឹណាទី ហើយធ្វើឱ្យមិត្តភក្តិឃើញហេតុការណ៍តក់ស្លុតយ៉ាងខ្លាំង ។
កាលពីឆ្នាំ២០១៨ ពលរដ្ឋរស់នៅតំបន់ប៉ាពួ ស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ី បាននាំគ្នាសម្លាប់ក្រពើអស់ជិត៣០០ក្បាល ដើម្បីសងសឹកឱ្យអ្នកភូមិម្នាក់ដែលត្រូវក្រពើខាំស្លាប់ ។ រីឯនៅឆ្នាំ២០១៩ ក្រពើធំ១ក្បាលបានអូសអ្នកវិទ្យាសាស្ត្រនៅកោះស៊ុឡាវ៉េស៊ី ចូលក្នុងទ្រុងរបស់វា និងខាំរហូតដល់ស្លាប់ ៕










