វៀតណាម៖ អ្នកវិទ្យាសាស្ត្រវៀតណាម Dao Minh So និងសហការីរបស់លោកបានបង្កើតពូជស្រូវបីពណ៌គឺក្រហម ស្វាយ និងខ្មៅយ៉ាងជោគជ័យ ដោយពូជស្រូវពណ៌ក្រហម កំពុងទទួលបានទិន្នផលខ្ពស់បំផុត ៨ តោនក្នុងមួយហិកតា ស្មើនឹងពូជស្រូវពណ៌សធម្មតាដែរ។
នេះបើយោតាមការចុះផ្សាយរបស់ Vnexpress បានឱ្យដឹងថា ការបង្កើតពូជស្រូវបីពណ៌គឺមានអត្ថប្រយោជន៍ច្រើនជាងពូជស្រូវធម្មតាទៅទៀត ដោយសារវាមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដូចជា សារធាតុរ៉ែ វីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម…ដែលល្អបំផុតសម្រាប់សុខភាពរាងកាយរបស់មនុស្ស និងជាប្រភេទអង្ករសំរូបសម្រាប់អ្នកតមអាហារ និងមនុស្សដែលមានជំងឺរ៉ាំរ៉ៃ។
យោងតាមអ្នកវិទ្យាសាស្ត្រ ការបង្កើតពូជស្រូវបីពណ៌ដោយជោគជ័យនេះគឺបានចំណាយពេលជិត ១០ ឆ្នាំហើយ ដែលសុទ្ធតែជាពូជស្រូវសមស្របតាមលក្ខណៈវិនិច្ឆ័យនៃភាពបរិសុទ្ធ ទិន្នផល ធន់នឹងជំងឺ និងជាផ្នែកមួយនៃអាហារូបត្ថម្ភ។ បច្ចុប្បន្នពូជស្រូវពណ៌ក្រហម និងស្វាយកំពុងដាក់ឱ្យចរាចរក្នុងស្រុក ខណៈពូជស្រូវពណ៌ខ្មៅនៅតែស្ថិតក្នុងការស្រាវជ្រាវនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ គុណវិបត្តិនៃទិន្នផលស្រូវបីពណ៌គឺមានកម្រិតទាប ដោយសារសារធាតុក្លរ៉ូហ្វីលទាបរបស់វា ដែលកាត់បន្ថយសមត្ថភាពធ្វើរស្មីសំយោគ។ លើសពីនេះពេលចម្អិនជាបាយក៏មិនសូវឆ្ងាញ់ដែរ ព្រោះមិនស្អិតដូចបាយសធម្មតាយើងទេ។
ទោះបីជាយ៉ាងនេះក្តីអ្នកស្រាវជ្រាវបានផ្តោតលើការយកឈ្នះលើចំណុចខ្វះខាតទាំងនេះ ដោយលក់ត្រឹមតែ ២ ទៅ ៤ ដុល្លារប៉ុណ្ណោះក្នុងមួយគីឡូក្រាមដើម្បីបម្រើទីផ្សារអ្នកហូប ដូច្នេះវាមានសក្តានុពលខ្លាំងណាស់។ ពូជស្រូវពណ៌ចំនួន ៣ គឺមានលក្ខណៈវិនិច្ឆ័យនៃផលិតភាព បរិមាណសារធាតុចិញ្ចឹម និងធន់នឹងជំងឺ។ នេះបើយោងតាមអ្នកវិទ្យាសាស្ត្រ So ពូជស្រូវក្រហមមានរយៈពេលប្រមូលផលគឺ ៩០ – ៩៥ ថ្ងៃ ទិន្នផលគឺ ៥ – ៨ តោនក្នុងមួយហិកតា ស្មើនឹងស្រូវធម្មតាដែរ។ ទាក់ទងនឹងភាពបត់បែនពូជស្រូវក្រហមមានមាតិកាអាមីឡូសពី ១៧ ទៅ ១៨% ដែលសមរម្យសម្រាប់អ្នកតមអាហារ និងអ្នកដែលស្រកទម្ងន់។
លើសពីនេះពូជស្រូវពណ៌ស្វាយផ្តល់ទិន្នផលទាបជាងពូជស្រូវក្រហម ដែលមានប្រហែល ៤ – ៦ តោនក្នុង ១ ហិកតា រយៈពេលប្រមូលផលគឺ ១០០ – ១០៥ ថ្ងៃ។ យោងតាមក្រុមស្រាវជ្រាវ ចំណុចខ្លាំងរបស់វាគឺក្លិនក្រអូប ស័ក្តិសមសម្រាប់ជំនួសការប្រើប្រាស់អង្ករនាពេលបច្ចុប្បន្ន។ រីឯពូជស្រូវពណ៌ខ្មៅវិញទទួលបានទិន្នផលប្រហែល ៤-៦ តោន និងរយៈពេលប្រមូលផល ៩៥ ថ្ងៃ។ ភាពខ្លាំងនៃពូជស្រូវពណ៌ខ្មៅគឺថាវាមានសារធាតុ anthocyanin ខ្ពស់បំផុតក្នុងចំណោមពូជទាំងបី ដែលសារធាតុនេះហើយជួយរាងកាយប្រឆាំងនឹងកោសិកាអុកស៊ីតកម្ម ក៏ដូចជាជួយការពារជំងឺមហារីក។
ទោះជាយ៉ាងណាពូជស្រូវពណ៌ខ្មៅនៅកំពុងស្ថិតក្នុងការស្រាវជ្រាវ ខណៈពូជពណ៌ក្រហម និងស្វាយបានកំពុងដាក់លក់លើទីផ្សារក្នុងស្រុក។ ហើយមិនទាន់អាចនាំចេញទៅក្រៅប្រទេសបានទេ ព្រោះអង្ករពណ៌គឺសមរម្យសម្រាប់តែប្រជាជនលើរបបអាហារ មនុស្សដែលទទួលការព្យាបាល… ដូច្នេះចំណែកទីផ្សារអង្ករពណ៌នៅវៀតណាមមិនទាន់មានកម្រិតខ្ពស់នៅឡើយទេ៕










