ព្រះពុទ្ធបដិមាធំមួយអង្គ ដែលកំពុងសាងសង់ជិតរួចរាល់ហើយ បាននឹងបង្ហាញវត្តមានយ៉ាងខ្ពស់ត្រដែត ស្ថិតនៅក្នុងវត្តមួយកន្លែងក្នុងខេត្តពោធិ៍សាត់ បានបណ្តាលឲ្យមហាជនគ្រប់ៗរូបកោតសរសើរព្រោងព្រាត។
យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុករបស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបង្ហាញរូបភាពប៉ុន្មានសន្លឹកដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «ព្រះពុទ្ធបដិមា កម្ពស់៤៩ម៉ែត្រ ស្ថិតនៅក្នុងវត្តកែវវិជ័យ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់»។
ព្រះបដិមាកម្ពស់៤៩ ម៉ែត្រ មានព្រះភក្រ្តយ៉ាងសមសួន ដែលរំលេចដោយពណ៌ទឹកមាសក្រហមឆ្អិនឆ្អៅ កំពុងតែបង្ហាញខ្លួនយ៉ាងខ្ពស់ត្រដែត ស្ថិតនៅក្នុងវត្តកែវវិជ័យ ដែលបច្ចុប្បន្នកំពុងតែសាងសង់ជិតរួចរាល់ហើយ នៅសល់តែផ្នែកខាងក្រោមបន្តិចតែប៉ុណ្ណោះ។
ព្រះពុទ្ធបដិមាស្ថិតនៅក្នុងកាយវិការ ដែលព្រះអង្គឲ្យអភ័យដល់សព្វសត្វទាំងពួង ពោលគឺជារូបតំណាងពេលដែលព្រះពុទ្ធ ទ្រង់សម្តែងព្រះធម៌ក្នុងទីណាមួយ ទ្រង់ឈរឬអង្គុយ ដែលមានលើកព្រះហស្ថស្តាំលាឡើងលើ និងព្រះហស្ថឆ្វេងសំយ៉ុងចុះក្រោមស្របនឹងព្រះកាយ។ 
ព្រះពុទ្ធបដិមាមួយអង្គនេះ គឺស្ថិតក្រោមការដឹកនាំកសាងដោយព្រះអង្គគ្រូ ព្រះព្រហ្មាភិរ័ត កែវ កន ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះពោធិវង្សាវិមល មេគណខេត្តពោធិ៍សាត់ ជាព្រះចៅអធិការវត្តកែវវិជ័យ ។
យោងតាមការបញ្ជាក់នាពេលកន្លងមកបានឲ្យដឹងថា ព្រះពុទ្ធបដិមាអង្គនេះបានចាប់ផ្តើមកសាងនៅថ្ងៃទី ១ ខែតុលា ឆ្នាំ២០២២ ដែលចំណាយទឹកប្រាក់ប្រមាណនឹងជាង ៥០ ម៉ឺនដុល្លារ។ ជាមួយគ្នានេះ ពុទ្ធបរិស័ទគ្រប់ៗរូបក៏អាចចូលរួមចំណែកសន្សំបុណ្យកុសលតាមសទ្ធាជ្រះថ្លា ក្នុងការកសាងព្រះពុទ្ធបដិមានេះបានផងដែរ៕










