ព្រឹត្តិការណ៍កីឡាអូឡាំពិកនាពេលអនាគតអាចមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងពីពេលបច្ចុប្បន្ន ដោយសារការប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរ។
យោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី១២ ខែសីហា បានឱ្យដឹងថា នៅឆ្នាំ ២០៥០ ទីក្រុងធំៗជាច្រើនរបស់ពិភពលោកអាចនឹងមានអាកាសធាតុក្តៅខ្លាំង ជាហេតុធ្វើឱ្យព្រឹត្តិការណ៍កីឡាអូឡាំពិកនាពេលអនាគតទំនងនឹងផ្អាកបណ្តោះអាសន្ន ឬបិទតែម្តង។ ប្រសិនបើប្រារព្ធព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅក្នុងឆ្នាំ ២០៥០ គឺអាចនឹងមានហានិភ័យខ្ពស់ចំពោះសុខភាពរបស់អត្តពលិក។ 
ជាការពិតណាស់កំដៅខ្លាំងគឺជាការគំរាមកំហែងចំពោះអត្តពលិកឥស្សរជន ដោយអាចឱ្យពួកគេប្រឈមបញ្ហាសុខភាពមួយចំនួនដូចជាការហត់នឿយនៃកំដៅ និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម រីឯអ្នកទស្សនា ក៏ងាយនឹងទទួលរងនូវឥទ្ធិពលកំដៅខ្លាំងផងដែរ។ ដូច្នេះទីក្រុងភាគច្រើននៅជុំវិញពិភពលោកនឹងមិនអាចធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះបានទៀតទេ ដោយសារការបំពុលឥន្ធនៈហ្វូស៊ីលជំរុញឱ្យសីតុណ្ហភាព និងសំណើមកើនឡើង។ 
នេះបើយោងតាមការវិភាគរបស់ CNN នៃទិន្នន័យពី CarbonPlan ដែលជាអង្គការមិនរកប្រាក់ចំណេញផ្តោតលើវិទ្យាសាស្ត្រអាកាសធាតុ និងការវិភាគ។ អ្នកវិទ្យាសាស្ត្រអាកាសធាតុ បាននិយាយថា “នៅជុំវិញពិភពលោក ពេលវេលាក្តៅបំផុតប្រចាំឆ្នាំជាធម្មតាគឺស្របគ្នាទៅនឹងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ហើយកំដៅគឺពិតជាអាចបង្កឱ្យមានហានិភ័យយ៉ាងសំខាន់នៅក្នុងប្រទេសដែលជាម្ចាស់ផ្ទះ”។ 
គួរបញ្ជាក់ដែរថា រលកកំដៅគឺកាន់តែមានជាញឹកញាប់ មិនថាស្ថិតក្នុងរដូវរងារ ឬរដូវធ្លាក់ខ្យល់នោះទេ អាកាសធាតុក្តៅគឺតែងតែកើតឡើងគ្រប់រដូវកាលទាំងអស់នៅឆ្នាំ ២០៥០ ដែលនេះគឺជាការព្រួយបារម្ភជាពិសេសនៅក្នុងតំបន់អាស៊ីបូព៌ា អឺរ៉ុប និងប៉ាស៊ីហ្វិក ដោយសារសំណើមខ្ពស់ធ្វើឱ្យរាងកាយពិបាកត្រជាក់តាមធម្មជាតិ។ ទោះជាយ៉ាងណាអង្គការសហប្រជាជាតិប ក៏ដូចជារដ្ឋាភិបាល អ្នកដឹកនាំធុរកិច្ច និងធនាគារអភិវឌ្ឍន៍ទាំងអស់ទូទាំងពិភពលោក កំពុងរៀបចំផែនការបញ្ឈប់ការប្រែប្រួលអាកាសធាតុ កុំឱ្យកាន់តែអាក្រក់ទៅៗ៕










