រដូវវស្សា គឺជាពេលវេលាដែលធម្មជាតិបង្អួតសម្រស់ស្រស់ត្រកាល ដោយក្នុងអំឡុងប៉ុន្មានខែនេះគឺគ្រប់តំបន់ទាំងអស់នៅក្នុងប្រទេសកម្ពុជាយើង សុទ្ធសឹងតែមានទេសភាពស្រស់បំព្រង និងស្អាតខ្លាំងបំផុត បូករួមនឹងខ្យល់អាកាសបរិសុទ្ធ ថែមទាំងមានព្រៃព្រឹក្សាចម្រុះជាច្រើនផងដែរ។ ទោះជាយ៉ាងណាការដើរកម្សាន្តនៅរដូវវស្សាហាក់មានគ្រោះថ្នាក់បន្តិច ប៉ុន្តែប្រសិនបើអ្នកទៅតំបន់ទេសចរណ៍ទាំងនេះគឺមានសុវត្ថិភាពខ្ពស់បំផុត។ ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងនាំប្រិយមិត្តមកកម្សាន្តនៅកន្លែងដូចខាងក្រោម ធានាថាសប្បាយ និងមិនចាំបាច់ព្រួយបារម្ភពីហានិភ័យនោះទេ។
១.ភ្នំកំពង់ត្រាចខេត្តកំពត៖ នៅរដូវវស្សាការទៅលេងទស្សនារមណីយដ្ឋាននេះគឺពិតជាជម្រើសដ៏ល្អបំផុត។ ភ្នំកំពង់ត្រាចគឺជារមណីយដ្ឋានដែលមានភាពស្រស់ស្អាតបែបធម្មជាតិ និងជាកន្លែងដ៏គួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ភ្នំនេះគឺមានល្អាងតូចធំជាច្រើន ក៏ដូចជាមានសិលាចរិក និងជាកន្លែងសក្ការៈគោរពបូជាវត្ថុផ្សេងៗទៅតាមជំនឿនៃទំនៀមទំលាប់របស់ប្រជាជនខ្មែរយើងផងដែរ។ ភ្នំនេះស្ថិតនៅតាមផ្លូវជាតិលេខ៣៦ ក្នុងឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ចំងាយ ៣៨ គីឡូម៉ែត្រប៉ែកខាងកើតនៃខេត្តកំពត។
២.ភូមិកំពង់ភ្លុកខេត្តសៀមរាប៖ កំពង់ភ្លុកគឺជាភូមិឋានធម្មជាតិដ៏ធំមួយ ដែលនៅជាប់តំបន់បឹងទន្លេសាប គ្របដណ្ដប់ទៅដោយផ្ទៃទឹក ដែលមានចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីក្រុងសៀមរាប ប្រទេសកម្ពុជា។ ភូមិបណ្ដែតទឹកមួយនេះ មិនត្រឹមតែជាតំបន់នេសាទដ៏សំខាន់នោះទេ ថែមទាំងជាសមាគមន៍ទេសចរណ៍ដ៏ពេញនិយមមួយ ដែលមានសម្រស់ស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនផងដែរ ជាពិសេសនៅរដូវវស្សាតែម្តង។ នៅពេលដែលលោកអ្នកបានមកដល់ទីនេះ នឹងបានឃើញភាពស្រស់ស្អាតចម្រុះពណ៌នៃដំបូលផ្ទះ រួមទាំងការសាងសង់ពត់ពែងវែងអន្លាយតាមសណ្ឋានភូមិសាស្ត្រ និងពណ៌បៃតងនៃរុក្ខជាតិប្រៀបដូចកម្រាលព្រំដែលក្រាលលើបឹងទន្លេសាប គួរជាទីទាក់ទាញខ្លាំងបំផុត។ 
៣.ទេសភាពស្រស់បំព្រងនៅមណ្ឌលគីរី៖ ទេសភាពធម្មជាតិដ៏ស្រស់បំព្រង នៅខេត្តមណ្ឌលគិរីនារដូវវស្សានេះ គឺកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយសារបរិយាកាសល្អ ជាទឹកដីនៃភ្នំដែលក្រាលគ្របដោយរុក្ខជាតិ វាលស្មៅ និងព្រៃឈើចម្រុះ បង្កើតបានជាទិដ្ឋភាពពណ៌បៃតងខៀវខ្ចី ផ្តល់នូវអារម្មណ៍ស្រស់ស្រាយ និងជំនួយដល់សុខភាពភ្នែកថែមទៀតផង។ ការធ្វើដំណើរកម្សាន្តមកកាន់ខេត្តទេសចរណ៍មួយនេះនារដូវភ្លៀងធ្លាក់ គឺមិនសូវជាមានបញ្ហាចោទនោះទេ ព្រោះទីនេះមានកន្លែងកម្សាន្តលក្ខណៈធម្មជាតិច្រើន ដែលងាយក្នុងការជ្រើសរើស។
៤.គីរីរម្យខេត្តកំពង់ស្ពឺ៖ លោកអ្នកប្រាកដជាស្គាល់ច្បាស់ហើយ កន្លែងនេះគឺនៅជិតក្រុងយើងនេះទេ មិនថារដូវប្រាំង ឬរដូវវស្សា រមណីយដ្ឋានឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ គឺជាទីឋានដែលទេសចរជាតិមិនដែលរំលងឡើយ ក៏ព្រោះតែទីនេះជាតំបន់ភ្នំធម្មជាតិមានដើមឈើធំៗ ទឹកធ្លាក់ និងមានកន្លែងកម្សាន្តជាច្រើន ក៏ដូចជាមានភាពងាយស្រួលក្នុងការធ្វើដំណើរ ពិសេសចម្ងាយតែប្រមាណជាង ១០០ គីឡម៉ែត្រពីភ្នំពេញប៉ុណ្ណោះ។ 
៥.ភ្នំខ្នងផ្សារ៖ នៅរដូវវស្សានេះ ខ្នងផ្សារគឺជាកន្លែងដែលអ្នកមិនគួររំលងឡើយ ក៏ព្រោះតែទីនេះមានទេសភាពស្អាតខ្លាំងបំផុត។ នៅពេលដែលយើងឡើងដល់កំពូលភ្នំ យើងនឹងអាចគយគន់វាលស្មៅស្រស់បំព្រងបៃតងខ្ចីនារដូវវស្សា កម្សាន្តបែបដំណើរផ្សងព្រេង បោះតង់ មើលថ្ងៃរះនាព្រឹកព្រលឹមស្រាងៗ ទិដ្ឋភាពថ្ងៃអស្តង្គតនាពេលល្ងាច សោយសុខនឹងធម្មជាតិ។ រមណីយដ្ឋានធម្មជាតិខ្នងផ្សារ ជាតំបន់ព្រៃភ្នំដ៏ធំមួយដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់៕










