Home ព័ត៌មានអន្តរជាតិ ដោយសាររឿងអា.ស្រូវ ឬមានបញ្ហាអ្វី ទើបនាយករដ្ឋមន្រ្តីជប៉ុនសម្រេចចុះចេញពីតំណែង

ដោយសាររឿងអា.ស្រូវ ឬមានបញ្ហាអ្វី ទើបនាយករដ្ឋមន្រ្តីជប៉ុនសម្រេចចុះចេញពីតំណែង

50
0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានប្រកាសមិនឈរឈ្មោះបោះឆ្នោតជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) នៅខែកញ្ញា ឆ្នាំ២០២៤ ។ នេះចាត់ទុកថា វាជាការបញ្ចប់តំណែងរបស់លោកជានាយករដ្ឋមន្ត្រីជប៉ុនអស់រយៈពេលជាង៣ឆ្នាំ ហើយជប៉ុននឹងមាននាយករដ្ឋមន្ត្រីថ្មីនាពេលឆាប់ៗ ។

លោក Fumio Kishida បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី១៤ ខែសីហា ថា ការជ្រើសរើសប្រធានគណបក្ស ឬមេដឹកនាំគណបក្សនាថ្ងៃខាងមុខ ចាំបាច់ត្រូវបង្ហាញឱ្យពលរដ្ឋឃើញថា គណបក្សប្រជាធិបតេយ្យសេរីនឹងពុំផ្លាស់ប្តូរ, ការជ្រើសរើសមេដឹកនាំគណបក្សត្រូវតែតម្លាភាព ព្រមទាំងមានការបញ្ចេញមតិដោយសេរី ឬបើកចំហ ។ ជំហានដំបូង គណបក្សនេះនឹងអាចផ្លាស់ប្តូរទៅបាន លុះត្រាតែលោកដកខ្លួនចេញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZj8iHYlZOQuoAUBlZ7w774yDiyOf8QFJsPYT2rQo3hjrZV16fzZ5Hx3oxZDcJl_Sv8ODb7dGeAY9eOf4FEtw9jb19KRSoQLONabnoYuFVIf8DESibXRDKSxqYH8TezInP_LF14kIL_N57RKt4uFMv_p9ngPAqtFiEoBlF-lfQvUaJwNUpjY4-238416HI/s825/photo_2024-08-15_09-53-03%20(2).jpg

ការប្រកាសមិនបន្តតំណែងជានាយករដ្ឋមន្ត្រីជប៉ុនរបស់លោក Fumio Kishida ក្រោយពេលមានបញ្ហាស្វែងរកថវិកាផ្នែកនយោបាយក្នុងគណបក្សប្រជាធិបតេយ្យសេរី ហើយលោកព្យាយាមធ្វើឱ្យពលរដ្ឋមានទំនុកចិត្តលើនយោបាយឡើងវិញ តាមរយៈកំណែទម្រង់គណបក្ស, ការរំលាយក្រុមនយោបាយផ្សេងៗក្នុងគណបក្ស និងដាក់ទោសសមាជិកសភាដែលពាក់ព័ន្ធនឹងថវិកានយោបាយ ។ ក្រៅពីនេះ លោកក៏បានធ្វើវិសោធនកម្មច្បាប់គ្រប់គ្រងថវិកាផងដែរ ។

ទោះយ៉ាងណា ការព្យាយាមរបស់លោក Fumio Kishida ពុំអាចទទួលបានទំនុកចិត្តពីពលរដ្ឋទេ ខណៈលទ្ធផលស្ទង់មតិប្រជាប្រិយភាពរបស់គណៈរដ្ឋមន្ត្រីស្ថិតក្រោមការដឹកនាំរបស់លោកបានធ្លាក់មកកម្រិតទាប ហើយទីបំផុត វាធ្លាក់ខ្លាំងនៅសល់ត្រឹមតែ២០% ប៉ុណ្ណោះ ។ គណបក្សប្រជាធិបតេយ្យសេរីចាប់ផ្តើមមានបញ្ហាកាន់តែខ្លាំង ហើយប្រឈមនឹងបញ្ហាការបោះឆ្នោតជ្រើសរើសសភាតំណាងរាស្ត្រនាថ្ងៃខាងមុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4iVWL4fGtpDaJL2VPtxOL1Xr4ZSwj8eFGXS39YXBPK2Y2BXJps7wlRyorfAQHy_PUUXXxZupOdlfNeU0MrhUQgoG7yLZsjKhSdPpv3R1v35FdV7-88teagsO6s95TtCOWFVy0AREgkmaXcV8KfdVRuwpFEzgpCrVwef4vNkHUAbweHuXDGoRnInn5HiJ9/s1280/photo_2024-08-15_09-53-03.jpg

លោក Fumio Kishida បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន នៅខែតុលា ឆ្នាំ២០២១ ក្រោយពីលោកត្រូវបានគេបោះឆ្នោតជ្រើសរើសជាមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរី នាពេលនោះ ។ លោកនឹងក្លាយជានាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរបំផុតលំដាប់ទី៨ របស់ប្រទេសជប៉ុនក្រោយសង្គ្រាម ។

រីឯបេក្ខជនត្រៀមចូលកាន់តំណែងជាមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរីបច្ចុប្បន្ន មានចំនួន២រូប គឺអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Shigeru Ishiba ដែលជាបុគ្គលទទួលបានប្រជាប្រិយភាពពីពលរដ្ឋ ។ កន្លងមក លោកធ្លាប់លើកឡើងថា លោកនឹងឈរឈ្មោះជាមេដឹកនាគណបក្សប្រជាធិបតេយ្យសេរី ហើយលោកធ្លាប់កាន់តំណែងជាលេខាបក្ស និងជាមេដឹកនាំលំដាប់ទី២ របស់គណបក្សរដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWZV6JDY1yNQL4C0geiDEuXhPVm14hCSSvkfzez2njwIf0e5a5bt_KH1-EuFiG9Pc0eZ0smq5JfUHjNmis2PFjO-l6JlMEgbh_hIjBUzNIhCdI0e7038rPoWzqau-d19vrTEp9JkG31s6V7Xq_1lhuLV08s-6M29yfRt77eQJhD6yUpIVhirjL7LRsugpV/s929/photo_2024-08-15_09-53-04%20(2).jpg

បេក្ខជនម្នាក់ទៀត គឺលោក Taro Kono រដ្ឋមន្ត្រីក្រសួងកិច្ចការឌីជីថល ដែលជាអ្នកនយោបាយមានគំនិតកែទម្រង់ និងមានជំនាញផ្នែកបណ្តាញសង្គម ។ លោក Taro Kono បាននិយាយមកកាន់លោក Taro Aso អនុប្រធានគណបក្សប្រជាធិបតេយ្យសេរី និងអតីតនាយករដ្ឋមន្ត្រីថា លោកនឹងឈរឈ្មោះជាមេដឹកនាំគណបក្ស ។ ប៉ុន្តែមានព័ត៌មានថា មានបេក្ខជនសំខាន់ៗក្នុងគណបក្សជាច្រើនរូបទៀតនឹងចូលរួមប្រកួតប្រជែងដែរ ។

គណបក្សប្រជាធិបតេយ្យសេរីបានប្រឈមនឹងរឿងអាស្រូវអស់រយៈពេលជាច្រើនឆ្នាំ ដោយសារគណបក្សនេះពុំបានរាយការណ៍ជាសាធារណៈអំពីចំណូល-ចំណាយ ព្រមទាំងប្រាក់បរិច្ចាគដែលគណបក្សទទួលបានក្នុងពេលរៃអង្គាសប្រាក់ ហើយគណបក្សត្រូវគេចោទប្រកាន់ថា បានផ្តល់ប្រាក់សំណូកឱ្យសមាជិករដ្ឋសភា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxyDZ_WFFh9RyiEIlu0JlbQHfJDuC4dRbXpchS8EtVqB9uz-ZwP8J5UmzVFUH0nn-wDCQUIlFpSGyWRYYU9PYxdliTmN6SwEMsbgNnM1wNozQM7nCXsuTKldpYn6SAKhKUX7p3snzgqFkoODmGhjL-Y1-0NWJ46_ZMUVq5_Wa3Vxadv5keJqRIRA8US8E-/s1280/photo_2024-08-15_09-53-04.jpg

ក្នុងអំឡុងពេលដឹកនាំប្រទេសរបស់លោក Fumio Kishida ពលរដ្ឋមិនពេញចិត្តចំពោះបញ្ហាសេដ្ឋកិច្ច ដូចជា ៖ តម្លៃប្រាក់យ៉េនធ្លាក់ចុះខ្លាំង, ការចំណាយខ្ពស់ក្នុងជីវភាពប្រចាំថ្ងៃ និងការបរាជ័យក្នុងការដំឡើងប្រាក់ឈ្នួលឱ្យពលរដ្ឋ ។ បញ្ហាទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រីរូបនេះយ៉ាងខ្លាំង ។

ចំណែកនាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុននឹងប្រឈមមុខជាមួយបញ្ហាទាំងក្នុង និងក្រៅប្រទេស ខណៈជប៉ុនមានភាពតានតឹងផ្នែកភូមិសាស្ត្រជាមួយចិន ព្រមទាំងទំនាក់ទំនងជាមួយអាមេរិក ។ មហាជនកំពុងរង់ចាំតាមដានថា តើនាយករដ្ឋមន្ត្រីថ្មីជាអ្នកណា ហើយនឹងចាត់វិធានការបែបណាជាមួយការចំណាយខ្ពស់របស់ពលរដ្ឋ ៕