អាកប្បកិរិយាមិនគប្បីរបស់កុមារាអាយុ ១៣ ឆ្នាំមួយរូប ដែលមានឈ្មោះថា រី សុវណ្ណ រៀនថ្នាក់ទី ៦ក នៅសាលាបឋមសិក្សាភូមិថ្មី ក្នុងខេត្តកំពង់ឆ្នាំង បានធ្វើឲ្យមហាជននៅលើបណ្តាញសង្គមហាក់ហួសចិត្តគ្រប់ៗគ្នា ព្រោះវាគឺជាការឆ្លុះបញ្ចាំងអំពីការយល់ដឹងផ្នែកសុភាវធម៌ (សុជីវធម៌ សីលធម៌ គុណធម៌)ហាក់នូវមានកម្រិត ក្នុងចំណោមទំពាំងស្នងឬស្សីមួយចំនួន។
តាមរយៈវីដេអូ និងរបាយការណ៍នាយកសាលាបញ្ជាក់ថា កុមារារូបនេះ ពិតជាបានសម្តែងនូវអាកប្បកិរិយាបែបហិង្សាមកលើគ្រូបង្រៀនក្នុងបន្ទប់រៀន ដោយរត់មកធាក់តុ និងសម្តែងនូវចរិកចង់វាយគ្រូថែមទៀតផង។ យ៉ាងណាមិញ បើតាមរបាយការណ៍ នេះគឺជាលើកទី៣ ហើយដែលកុមារាមួយនេះបានប្រព្រឹត្តិនូវកាយវិការមិនសមរម្យ។
យ៉ាងណាមិញ បើក្រឡេកទៅកាន់ការបង្ហោះរបស់អ្នកនាងខាត់ សុឃីម កាលពីពេលថ្មីៗនេះវិញ បានបង្ហាញអំពីសុវជីវធម៌នៃការនិយាយស្តីហាក់មិនសមទំនង ក្នុងនាមជាអ្នកដាក់ពាក្យកំពុងស្វែងរកធ្វើ តែបែរជាសរសេរឆ្លើយឆ្លងមិនផ្តល់តម្លៃដល់អ្នកទទួលសម្ភាសន៍ទាល់តែសោះ។ ចរិកលក្ខណៈបែបនេះហើយ ទោះទៅដាក់ពាក្យទីណាក៏គេមិនទទួលយកនោះដែរ ហើយក៏កុំឆ្ងល់ថាហេតុអ្វីបានជាខ្លួនរកការងារពុំបានឲ្យសោះ។
ជាការពិតណាស់ថា មនុស្សគ្រប់ៗរូបត្រូវតែមានសុភាវធម៌ក្នុងខ្លួន ដើម្បីឲ្យប្រទេសជាតិមួយទទួលបាននូវភាពសុខដុមរមនា។ តើសុភាវធម៌ជាអ្វី? សុភាវធម៌ គឺជាច្បាប់វិន័យក្នុងការអប់រំមនុស្ស ឲ្យក្លាយជាជាមនុស្សដ៏ល្អប្រពៃ។ សុភាវធម៌ ចែកចេញជាបីគឺ សុជីវធម៌ សីលធម៌ គុណធម៌។ 
សុជីវធម៌ សំដៅទៅលើច្បាប់អប់រំខ្លួន ដើម្បីរក្សាដំណើរជីវិតអោយបានប្រពៃសមសួន។ សុជីវធម៌ មានរួមមាន ការប្រើពាក្យពេចន៍ និងការប្រព្រឹត្តកិរិយា អោយសមសួន តាមវ័យ តាមឋានៈ តាមទីកន្លែងជាដើម។ សុជីវធម៌គឺជាការរៀនទទួលស្គាល់ថា ខ្លួនជាផ្នែកមួយនៃសង្គម មិនមែនរស់នៅតែម្នាក់ឯងឡើយ។ ហេតុនេះ ត្រូវយល់ពីច្បាប់ទម្លាប់និងវិន័យ ដើម្បីរក្សាសណ្តាប់ធ្នាប់ល្អនិងរបៀបរៀបរយ ក្នុងគ្រួសារ ឬក្នុងសង្គម។
រីឯពាក្យ«សីលធម៌»វិញ សំដៅទៅលើវិន័យក្រិត្យក្រមសំរាប់អប់រំខ្លួនឯង អោយប្រព្រឹត្ត កាយ វាចា ចិត្ត វៀរចាកនូវអំពើបាប ឬអំពើអាក្រក់។ ដូចព្រះពុទ្ធទ្រង់បានបង្រៀនមនុស្សឲ្យប្រកាន់យកនូវធម៌ទាំង៥ គឺ វៀវចាកពីការកាប់សម្លាប់ មិនលួចឬកេងប្រវញ្ច័អ្នកដទៃ មិននិយាយកុហកភូតភរ មិនសេពគ្រឿងស្រវឹង និងមិនប្រព្រឹត្តខុសក្នុងផ្លូវកាមគុណ។
ចំណែក គុណធម៌ គឺសំដៅលើដំណើរប្រព្រឹត្តអំពើល្អរបស់យើងទៅកាន់មនុស្សជុំវិញខ្លួននៅក្នុងគ្រួសារ សង្គម ក៏ដូចជាប្រទេសជាតិទាំងមូល។ គុណធម៌គឺជាការមានទឹកចិត្ត ចេះជួយគ្នាក្នុងគ្រាអាសន្ន ជួយលើកទឹកចិត្ត ជួយដាស់តឿនមនុស្សដែលធ្វើខុសជាដើម។ មនុស្សមានគុណធម៌សំដៅលើមនុស្សប្រកបដោយចិត្តសណ្តោសមេត្តា និងសប្បុរសនិច្ច៕










