ទម្លាប់នៃការញ៉ាំអាហាររបស់មនុស្សម្នាក់ៗគឺខុសៗគ្នា ដោយអ្នកខ្លះចូលចិត្តញ៉ាំលឿន ហើយខ្លះទៀតក៏ចូលចិត្តញ៉ាំយឺត។ ទោះជាយ៉ាងណាមនុស្សដែលមានទម្លាប់ញ៉ាំអាហារលឿនៗនោះ គឺអាចប្រឈមនឹងជំងឺធ្ងន់ធ្ងរជាច្រើន ដែលវានឹងជះឥទ្ធិពលអវិជ្ជមានដល់រាងកាយរបស់យើង ធ្វើឱ្យសុខភាពរាងកាយទ្រុឌទ្រោមជាដើម។ ហេតុនេះហើយមនុស្សដែលមានទម្លាប់ញ៉ាំអាហារលឿនៗ គឺអាចប្រឈមនឹងជំងឺគ្រោះ.ថ្នាក់ដូចខាងក្រោម៖
១.ជំងឺទឹកនោមផ្អែម៖ យោងតាមការសិក្សាពីសាកលវិទ្យាល័យ Lithuanian University of Health Sciences បានឱ្យដឹងថា អ្នកដែលមានទម្លាប់ញ៉ាំអាហារលឿនទំនងជាវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ ២ ច្រើនជាងអ្នកញ៉ាំយឺតរហូតដល់ ២.៥ ដងឯណោះ។
២.មហារីកក្រពះ៖ យោងតាមការសិក្សា អ្នកដែលញ៉ាំលឿនទំនងជាមិនបានទំពារអាហារឱ្យម៉ត់ល្អនោះទេ នៅពេលដែលភាគល្អិតអាហារត្រូវបានបញ្ជូនទៅក្រពះដោយបំណែកធំពេក ក្រពះនឹងបញ្ចេញទឹកអាស៊ីតកាន់តែច្រើន ដែលនេះអាចជាមូលហេតុនៃជំងឺក្រពះ និងការចាល់អាស៊ីតនៅពេលអនាគត លើសពីនេះទៀតប្រសិនបើរោគសញ្ញាកាន់តែធ្ងន់ធ្ងរ ក៏អាចប្រឈមនឹងជំងឺមហារីកក្រពះផងដែរ។
៣.ហើមពោះ៖ មូលហេតុចម្បងនៃការហើមពោះ គឺដោយសារការជ្រើសរើសអាហារដែលមានប្រតិកម្មជាមួយនឹងប្រព័ន្ធរំលាយអាហារដូចជា អាហារដែលសម្បូរទៅដោយម្សៅ ស្ករ សាច់ ខ្លាញ់ និងការរួមបញ្ចូលនូវទម្លាប់នៃការញ៉ាំលឿនរបស់យើងផងដែរ។
៤.ជំងឺធាត់៖ ជាការពិតណាស់មនុស្សភាគច្រើនដែលញ៉ាំលឿនច្រើនតែជាអ្នកដែលមិនបានទំពាអាហារឱ្យបានហ្មត់ចត់ល្អ ដែលការទំពាអាហារមិនបានហ្មត់ចត់បែបនេះ នឹងធ្វើឱ្យអ្នកញ៉ាំច្រើនខុសធម្មតា ជាហេតុធ្វើឱ្យអ្នកមានជំងឺធាត់។

៥.ការពុលអាហារ៖ ៥ ទៅ ១០% នៃការពុលអាហារអាចកំណត់អត្តសញ្ញាណបានតាមរូបរាង រសជាតិ និងក្លិន ដោយអ្នកដែលញ៉ាំលឿននឹងស្គាល់រសជាតិ និងក្លិនអាហារតិចជាងមនុស្សធម្មតា ព្រោះតែប្រញាប់ញ៉ាំពេក ដូច្នេះកាលណាសមត្ថភាពយល់ឃើញទម្រង់ រសជាតិ និងក្លិនតិច ក៏អាចមានហានិភ័យខ្ពស់នៃការពុលអាហារផងដែរ៕










