ប្រទេសអ៊ីតាលី ៖ ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានបច្ចេកវិទ្យាអ៊ីតាលីបានផលិតឆ្កែយន្តឈ្មោះ VERO (Vacuum cleaner Equipped Robot) ដើម្បីប្រមូលកន្ទុយបារីនៅតាមទីសាធារណៈ ដោយការបំពាក់ម៉ាស៊ីនបូមធូលីនឹងជើងរបស់វា ។ ឆ្កែយន្តអាចដើរបណ្តើរ ធ្វើការបណ្តើរ តាមរយៈការប្រើប្រាស់ប្រព័ន្ធកាមេរ៉ា និងបច្ចេកវិទ្យាសិប្បនិម្មិត (AI) ។
ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានបច្ចេកវិទ្យាអ៊ីតាលីនិយាយថា ការផលិតឆ្កែយន្តនេះឡើង ដោយសារពួកគេមិនពេញចិត្តពេលឃើញមនុស្សម្នាបោះចោលកន្ទុយបារីនៅឆ្នេរសមុទ្រ និងបោះតាមកន្លែងចង្អៀតផ្សេងៗដែលពិបាកបោសសម្អាត ។ លើសពីនេះ កន្ទុយបារីជាច្រើនទៀតត្រូវបានគេបោះចោលក្នុងបំពង់បង្ហូរទឹកស្អុយ ហើយនៅទីបំផុត កន្ទុយបារីទាំងនេះបានហូរចូលក្នុងទឹកសមុទ្រធ្វើឱ្យប៉ះពាល់បរិស្ថានយ៉ាងខ្លាំង ។
ហេតុនេះ ក្រុមអ្នកស្រាវជ្រាវក៏បានផលិតឆ្កែយន្តនេះដើម្បីដោះស្រាយបញ្ហាសំរាមកន្ទុយបារីនៅទីសាធារណៈ ដោយការបំពាក់ម៉ាស៊ីនបូមធូលីនៅជើងរបស់វាសម្រាប់ឱ្យវាដើរបណ្តើរ ធ្វើការបណ្តើរ ។ រីឯប្រព័ន្ធកាមេរ៉ា និងបច្ចេកវិទ្យា AI ដែលបានបំពាក់ក្នុងឆ្កែយន្ត នឹងជួយឱ្យវាអាចដើរទៅមុខដោយខ្លួនឯង និងស្គាល់កន្ទុយបារីដើម្បីកម្ចាត់យ៉ាងមានប្រសិទ្ធភាព ។
ឆ្កែយន្តនេះអាចប្រមូលកន្ទុយបារីនៅតាមទីសាធារណៈរហូតដល់៩០% ហើយក្រៅពីការប្រមូលកន្ទុយបារី ឆ្កែយន្តនឹងកត់ត្រាទិន្នន័យពីបរិមាណសំរាមដែលបានបោះចោលនៅតាមកន្លែងនីមួយៗផងដែរ ។ នៅពេលវាជួបសំរាមធំៗជាងកន្ទុយបារី ដូចជា ៖ ដបទឹកបរិសុទ្ធ ឬប្រអប់ភីសា ឆ្កែយន្តនេះនឹងរាយការណ៍ពីទីតាំងសំរាមធំ ដើម្បីឱ្យមនុស្ស ឬគ្រឿងយន្តផ្សេងមកប្រមូលសំរាមជំនួសវា ។
នាថ្ងៃអនាគត ក្រុមអ្នកស្រាវជ្រាវនឹងអភិវឌ្ឍន៍បច្ចេកវិទ្យាឆ្កែយន្ត VERO ដើម្បីឱ្យវាអាចប្រមូលសំរាមធំៗបាន ដូចជា ៖ ដបទឹកបរិសុទ្ធ និងសំរាមផ្លាស្ទិក ។ បើតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក បង្ហាញថា ក្នុង១ឆ្នាំៗ មានកន្ទុយបារីត្រូវបានបោះចោលប្រមាណ៤លាន៥សែនលានដុំ ។ កន្ទុយបារីផ្ទុកនូវសារធាតុគីមីយ៉ាងច្រើន ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថានឆ្នេរសមុទ្រ, ត្រីសមុទ្រ និងប្រភពទឹកសាបផ្សេងៗ ។
ហេតុនេះ ឆ្កែយន្ត VERO នឹងអាចជួយប្រមូលកន្ទុយបារីយ៉ាងច្រើននៅតាមទីសាធារណៈ និងមឆ្នេរសមុទ្ររបស់ប្រទេសអ៊ីតាលី ដោយសារអ្នកជក់បារីបោះចោលផ្តេសផ្តាស និងមើលរំលងពីផលប៉ះពាល់បរិស្ថានបណ្តាលមកពីកន្ទុយបារី ៕










