ប្រទេសកាណាដា ៖ ចង្កឹះឈើប្រើប្រាស់រួចបានក្លាយជាសំរាមរហូតដល់ជាង១សែនចង្កឹះនៅទីក្រុង Vancouver ប្រទេសកាណាដា ទើបធ្វើឱ្យវិស្វករម្នាក់ដែលរស់នៅទីក្រុងមើលឃើញពីបញ្ហានេះ និងប្រមូលចង្កឹះឈើមកផលិតជាគ្រឿងសង្ហារិមប្រណីត ។ គំនិតថ្មីនេះបានក្លាយជាជម្រើសល្អមួយក្នុងការប្រើប្រាស់ធនធានដែលមិនបំផ្លាញបរិស្ថាន ។
វិស្វករអាល្លឺម៉ង់រស់នៅប្រទេសកាណាដា បានប្រមូលចង្កឹះឈើដែលប្រើប្រាស់រួចហើយមកផលិតជាគ្រឿងសង្ហារិមមិនប៉ះពាល់បរិស្ថាន និយាយថា ៖ «ក្នុងនាមខ្ញុំជាវិស្វករ ខ្ញុំចង់ពិសោធន៍ឱ្យមនុស្សគ្រប់គ្នាឃើញថា វត្ថុគ្មានតម្លៃដូចជាសំរាម ក៏អាចយកវាមកផលិតជាសម្ភារៈមានតម្លៃបានដែរ» ។
លោក Felix Bock ជាវិស្វករអាល្លឺម៉ង់រស់នៅទីក្រុង Vancouver មានគំនិតថ្មីមួយ គឺការប្រមូលចង្កឹះឈើប្រើប្រាស់រួចនៅតាមភោជនីយដ្ឋានផ្សេងៗក្នុងទីក្រុង ដែលស្មើនឹងជាង១សែនចង្កឹះក្នុង១ថ្ងៃ ដើម្បីផលិតជាគ្រឿងសង្ហារិមយ៉ាងស្រស់ស្អាត ។
ហេតុនេះ លោកក៏ចាប់ផ្តើមប្រមូលចង្កឹះឈើនៅតាមភោជនីយដ្ឋានផ្សេងៗជារៀងរាល់សប្តាហ៍ និងជំហានដំបូង លោកបានសាកល្បងយកវាមកផលិតជាទ្រនាប់កែវ និងជ្រុញ ។ នេះជាចំណុចចាប់ផ្តើមរបស់ ChopValue ជាក្រុមហ៊ុនផលិតគ្រឿងសង្ហារិមឈើប្រណីត ។
រយៈពេល៦០ឆ្នាំកន្លងមក តម្រូវការប្រើប្រាស់ចង្កឹះឈើបានកើនឡើងរហូតដល់៦០% នៅទូទាំងពិភពលោក ដែលធ្វើឱ្យការកាប់ដើមឈើកើនឡើង ស្របពេលតម្រូវការប្រើប្រាស់ចង្កឹះកើនឡើង ។ ដូច្នេះ ក្រុមហ៊ុនជាច្រើនបានជ្រើសរើសដើមឫស្សីមកផលិតជាចង្កឹះប្រើប្រាស់រួចបោះចោល ពីព្រោះវាជារុក្ខជាតិដុះលូតលាស់លឿន និងរឹងមាំ ប៉ុន្តែចង្កឹះឈើទាំងនេះ ក៏ក្លាយជាសំរាមពាសពេញពិភពលោក ។
លោក Felix Bock និយាយថា វត្ថុថ្មីដែលផលិតនេះមានភាពស្រស់ស្អាតដូចឈើនៅតំបន់ក្តៅ ហើយលោកសង្ឃឹមថា គ្រឿងសង្ហារិមប្រណីតផលិតពីចង្កឹះទាំងនេះ នឹងជួយលើកទឹកចិត្តដល់ជាងឈើផ្សេងៗឱ្យពិចារណាយកជម្រើសមាននិរន្តរភាព ចៀសវាងប្រើប្រាស់ធនធានធម្មជាតិព្រៃឈើមកផលិតជាគ្រឿងសង្ហារិមប៉ះពាល់បរិស្ថាន ។
ក្រុមហ៊ុន ChopValue បានយកសំរាមចង្ហឹះជាង១៥០លានចង្កឹះមកកែច្នៃឡើងវិញ ព្រមទាំងកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតទៅលើបរិយាកាសយ៉ាងច្រើន ។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានរោងចក្រផលិតគ្រឿងសង្ហារិមមិនប៉ះពាល់បរិស្ថាននៅប្រទេសចំនួន៩ ទៀតផង ។
វិស្វករអាល្លឺម៉ង់បញ្ជាក់ថា ៖ «ខ្ញុំសង្ឃឹមថា ថ្ងៃអនាគត ទីក្រុងទាំងអស់នឹងយកសំរាមមកកែច្នៃឡើងវិញ ជំនួសការដឹកជញ្ជូនសំរាមចេញពីទីក្រុង ពីព្រោះសំរាមមិនរលាយទៅណាទេ ។ ហេតុនេះ បើយើងអាចផលិតវត្ថុថ្មីមិនប៉ះពាល់បរិស្ថាន គឺយើងនឹងអាចផ្លាស់ប្តូរសំរាមឱ្យក្លាយជាធនធានថ្មី ដូចគ្នានឹងការផលិតទំនិញមានគុណភាពខ្ពស់» ៕










